គម្រោង​អភិវឌ្ឍ​លំនៅឋាន​សាធារណៈ​សម្រាប់​ជនក្រីក្រ នឹង​ចាប់ផ្តើម នៅ​ឆ្នាំ​២០១៦ នេះ​

ភ្នំពេញ: ​គម្រោង​នៃ​កម្មវិធី​សាងសង់ និង​អភិវឌ្ឍន៍​លំនៅឋាន របស់​រាជរដ្ឋាភិបាល សម្រាប់​អ្នកមាន​ចំណូល​មធ្យម ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ត្រូវបាន​លោក សារុន ឫទ្ធា អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ ត្រូវបាន​នាយកដ្ឋាន​លំនៅដ្ឋាន កំពុង​សិក្សា ហើយ​អាច​នឹង​ដំណើរការ​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៦ នេះ​។

​លោក សារុន ឫទ្ធា បាន​បន្តថា ក្នុង​ដំណើរការ​គម្រោង​សាងសង់​ផ្ទះល្វែង​នោះ ក្រសួង អាច​នឹង​ស្វែងរក​ដៃគូ​ឯកជន ដើម្បី​វិនិយោគ​។ ចំណែក​តម្លៃ​ផ្ទះល្វែង ដែល​រដ្ឋាភិបាល សាងសង់ សម្រាប់​លក់ ឬ​ជួល​នោះ នឹងត្រូវ​មានតម្លៃ​ថោក​ជាង​តម្លៃ​ផ្ទះល្វែង ដែល​ក្រុមហ៊ុន​ឯកជន សាងសង់​លក់​សព្វថ្ងៃ​។ ពោលគឺ​បើសិនជា​ផ្ទះ ១​ល្វែង នៅ​បុរី​នានា​របស់​ក្រុមហ៊ុន​ឯកជន លក់​សព្វថ្ងៃ ថ្លៃ ៣ ឬ ៤ ម៉ឺន​ដុល្លារ គឺ​ផ្ទះល្វែង​របស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៦​នេះ ត្រូវ​លក់​ក្រោម​តម្លៃ​នោះ ហើយ​មានការ​អនុគ្រោះ​ចំពោះ​ជនក្រីក្រ ដូចជា ការបង់​រំ​លោះ ដោយ​ការប្រាក់​ទាប ឬក៏​មិន​យកការប្រាក់​តែម្តង​។​

​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ខណៈដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​លើកឡើងថា ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឯកជន​មួយចំនួន បាន​យកឈ្មោះ “​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ​” មកប្រើប្រាស់​ក្នុង​គម្រោង​អភិវឌ្ឍ​របស់ខ្លួន ដែល​នាំ​ឲ្យ​សាធារណជន មានការ​ភ័ន្តច្រឡំ ថា​ជា​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា "​គម្រោង​អភិវឌ្ឍ "​លំនៅឋាន​សាធារណៈ​" ជាការ​អភិវឌ្ឍ​លំនៅឋាន ដែល​បាន​គណនា ទៅតាម​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ អាចមាន​លទ្ធភាព​ទទួល​បាន​លំនៅឋាន​សមរម្យ ដែល​អាច​រស់​នៅបាន​ប្រកបដោយ​សុខុមាលភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ តាមរយៈ​ការទិញ និង​/​ឬ​ជួល ក្នុងតម្លៃ​ទាប​សមស្រប​ជាមួយនឹង​ប្រាក់ចំណូល និង​តាមរយៈ​វិធី​បង់​រំលស់​ផ្សេងៗ​"​។​

​សេចក្តីប្រកាស បាន​គូសបញ្ជាក់ថា "​គ្រប់​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ ដែល​អាច​ប្រើប្រាស់​ឈ្មោះ​ជា "​លំនៅឋាន​សាធារណៈ​" បាន លុះត្រាតែ​មានការ​បញ្ជាក់​ពី​រាជរដ្ឋាភិបាល ដោយ​ផ្អែកលើ​បទដ្ឋាន​បច្ចេកទេស​លំនៅឋាន​សាធារណៈ​។ ដោយឡែក គម្រោង​អភិវឌ្ឍ​នានា ដែល​បាន និង​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឯកជន​នោះ ពុំមែន​ជា​គម្រោង​អភិវឌ្ឍ "​លំនៅឋាន​សាធារណៈ​" ដែលមាន​ការបញ្ជាក់​ពី​រាជរដ្ឋាភិបាល តាម​បទដ្ឋាន​បច្ចេកទេស​លំនៅឋាន​សាធារណៈ​នោះឡើយ​"​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ពិធី​ប្រគល់​វិញ្ញាបនបត្រ ស្តីពី ការអភិវឌ្ឍ​លំនៅឋាន​មានតម្លៃ​សមរម្យ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ លោក ប៉េង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងថា ក្រសួង តាមរយៈ​នាយកដ្ឋាន​លំនៅឋាន ដែល​ទើប​បង្កើត​ថ្មី គ្រោង​សាងសង់ និង​អភិវឌ្ឍ​លំនៅឋាន​ក្នុងតម្លៃ​សមរម្យ ដើម្បី​ដាក់លក់ និង​ជួល​ដល់​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ​ទូទាំងប្រទេស​។​

​លោក ប៉េង​ហុង សុជាតិ​ខេ​ម​រ៉ូ បាន​លើកឡើងថា គម្រោង​នៃ​កម្មវិធី​សាងសង់ និង​អភិវឌ្ឍន៍​លំនៅឋាន​នេះ គឺ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​សេវា​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​គម្រោង​លំនៅឋាន​លក់​ផ្តាច់ និង​គម្រោង​លំនៅឋាន​សម្រាប់​ជួល ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្រោម​ខ្សែបន្ទាត់​ក្រីក្រ ១៨ ភាគរយ នៃ​ពលរដ្ឋ​កម្ពុជា​សរុប​។

​លោក ប៉េង​ហុង សុជាតិ​ខេ​ម​រ៉ូ បាន​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ផ្តល់​សេវា​លំនៅឋាន​នេះ នាយកដ្ឋាន​លំនៅឋាន បានរៀបចំ​នូវ​ផែនការ​ចំនួន ៤ រួមមាន ទី ១ ការរៀបចំ​ការងារ ពាក់ព័ន្ធ​នឹង​បញ្ញត្តិ​លំនៅឋាន តាមរយៈ​ការកសាង​សមត្ថភាព​ដល់​មន្ត្រី ទី ២ ការបង្កើត​មូលនិធិ​សម្រាប់​លំនៅឋាន ទី ៣ ការរៀបចំ​បទដ្ឋាន​លំនៅឋាន សម្រាប់​ប្រជាពលរដ្ឋ និង​ទី ៤ ការអនុវត្ត​គម្រោង​សាកល្បង​។ បច្ចុប្បន្ន​កម្ពុជា បាន​ទាក់ទាញ​វិនិយោគិន មក​ធ្វើការ​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​យ៉ាងច្រើន ប៉ុន្តែ​ការវិនិយោគ​​លើ​បុរី​ផ្ទះល្វែង និង​ខុន​ដូ​នោះ ច្រើន​ផ្តោត​តែ​លើ​លំនៅឋាន សម្រាប់​អ្នក​ដែលមាន​ចំណូល​ខ្ពស់​។ ចំណែក​ការវិនិយោគ​លើ​លំនៅឋាន សម្រាប់​អ្នកមាន​ចំណូល​មធ្យម និង​ទាប នៅ​ពុំមាន​សកម្មភាព​ផុសផុល​នៅឡើយ​៕​