អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផាកពិន័យ​ពលករ​បរទេស គ្មាន​ប័ណ្ណ​ការងារ​បាន​ជាង ២៤ ម៉ឺន​ដុល្លារ​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការងារ​ត្រួតពិនិត្យ​ហត្ថ​ពលករ​បរទេស របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការងារ​ធ្វើ​អធិការកិច្ច​ពលកម្ម​បរទេស​ក្នុងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ក្រុមការងារ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​បាន​ចំនួន ២.៦៦៥ គោលដៅ ពលករ​បរទេស សរុប​ចំនួន ១៨.៧៩២ នាក់​(​ស្រី​៦៥៣០​នាក់​) រួមមាន ៦៨ សញ្ជាតិ គ្មាន​ប័ណ្ណ​ការងារ​ចំនួន ១៩៣០ នាក់ សរុប​ទឹកប្រាក់​ផាកពិន័យ​ចំនួន ៩៦៥.០០០.០០០​រៀល (​គិត​ជា​ដុល្លារ ២៤១.២៥០​ដុល្លារ​)​។​

​លោក​បន្តថា តាមរយៈ​ការត្រួតពិនិត្យ​ពលករ​បរទេស បាន​ជំរុញ​ឲ្យ​ពលករ​បរទេស​ជាច្រើន បាន​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា ដោយបាន​ទៅធ្វើ​ប័ណ្ណ​ការងារ នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​ប្រមាណ ៥.០០០ នាក់ និង​នៅក្នុង​ឆ្នាំ​២០១៥ មាន​ពលករ​បរទេស​ទៅធ្វើ​ប័ណ្ណ​ការងារ និង​បង់​ថវិកា​ក្នុង​ម្នាក់​ច​ចំនួន ១០០ ដុល្លារ បាន​កើនឡើង​រហូតដល់​ជាង ៣​ម៉ឺន​ន​នាក់​។​

​របាយការណ៍​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​សន្និបាត​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦៕​