ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ សិង្ហ​បុរី​បាន​រក្សា​តំណែង​ចំណាត់ថ្នាក់​ទី​២ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​នៃ​បណ្តា​ប្រទេស​កំពូល​ទាំង​១០ លើ​ការ​ប្រកួតប្រជែង​ទេព​កោសល្យ​សកល ហៅ​កាត់​ថា GTCI ជា​ការ​សិក្សា​ស្ដង់ដា ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ធនធានមនុស្ស​របស់​ប្រទេស​នីមួយ​ៗ ។

ការ​សិក្សា​ប្រចាំឆ្នាំ​ដែល​បាន​ចេញផ្សាយ​ពី​ការ​ប្រកួតប្រជែង​នៃ​ប្រទេស​នីមួយ​ៗ ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​គុណភាព និង​ទេព​កោសល្យ ដែល​ប្រជាពលរដ្ឋ​ប្រទេស​ទាំងនោះ​មាន ។ ការ​សិក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន Adecco Group និង​វិទ្យា​ស្ថានភាព​ជា​អ្នកដឹកនាំ​សិង្ហ​បុរី ។

សិង្ហ​បុរី​បាន​ទទួល​ពិន្ទុ​ខ្ពស់​ដោយសារ​តែ​ប្រទេស​នេះ​មាន​សមត្ថភាព​ទាក់ទាញ​ការ​វិនិយោគ និង​រក្សា​នូវ​ទេព​កោសល្យ​របស់​ខ្លួន ដែល​បាន​បើក​ជំហរ​ទៅ​លើ​វិស័យ​ជំនួញ និង​មានគុណ​ភាព​ជីវិត​ខ្ពស់ ។

ទោះជា​យ៉ាងណា ស​ន្ទ​ស្សន៍​នៃ​ជនអន្តោប្រវេសន៍​បង្ហាញ​ថា នៅ​មាន​ប្រតិបត្តិការ​ទាប​។ ការ​សិក្សា​បង្ហាញ​ទៀត​ថា សិង្ហ​បុរី​មានឱកាស​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍន៍​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នូវ​វិជ្ជាជីវៈ​មុខរបរ ។

ក្នុង​របាយការណ៍​បង្ហាញ​ថា ភាព​ទាក់ទាញ​របស់​សិង្ហ​បុរី​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ បាន​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ពី​បណ្តា​ប្រទេស​ជិតខាង​ក្នុង​ប៉ុ​ន្មា​ន​ឆ្នាំ​ថ្មី​ៗ​នេះ​រួម​មាន ប្រកួតប្រជែង​លើ​ការ​ពង្រីក​បណ្តាញទូរស័ព្ទ​ចល័ត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។ ជាង​នេះ​ទៀត គោលនយោបាយ​រឹត​បន្តឹង​អន្តោប្រវេសន៍ និង​កំណើនសេដ្ឋកិច្ច​យឺត បាន​ក្លាយជា​ឧបសគ្គ​ផ្ទួន​ៗ​សម្រាប់​មហិច្ឆតា​នៃ​ការ​ទាក់ទាញ​ទេព​កោសល្យ​របស់​ប្រទេស​នេះ ។

ទោះបីជា​សិង្ហ​បុរី​នៅ​តែ​បន្ត​តំណែង​ជា​ប្រទេស​ដែល​មាន​ធនធានមនុស្ស​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់​ក្តី ក៏​សិង្ហ​បុរី​ចាំបាច់​ត្រូវ​សម្លឹង​មើល​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​ដែល​មានឱកាស​ការងារ​ស្រ​ដៀង​គ្នា​ដូច​ជា ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន ជាដើម ។

នាយក​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថានភាព​ជា​ដឹកនាំ​ធនធានមនុស្ស លោក Wong Su-Yen បាន​មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​ត្រូវ​ចាំ​ទុក​ថា គឺ​គ្មាន​ភាព​អចិន្ត្រៃយ៍​ឡើយ​ទៅ​លើ​ការ​ប្រកួតប្រជែង​ទេព​កោសល្យ​សម្រាប់​ប្រទេស​នីមួយ​ៗ និង​មនុស្ស​ដែល​មាន​ទេព​កោសល្យ​នេះ​ទៀត​សោត​អាច​នឹង​ស្វែងរក​ឱកាស​ការងារ​ថ្មី​ៗ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​លើ​សកលលោក​ផង​ដែរ » ។

ចំណែក​លោក Bruno Lanvin នាយក​ប្រតិបត្តិ​នៃ​ស​ន្ទ​ស្សន៍​សកល​នៃ​សាលា​ពាណិជ្ជកម្ម​សកល Insead និង​ជានា​យក​និពន្ធ​នៃ​របាយការណ៍​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា ៖ « ប្រទេស​ទាំងឡាយ​ត្រូវ​តែ​មាន​ជំនាញ​គ្រប់គ្រង​លើ​ការ​រួម​បញ្ចូល​គ្នា​នៃ​មនុស្ស​ដែល​មាន​សក្តានុពល  ។ ខណៈ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៃ​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ទាំងនោះ ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ត្រូវ​បាត់បង់​សម្រាប់​ប្រទេស​ក្នុង​តំបន់ ហើយ​ពួក​គេ​អាច​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ » ៕