ជ័យ វណ្ណៈ ប៉ះ ឈាន រស្មី លើសង្វៀន TIFFY ARENA នាល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរ លក្ខណៈ មិត្តភាព និងដណ្តើមពានរង្វាន់ ជើងឯកស៊ីម៉ង់អូដ នៅ លើសង្វៀន TIFFY ARENA របស់ស្ថានីយ៍ទូរទស្សន៍ TV5 អ្នកប្រដាល់ ជ័យ វណ្ណៈ ក្លិបឃ្លាំងមឿង កីឡាខេត្តពោធិ៍សាត់ ប្រកួតជាមួយអ្នកប្រដាល់ ឈាន រស្មី ក្លិបរាជសីហ៍ខេត្តរតនគីរី ក្នុងប្រភេទម្ងន់ ៦០ គ.ក្រ រីឯអ្នកប្រដាល់ ប្រាក់ ស៊ីណាត ក្លិ តាឯកដំបងដែក មានរិទ្ធខេត្តព្រៃវែង ប៉ះអ្នកប្រដាល់ រិទ្ធ ប្រាក់ប៊ិន ក្លិបកងពលតូចលេខ ៧០ ក្នុងប្រភេទម្ងន់ ៥៤ គ.ក្រ នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។

អ្នកប្រដាល់ ឈាន រស្មី ស្នៀតខ្លាំងរបស់គេគឺ កណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជាអ្នកប្រដាល់ មានចិត្តប្រដាល់ធំកម្លាំង សម្រុកខ្លាំងថែមទៀត។ បើតាមក្រុមអ្នកវិភាគប្រដាល់ ភាគច្រើនអះអាងថា សម្រាប់ការ ប្រកួតនេះ ឈាន រស្មី មានសង្ឃឹមឈ្នះ ច្រើនជាង បើទោះជាពួកគេជាអ្នកប្រដាល់ ជើងចាស់ដូចគ្នាក៏ដោយ។ តែទោះជាយ៉ាងនេះក្តី ឈាន រស្មី មិនអាចមើលស្រាលចំពោះ ជ័យ វណ្ណៈ បានឡើយ ព្រោះថាបើភ្លាត់ឲ្យ ត្រូវកែងរបស់ វណ្ណៈ ក្នុងទឹកណាមួយនោះ ច្បាស់ជាយ៉ាប់មិន ខាន។ ចំណែកជ័យ វណ្ណៈ ជាអ្នកប្រដាល់ជើងចាស់ ដែលមានបទពិសោធន៍ ប្រកួតជាច្រើននៅលើសង្វៀន ហើយជ័យ វណ្ណៈមានតែស្នៀតជង្គង់ល្អ និងកែង ថែមទាំងជាអ្នក ប្រដាល់ចិត្តតូចទៀត។

ចំពោះអ្នកប្រដាល់ ២គូទៀតរួមមាន៖ អ្នកប្រដាល់ យ៉ាម ពន្លក ក្លិបរស្មីកុមារ កំព្រាប៉ះអ្នកប្រដាល់ ធន ដារ៉ា ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ក្នុងប្រភេទម្ងន់ ៦៣,៥ គ.ក្រ និងអ្នកប្រដាល់ សាន ឡាក់ហាយ ក្លិបសុភានូមានជ័យ ជួបជាមួយអ្នកប្រដាល់ ទុំ សុខឡេង ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទម្ងន់ ៤៨ គ.ក្រ ៕

ជ័យ វណ្ណៈ ប៉ះ ឈាន រស្មី លើសង្វៀន TIFFY ARENA នាល្ងាចថ្ងៃសៅរ៍