លោក ជា មុនី គំរាមដឹកនាំកម្មករធ្វើបាតុកម្ម បើរាជរដ្ឋាភិបាល នៅតែរកឃាតក សម្លាប់លោក ជា វិជ្ជាមិនឃើញ

ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោក ជា វិជ្ជា បានគំរាមដឹក នាំកម្មករ និយោជិត និងប្រជាពលរដ្ឋធ្វើបាតុកម្ម បើសិនជារាជរដ្ឋាភិបាល កម្ពុជា នៅតែវែកមុខរកឃាតករមិនឃើញ ក្នុងករណីសម្លាប់លោក ជា វិជ្ជា ដែលជាបងប្រុសបង្កើតរបស់ខ្លួន។

 ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ជិតវិមានឯករាជ្យ លោក ជា មុនី បានលើកឡើងថា មានកម្មករ កម្មការិនី ប្រមាណ ៥០ ទៅ៦០ម៉ឺននាក់ ជាអ្នកគាំទ្រសហជីព និងស្រឡាញ់លោក ជា វិជ្ជា ដោយសារតែគាត់ បានកែប្រាក់បៀ វត្សរបស់កម្មករ ពី៣៧ដុល្លារ ក្នុងឆ្នាំ១៩៩៥ រហូតមកដល់ ១៤០ដុល្លារ នៅឆ្នាំ២០១៦នេះ ហើយបន្តបង្កើន តទៅទៀតនេះជាមរតករបស់លោកជា វិជ្ជា។

 លោក បានបន្តថា “ដូច្នេះ បើសិនជារាជរដ្ឋាភិបាលគាត់អត់ស្វែងរកឃាតករទេ នោះកំហឹងរបស់កម្មករ កម្មការិនី អាណាព្យាបាលរបស់កម្មករ កម្មករិនី ប្រជាពលរដ្ឋគេនឹងងើបបះបោតវ៉ា យ៉ាងណាមិញ ប្រទេសណាក៏ដោយ មាននិទណ្ឌភាពអីចឹងបានទេ អីចឹងត្រូវតែរកឃាតករ”។

 តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងថា រយៈពេល ១២ឆ្នាំហើយ ឃាតក និងអ្នកនៅពីក្រោយ ខ្នងហាក់បីដូចជាឋិតនៅក្នុងភាពអាថ៌កំបំាង ដែលមិនទាន់បានវែកមុខទាល់តែសោះ ភាពអាថ៌កំបាំងនេះ បានធ្វើឲ្យមតិសាធារណជាតិ និងអន្តរជាតិ មានការសង្ស័យទៅលើអ្នកនៅក្នុងជួរ រាជរដ្ឋាភិបាល។

 លោក បានបន្តថា “ក្នុងនាមខ្ញុំជាអ្នកតំណាងរាស្ត្រ ខ្ញុំសុំឲ្យរាជរដ្ឋាភិបាលត្រូវតែជំរុញ ដើម្បីថ្វើការស៊ើបអង្កេត វែកមុខឃាតក និងអ្នក នៅក្រោយខ្នងឃាតករ ដើម្បីរកយុត្តិធម៌ជូនលោក ជា វិជ្ជា គ្រួសារលោក ជា វិជ្ជា និងកម្មករទាំងអស់ ដែលកំពុងរងចាំរយៈពេល ១២ឆ្នាំមកហើយ”។

 សូមបញ្ជាក់ថា លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករ ត្រូវបានឃាតក បានបាញ់សម្លាប់កាល ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅក្បែរតូបលក់កាសែត ជាប់របងវត្តលង្ការ រាជធានីភ្នំពេញ ប៉ុន្តែ រហូតមក ដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់វែកមុខ ឃាតកឃើញ នៅឡើយទេ ហើយបញ្ហានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតស្វែងរកឃាតករផងដែរ៕