រំលោភក្មួយស្រីអាយុ ១៣ឆ្នាំ គេចខ្លួនបាន ពីរឆ្នាំ ត្រូវនគរបាល ខេត្តកំពង់ឆ្នាំង ស្រាវជ្រាវតាមចាប់បាន

កំពង់ឆ្នាំង៖ជនសង្ស័យរំលោភក្មួយស្រីអាយុ ១៣ឆ្នាំ  រួចគេចខ្លួនអស់រយៈពេលពីរឆ្នាំ ត្រូវបាននគរបាល ខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនដល់ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីគេចខ្លួនក្រោយ ពេលធ្វើសកម្មភាព កាលពីអំឡុងខែមករា ឆ្នាំ២០១៣ នៅភូមិក្រចាប់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ គ្រៀល គ្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្រចាប់ ឃុំព្រៃមូល ស្រុករលាប្អៀរ  ហើយបានគេចខ្លួនទៅស្នាក់នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា កាលពីអំឡុងខែមករា ឆ្នាំ២០១៣ បុរសរូបនោះបានចាប់រំលោភ ក្មួយស្រីសាច់ថ្លៃ ខាងប្រពន្ធរបស់ខ្លួន មានអាយុ ១៣ឆ្នាំ ពេលដែលក្មួយស្រី បានមករស់នៅជាមួយខ្លួន។ ក្រោយមករឿងនេះ បានបែកការដល់ប្រពន្ធ ដែលត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះ ហើយក៏ដាក់ពាក្យប្តឹង ដល់សមត្ថកិច្ច និង បានចាត់ការជាបន្តបន្ទាប់ដល់តុលាការខេត្ត  ប៉ុន្តែបុរសរូបនោះ បានរត់គេចខ្លួនចោលប្រពន្ធ និងកូន ទៅមានប្រពន្ធថ្មីទៀត  និងរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

សំណុំរឿងចាប់រំលោភក្មួយស្រី នៅក្នុង សាលាដំបូងខេត្ត ហើយបានចេញដីការបង្គាប់ ឲ្យចាប់ខ្លួនជនល្មើស នៅឆ្នាំ២០១៤   ប៉ុន្តែពេលនោះ មិនបានដឹងថា ជនសង្ស័យគេចទៅលាក់ខ្លួននៅកន្លែងណានោះទេ   ទើបតែ ថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះ បានដឹងថា គ្រៀល គ្រី នេះ បានទៅលាក់ខ្លួននៅស្រុកក្នុងស្ទោង ខេត្តកំពង់ធំ ទើបត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត  បានសហការជាមួយនគរបាល ខេត្តកំពង់ធំ  តាមចាប់ខ្លួន បាននៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ហើយបានបញ្ជូនមកដល់ស្នងការ នគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦  និងបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត សម្រេចឃុំខ្លួនក្នុង ពន្ធនាគារខេត្ត នៅល្ងាចថ្ងៃទី២១ ខែមករាឆ្នាំ២០១៦នេះតែម្តង៕

រំលោភក្មួយស្រីអាយុ ១៣ឆ្នាំ គេចខ្លួនបាន ពីរឆ្នាំ ត្រូវនគរបាល ខេត្តកំពង់ឆ្នាំង ស្រាវជ្រាវតាមចាប់បាន