រំលោភ​ក្មួយ​ស្រី​១៣​ឆ្នាំ រួច​គេចខ្លួន​ទៅ​នៅ​ខេត្តកំពង់ធំ​បាន​២​ឆ្នាំ ត្រូវ​នគរបាល​ខេត្តកំពង់ឆ្នាំង​តាម ចាប់​ញាត់​ពន្ធនាគារ​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់ ចាប់រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​អាយុ​១៣​ឆ្នាំ ក្នុងអំឡុង​ខែមករា ឆ្នាំ​២០១៣ នៅ​ភូមិ​ក្រចាប់ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយ​រត់គេចខ្លួន​អស់​រយៈពេល​២​ឆ្នាំ អំពើ​បាប​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ឆ្នាំង តាម​ស៊ើប​ចាប់ខ្លួន​ដល់​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​យកមក​ញាត់​គុក​ខេត្តកំពង់ឆ្នាំង ។

លោក​វរសេនីយ៍ត្រី ស្រី សុ​ដា នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថា​៖ ជនល្មើស​រូបនោះ​មានឈ្មោះ គ្រៀល គ្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ហើយ​បានគេច​ខ្លួន​ទៅសម្ងំ​ស្នាក់នៅ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ ។

​លោក​បាន​បន្តថា​៖ កាលពី​ខែមករា ឆ្នាំ​២០១៣ បុរស​រូប​នោះបាន​ចាប់រំលោភ ក្មួយ​ស្រី​សាច់ថ្លៃ​ខាង​ប្រពន្ធ​របស់ខ្លួន​មាន​អាយុ​១៣​ឆ្នាំ ពេលដែល​ក្មួយ​ស្រី​បានមក​រស់នៅ​ជាមួយ​ខ្លួន​។ ក្រោយមក​រឿងនេះ បាន​បែកការ​ដល់​ប្រពន្ធ​ដែល​ត្រូវជា​ម្តាយមីង​ក្មេងស្រី​រងគ្រោះ ហើយក៏​ដាក់ពាក្យ​ប្តឹង ដល់​សមត្ថកិច្ច និង​បាន​ចាត់ការ​ជា​បន្តបន្ទាប់​ដ​ល់​តុលាការខេត្ត ប៉ុន្តែ​បុរស​រូប​នោះបាន​រត់គេចខ្លួន​ចោល​ប្រពន្ធ និង​កូន ទៅ​មាន​ប្រពន្ធ​ថ្មី​ទៀត និង​រស់នៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ ។

សំណុំរឿង​ចាប់រំលោភ​ក្មួយ​ស្រី នៅក្នុង​ដៃ​តុលាការខេត្ត ហើយ​បានចេញ​ដីការ​បង្គាប់​អោយ​ចាប់ ខ្លួន​ជនល្មើស​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​ពេលនោះ​មិនបាន​ដឹងថា​ជនល្មើស​គេច​ទៅ​លាក់ខ្លួន​នៅ​កន្លែង​ណា នោះទេ ទើបតែ​ថ្មីៗ​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បានដឹងថា​បុរស​ខាងលើ​បាន​ទៅ​លាក់ខ្លួន​នៅ​ស្រុក ក្នុង​ស្ទោង ខេត្តកំពង់ធំ​។ ទើបត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ធំ តាម​ចាប់ខ្លួនបាន​នៅ​រសៀល ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ហើយ​បាន​បញ្ជូន​មកដល់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៦ និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នេះ​តែម្តង គឺ​អំពើ​ដែល​គេ​ធ្វើ​អ្វី និង​ប្រាកដជា​ទទួលផល​នោះ​គ្រាន់តែ​យូរ និង​ឆាប់​តែប៉ុណ្ណោះ​៕ រិ​ទ្ធិ ជ័យ​ ​

KA-22-01-2016-02