កូរ៉េខាងត្បូងប្ដេជ្ញា បន្ថែមសម្ពាធលើ កូរ៉េខាងជើងឲ្យ បោះបង់នុយក្លេអ៊ែរ

សេអ៊ូល៖ នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលកូរ៉េ ខាងត្បូង បានធ្វើការប្ដេជ្ញាបន្ថែមសម្ពាធ ដើម្បី ជាការឆ្លើយតបទៅនឹង កម្មវិធីនុយក្លេអ៊ែរ ដ៏គឃ្លើនរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០១៦ នេះ បន្ទាប់ ពី ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ត សាកល្បងគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តី ការបរទេស ការពារជាតិ និងបង្រួបបង្រួមជាតិ ស្ដីពីទិសដៅគោលនយោបាយ របស់ខ្លួនក្នុង ឆ្នាំ២០១៦ ដែលផ្តោតសំខាន់លើដំណោះស្រាយបញ្ហានុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង តាម រយៈការដាក់ទណ្ឌកម្ម និងសម្ពាធកាន់តែខ្លាំង ជាជាងការសន្ទនា និងការពិគ្រោះយោបល់គ្នា។

ភាពតានតឹង និងកាន់តែច្របូកច្របល់នៅលើឧបទ្វីបកូរ៉េ ក្រោយពីប្រទេសកូរ៉េខាងជើង បាន ធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ (គ្រាប់បែកអ៊ីដ្រូសែន) កាលពីថ្ងៃទី០៦ ខែមករា ដើមឆ្នាំ ២០១៦ ដែលនោះជាការធ្វើតេស្តនុយក្លេអ៊ែរលើកទី៤ ហើយក្នុងប្រទេសកូរ៉េខាងជើង និងជា លើកទី២ ចាប់តាំងពីថ្នាក់កំពូលលោក គីម ចុងអ៊ុន ឡើងកាន់អំណាចក្នុងឆ្នាំ២០១១៕

កូរ៉េខាងត្បូងប្ដេជ្ញា បន្ថែមសម្ពាធលើ កូរ៉េខាងជើងឲ្យ បោះបង់នុយក្លេអ៊ែរ