លោក ចាន់ វ៉ាន់​ធឿន ផ្ដល់​អំណាច​ឲ្យ​លោក អ៊ុំ វណ្ណា កាន់តែខ្លាំង​លើស​មុន​ទៅទៀត​

​លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​លើ្ម​ស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​កន្លងមក​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើ​សេដ្ឋកិច្ច​៥​រាជធានី​-​ខេត្ត គឺ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​នោះ ធ្លាប់​ល្បីឈ្មោះ​យ៉ាងខ្លាំង​ក្នុងការ​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​។ ប្រភពពី​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក អ៊ុំ វណ្ណា កន្លងមក​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​និង​បទល្មើស​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ជាដើម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​លោក អ៊ុំ វណ្ណា និង​បក្ខពួក​។ ឥឡូវនេះ​នៅពេល​លោក ចាន់ វ៉ាន់​ធឿន ឡើងកាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានផ្ដល់​សិទ្ធិអំណាច​ដល់​លោក អ៊ុំ វណ្ណា កាន់តែខ្លាំង​ជាមុន​ទៅទៀត​។

​តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​បន្ទាប់ពី លោក ចាន់ វ៉ាន់​ធឿន ឡើង​ធ្វើជា​ប្រធាន​នាយកដ្ឋាន​នេះ គឺ​លោក អ៊ុំ វណ្ណា នៅតែមាន​តំណែង​ជា​អនុប្រធាន​ដូច​មុន​ដដែល​។ លើស​នេះ​ទៅទៀត​ក្នុងនាម​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក អ៊ុំ វណ្ណា ត្រូវ​ទទួលបន្ទុក​៥​ខេត្ត គឺ​កំពង់ធំ ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​មណ្ឌលគិរី ដែល​សុទ្ធតែជា​ខេត្ត​សំបូរ​ទៅដោយ​បទល្មើស​ព្រៃឈើ​យ៉ាង​រាលដាល​។ ដូច្នេះ​លោក អ៊ុំ វណ្ណា និង​បក្ខពួក​ដែលមាន​គ្នីគ្នា​រាប់សិប​នាក់​អាច​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ខ្លាំង​ជាមុន​ទៅទៀត​។​

​មន្ត្រីនគរបាល​ដែល​ស្និទ្ធ​នឹង​លោក អ៊ុំ វណ្ណា បាន​ឲ្យ​ដឹងថា ដោយសារ​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទទួលបន្ទុក​៥​រាជធានី​-​ខេត្ត នាពេល​កន្លងមក លោក អ៊ុំ វណ្ណា បានក្លាយ​ទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​មិន​ចាញ់​សេដ្ឋី​នានា​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុំ វណ្ណា បាន​សាងសង់​ភូមិគ្រឹះ​ដ៏​ប្រណីត​មួយ​នៅជាប់​មាត់ទន្លេ​ក្រោម​វត្ត​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ហើយ​នៅក្នុង​ភូមិគ្រឹះ​នោះ លម្អ​ទៅដោយ​គ្រឿង​សង្ហា​រឹម​ពី​ឈើ​ប្រណីត​មានតម្លៃ​លំដាប់​សេដ្ឋី​តែម្តង​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ដែល​លេច​ឮថា ចាត់តាំង​ឲ្យ​លោក អ៊ុំ វណ្ណា ទទួលបន្ទុក​៥​ខេត្ត គឺ​ខេត្តកំពង់ធំ ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​មណ្ឌលគិរី គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ុំ វណ្ណា ផងដែរ​ព្រោះ​កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ វណ្ណា ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចទៅហើយ​៕

311លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច