លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​មេខ្លោង​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា លោក ស ថា​វី ជា​អភិបាលខេត្ត គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​យក​លោក ស ថា​វី ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ មិនសូវ​ហ៊ាន​បង្ក្រាប​បទល្មើស​នេះ​ទេ​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ ព្រោះ​លោក ស ថា​វី ល្បីល្បាញ​រឿង​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ជា​យូរ​មកហើយ​។

​ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ដោយសារតែ​លោក ស ថា​វី ជាប់​ពាក់ព័ន្ធ​រឿង​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់ ទើប​មានការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យ៉ាង​ពេញបន្ទុក​។ កន្លងមក​ទាហាន​សៀម​ការពារ​ព្រំដែន​តែងតែ​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​របស់គេ ហើយ​លោក ស ថា​វី ក្នុងនាម​ជា​អភិបាលខេត្ត​ឧត្ដរមានជ័យ មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​កាប់​ឈើ​គ្រញូង​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ជាន់ខ្ពស់ ដែល​នៅ​ពីក្រោយ​ខ្នង​ឈើ​គ្រញូង​ប្រឡាក់​ឈាម គឺ​លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះហើយ ព្រោះ​ឈ្មួញ​ដទៃទៀត​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ស ថា​វី ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មានការ​សង្ស័យថា ប្រហែល​លោក ស ថា​វី ត្រូវការ​លុយ​យកទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍​លួចលាក់​ដែល​កំពុងមាន​ផ្ទៃពោះ ទើប​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​មិន​ខ្វល់​ពីបទ​បញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ហេតុនេះហើយ​ទើប​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវ​តម្រួតការពារ​ព្រំដែន​សៀម​បាញ់សម្លាប់​នៅតែ​កើតមាន​គួរ​រន្ធត់​៕

Sor Tavyលោគ ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ 12376390_875202162600931_8222637125325522352_n