ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​របស់ ហ៊ុន តូ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​នៅ​ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ករណី​ដែល​ការដ្ឋាន​យក​ថ្ម​របស់លោក ហ៊ុន តូ និង​ក្រុមហ៊ុន​ហ៊ិ​ច​សុន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​ការរស់នៅ​របស់​ពួកគាត់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​ក្នុង​ឃុំ​ធម្មតា​អរ បាន​ឲ្យ​ដឹងថា ការដ្ឋាន​យក​ថ្ម​របស់​ឧកញ៉ា ហ៊ុន តូ និង​ក្រុមហ៊ុន​ហ៊ិ​ច​សុន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក ជាពិសេស​បញ្ហា​សុខភាព ហើយ​ផ្លូវត្រូវ​ខូចខាត​ជា​បន្តបន្ទាប់​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា ហ៊ុន តូ ដែលមាន​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​នៅ​ភូមិ​កន្ទ្រង់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​រថយន្ត​ដឹក​ថ្ម​ធ្វើ​ឲ្យ​ដី​ហុយ​ទ្រលោម និង​សំឡេង​បំផ្ទុះ​យក​ថ្មភ្នំ​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​របស់​ឧកញ៉ា ហ៊ុន តូ បាន​បើកបរ​ឆ្លងកាត់​ផ្លូវ​ដែល​ពួកគាត់​ធ្វើ​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​ធ្វើ​ឲ្យ​ធូលី​ដី​ហុយ​រក​ដកដង្ហើម​មិន​រួច​។ ការដ្ឋាន​យក​ថ្ម​របស់ ហ៊ុន តូ បាន​ហ៊ុមព័ទ្ធ​ភូមិ​ចំនួន​៤​នៅក្នុង​ឃុំ​ធម្មតា​អរ ហើយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុង​រង​ផលប៉ះពាល់​ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​លោក ហ៊ុន តូ និង​ក្រុមហ៊ុន​ហ៊ិ​ច​សុន​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ សូម្បីតែ​ព្រះសង្ឃ​គង់នៅ​វត្ត​វាល​ស្រី​ស្រណោះ ក៏បាន​មាន​សង្ឃដីកា​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​ក្រុមហ៊ុន​តែង​ប្រើ​រំសេវ​បំផ្ទុះ​យក​ថ្ម​មិនតិចជាង​៥​ដងនោះ​ទេ ហើយ​ពេល​បំផ្ទុះ​ម្តងៗ​លាន់ឮ​ខ្ទ័រ​មិន​ខុសពី​គ្រាប់ផ្លោង​ធំៗ​ធ្កា​ក់​នោះឡើយ​។ ជាងនេះទៅទៀត​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​នៅក្នុង​ភូមិ​កន្ទ្រង់ ត្រូវ​ខូចខាត​ដោយសារ​រថយន្ត​ដឹក​ថ្ម​ចេញពី​ភ្នំ​វាល​ស្រី​ស្រណោះ ជាច្រើន​គ្រឿង​ទាំងយប់​ទាំង​ថ្ងៃ​ធ្វើ​ឲ្យ​ដី​ហុយ​សំពោង​ប៉ះពាល់​ផ្លូវដង្ហើម​របស់​ប្រជាពលរដ្ឋ​កើត​ជំងឺ​សួត​ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ មិនដែល​គិតគូរ​ពី​ទុក្ខលំបាក​របស់​ពួកគាត់​ទេ ជាពិសេស​គឺ​មន្ទីរ​បរិស្ថាន​តែម្តង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ូ សំ​អួន ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​អេ​ច​ធី​ធី​ខេ របស់លោក ហ៊ុន តូ និង​ក្រុមហ៊ុន​ហ៊ិ​ច​សុន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​កាន់តែខ្លាំង​ឡើងៗ​៕

Ou Samaunលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ e9df705c-9e27-4771-b6d0-a0714fbc3f71ការដ្ឋានបំផ្ទុះភ្នំយកថ្មនៅភ្នំវាលស្រីស្រណោះ ស្រុកសំរោងទោង