ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ សព្វថ្ងៃ បើ​យើង​ក្រឡេក​មើល​ពី​ទីផ្សារ​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​ហាក់ដូចជា​ចង្អៀត​ទៅ​ហើយ អ្នកមាន​ការងារ​ត្រឹមត្រូវ និង​ច្បាស់លាស់ យ៉ាង​ហោច​ណាស់ ក៏​មាន​ទូរស័ព្ទ​ពីរ​គ្រឿងក្នុង​ដៃ​ដែរ ។ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យ​ថា នៅ​កម្ពុជា អ្នក​ប្រើប្រាស់​ទូរស័ព្ទ​មាន​រហូត​ដល់​ជាង​២០​លាន​នាក់ ខណៈ​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាជន​តែ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ ។ ទាក់ទង​នឹង​ទីផ្សារ​ទូរស័ព្ទ​នេះ​ដែរ បណ្ដា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ទូរស័ព្ទ​គ្រប់​ប្រភេទ​នៅ​កម្ពុជា បាន​ចាប់ផ្ដើម​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​នៅ​ក្រៅប្រទេស ដើម្បី​ពង្រឹងគុណភាព និង​ភាព​ងាយស្រួល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ដៃគូ​ផ្សេង​ៗ ។

ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ទូរស័ព្ទ​ដៃ​ម៉ាក iCall និង Vfone នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ជា តេ​កស្រុង បានឱ្យ​ដឹង​ថា ៖ « សព្វ​ថ្ងៃនេះ បើ​មើល​ពី​ស្ថានភាព​ទីផ្សារ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា វា​ហាក់ដូចជា​ចង្អៀត​បន្តិច​ហើយ ព្រោះថា​ម្នាក់​ៗ​ប្រើប្រាស់​ទូរស័ព្ទ​២​ទៅ​៣​គ្រឿង ហើយ​ទូរស័ព្ទ​ម៉ាក​ដដែល​ៗ ក៏​គេ​លែង​ប្រើ​ហើយ​ដែរ គេ​ត្រូវការ​ទូរស័ព្ទ​ដែល​មានការ​អភិវឌ្ឍ​ទាំង​គុណភាព រូបរាង និង​ប្រព័ន្ធ​ប្រតិបត្តិការ​ខាងក្នុង​ថា តើ​មាន​អ្វី​ពិសេស មាន​អ្វី​ដែល​ប្លែក​ពី​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ មុន​ៗ » ។

លោក​បន្ត​ថា ៖ « បច្ចុប្បន្ន ការ​ប្រកួតប្រជែង​ទីផ្សារ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​មមាញឹក​ខ្លាំង ជា​ពិសេស ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ។ ទោះជា​យ៉ាងណា អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ក៏​មិន​ចោល​ទូរស័ព្ទ​មួយ​ប្រភេទ​ទៀត​ដែល​អាច​មាន​សមត្ថភាព​រក្សា​ថាមពល​ថ្ម​បាន​យូរ និង​មានគុណ​ភាព​ខ្ពស់ សម្រាប់​រក្សា​ការ​ទាក់ទង​ក្នុង​ការងារ​ដែរ ។ អ្វី​ដែល​ពិសេស​នោះ គឺ​ទូរស័ព្ទ​ប្រភេទ​នោះ​មាន​តម្លៃ​ទាប ងាយស្រួល​ទិញ​ប្រើប្រាស់​ទៀត​ផង​។ នៅ​ក្នុង​ទីផ្សារ​កំពុង​តែ​មានការ​ប្រកួតប្រជែង​ខ្លាំង​នា​ពេល​នេះ មិន​ថា​តែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ទូរស័ព្ទ​ប្រើ​ប៊ូ​តុង​នោះ​ទេ បណ្ដា​ក្រុមហ៊ុន​នីមួយ​ៗ​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​រៀង​ៗ​ខ្លួន ដើម្បី​ឱ្យ​ការ​លក់​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​កាន់តែ​មាន​កំណើន​ឡើង » ។

លោក​បន្ថែម​ថា ៖ « ចំពោះ​ក្រុមហ៊ុន​យើង​វិញ យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួតប្រជែង​នោះ យើង​ផ្តោត​សំខាន់​ទៅ​គុណភាព សេវាកម្ម និង​តម្លៃ ។ ជា​ពិសេស បុគ្គលិក​ផ្នែក​លក់​ផ្ទាល់​របស់​យើង ក៏​ត្រូវ​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការ​លក់​ទូរស័ព្ទ​ដែរ ព្រោះថា​អ្នកលក់​ពូកែ មិនមែន​តែ​ពូកែ​និយាយ​ហើយ​មិនដឹង​ពី​លក្ខណៈ​របស់​ផលិតផល​នោះ​ទេ ។ ជាក់ស្ដែង អ្នកលក់​របស់​យើង​ត្រូវ​ចេះ​និយាយ និង​យល់​ដឹង​ពី​ការ​ប្រើប្រាស់ និង​បង្ហាញ​ជូន​អតិថិជន​នូវ​អ្វី​ដែល​អតិថិជន​ចង់​ដឹង និង​ពេល​អតិថិជន​សួរនាំ ។ ប៉ុ​ន្តែ​បើ​អតិថិ​ជន​សួរនាំ​ហើយ តែ​បុគ្គលិក​យើង​មិនដឹង​នោះ ធ្វើ​ម៉េច​អតិថិជន​អាច​ជឿជាក់​មក​លើ​ផលិតផល​របស់​យើង​បាន​ទៅ » ។

លោក​បញ្ជាក់​ថា ៖ « ផលិតផល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន iCall និង Vfone ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​នេះ មិន​សំដៅ​ទៅ​លើ​អតិថិជន​លំដាប់​ខ្ពស់ និង​ឡូយឆាយ​នោះ​ទេ គឺ​សំដៅ​ដល់​អតិថិជន​មាន​កម្រិតជីវភាព​មធ្យម និង​ល្មម​ៗ តែ​ចង់បាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម្រាប់​ប្រើប្រាស់​ក្នុង​បណ្ដាញ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក យូ​ធូប ឡាញ​ន៍ វត់ស៍​អាប់ និង​វី​ឆាត ជាដើម ព្រោះ​ទូរស័ព្ទ​របស់ iCall និង Vfone មាន​តម្លៃ​ទាប បើ​ធៀប​នឹង​ទូរស័ព្ទ​ដទៃ តែ​គុណភាព​មិន​ចាញ់​គេ​នោះ​ទេ » ។

ចំណែក​ខាង​ក្រុមហ៊ុនទូរស័ព្ទ Huawei វិញ បុគ្គលិក​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ៖ « តាម​ពិត ទីផ្សារ​ទូរស័ព្ទ​វា​ចង្អៀត​មែន​សម្រាប់​ទូរស័ព្ទ​មួយ​ទឹក និង​ទូរស័ព្ទ​ប្រើ​ប៊ូ​តុង​ចុច តែ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ គឺ​នៅ​តែ​មាន​ទីផ្សារ​ដដែល ។ ស្មា​ត​ហ្វូ​ន​ឥឡូវ​មិនសូវ​ថ្លៃ​ដូច​កាលពីមុន​ទេ អ្នកមាន​ចំណូល​ល្មម​ៗ ក៏​អាច​ទិញ​ស្មា​ត​ហ្វូ​ន​សម្រាប់​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​បាន​ដែរ ។ ជាក់ស្ដែង ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei ដែល​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន គឺ​មាន​តម្លៃ​ក្រោម​១០០​ដុល្លារ » ។

លោក​បន្ត​ទៀត​ថា ៖ « នៅ​ពេល​បច្ចុប្បន្ន ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា​មាន​ស្ថិរ​ភាពល្អ ប្រជាជន​មាន​ចំណូល​ច្រើន​ជាង​មុន និង​ធ្វើ​ឱ្យកំណើន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កាន់តែ​រីក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មិន​ថា​តែ​ទូរស័ព្ទ Huawei ឬ​ទូរស័ព្ទ​ដទៃ​ទៀត​ទេ ដែល​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​អ្នក​ប្រើប្រាស់​ចង់​សាក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នីមួយ​ៗ » ៕