លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង​មិន​ទប់ស្កាត់​បទល្មើស​ជីកដី​ភ្នំ​លក់​

លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​បាណន់​រិះគន់ថា មិន​ទប់ស្កាត់​ការជីក​ដីភ្នំ​លក់​ដែល​ការ​បណ្តែតបណ្តោយ​របស់​មន្ត្រី​ជំនាញ​កំពុងតែ​ធ្វើ​ឲ្យ​ភ្នំ​នៅក្នុង​ស្រុក​បាណន់​រង​ភាព​វិនាស​ហិនហោច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ភ្នំ​នៅក្នុង​ស្រុក​បាណន់​ត្រូវ​ឈ្មួញ​ជីក​យក​ដី និង​ថ្ម​លក់​យូរ​មកហើយ តែ​មន្ត្រី​ជំនាញ​នៅក្នុង​ខេត្តបាត់ដំបង​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ បើទោះជា​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​តា​គ្រាម បាន​លើកឡើងថា ភ្នំ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​កក់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​យក​ដី និង​ថ្ម​លក់​យ៉ាង​រលូន​។ ប្រភព​ដដែល​បាន​រៀ​រាប់​ថា គ្រឿងចក្រ​បាន​កាយ​យក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​គ្មាន​ច្បា​ប់ទំ​ម្លា​ប់​ដែល​បណ្តាល​ឲ្យ​មាន​រណ្តៅ​ដី​ជ្រៅៗ​អាច​បង្ក​ឲ្យ មាន​ករណី​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ និង​បរិស្ថាន ខណៈ​អាជ្ញាធរ​ជំនាញ​បាន​ឆ្លើយ​ដាក់គ្នា​។

ជុំវិញ​បញ្ហា​ខាងលើនេះ លោក ជុំ ញ៉ អភិបាលរង​ស្រុក​បាណន់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​មិន​បានដឹង​ពី​ករណី​ជីកដី​ភ្នំ​លក់​ទេ ហើយ​រុញ​ឲ្យ​ទៅ​សួរ​ទៅខាង​លោក​មេឃុំ​ទៅ​ទើប​ដឹង​។ ចំណែក លោក អឺ​ម ប៊ុន​យូរ មេឃុំ​តា​គ្រាម ក្នុងស្រុក​បាណន់ បាន​ឆ្លើយ​ការពារ​ខ្លួន​ថា លោក​មិនសូវ​បានដឹង​ទេ​រឿង​កាយ​ដីភ្នំ​លក់ ពីព្រោះ​ខាង​ក្រុមហ៊ុន​គេ​មាន​សិទ្ធិអំណាច​ធំ ហើយ​គេ​ធ្វើ​អ្វី​មិនដែល​ឆ្លងកាត់​លោក​ទេ បើទោះជា​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ​។​

យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​រិះគន់ថា បើទោះជា​ក្រុមហ៊ុន​ដែល​កំពុង​ជីក​យក​ដីភ្នំ​លក់​នៅក្នុង​ស្រុក​បាណន់​មានច្បាប់​ពី​ស្ថាប័ន​ជំនាញ​ក៏ដោយ ក៏​អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​ធ្វើការ​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានដឹង ព្រោះ​ពួកគាត់​ជា​អ្នក​ទទួលរង​ផលប៉ះពាល់​មុនគេ​។ ប្រភព​ដដែល​បាន​រិះគន់ថា លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង​ក៏បាន​ជ្រាប​ពី​បញ្ហា​ខាងលើ​នេះដែរ ប៉ុន្តែ​លោក អ៊ា​ន មាឃ និង​មន្ត្រីក្រោមឱវាទ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់ ហើយ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក ៕

b e