លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទប់ស្កាត់​ការលួចបន្លំ​សន្លឹកឆ្នោត​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ថ្លែង​នៅ​ចុង​សប្តាហ៍​នេះ​ថា​ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ទទួលបាន​ជោគជ័យ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទប់ស្កាត់​ការលួចបន្លំ​សន្លឹកឆ្នោត​។ លោក កឹម សុខា បាន​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ត្រូវ​ត្រៀម​ភ្នាក់ងារ​សង្កេតការណ៍​ឲ្យ​បាន​គ្រប់​ការិយាល័យ ហើយ​យកមក​បណ្ដុះបណ្ដាល​ឲ្យ​បានច្បាស់លាស់ សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ ព្រោះ​ជាការ​ចាំបាច់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា​ការរៀបចំ​ដំណើរការ​បោះឆ្នោត​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​ដែល​ចាំបាច់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ត្រូវ​ត្រៀម​រចនាសម្ព័ន្ធ​ឲ្យ​បានច្បាស់លាស់ និង​រឹងមាំ​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅពេល​ខាងមុខ​។ លោក កឹម សុខា បាន​បញ្ជាក់ថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិនត្រូវ​រំពឹង​ខ្ពស់​លើ​អ្វីដែល​នៅលើ​ដៃ​របស់គេ​នោះទេ តែ​ត្រូវ​សង្ឃឹម​នូវ​អ្វីដែល​នៅលើ​ដៃ​របស់​យើង ព្រោះ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹងទុក និង​ចង់បាន មិនមែន​ទទួលបាន​ទាំងអស់​នោះទេ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវមាន​ការប្រយ័ត្នប្រយែង​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ត្រូវ​ជ្រើសរើស​អ្នកសង្កេតការណ៍​នៅ​មូលដ្ឋាន​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​តាមដាន និង​សង្កេតការណ៍​ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពច្បាស់លាស់​ណាស់​គឺ​ត្រៀមខ្លួន​ទៅ​បោះឆ្នោត ត្រៀមខ្លួន​ទៅ​ឈ្នះឆ្នោត និង​ត្រៀមខ្លួន​ទៅកាន់​អំណាច ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រៀបចំ​លក្ខណៈសម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​ពេលវេលា​មាន​មិន​ច្រើន​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​២០១៨ កាន់តែ​ខិតជិត​ចូលមក​ដល់​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទិសដៅ​ច្បាស់លាស់​ណាស់ គឺ​ឆ្ពោះទៅរក​ការបោះឆ្នោត ហើយ​អត់​មាន​ឆ្ពោះ​ទៅប្រើ​អំពើហិង្សា ការធ្វើ​បក្ស​ប្រហារ និង​ការធ្វើ​បដិវត្តន៍​នោះទេ​។​

គួរ​បញ្ជាក់ថា កន្លងមក​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ ហើយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត គឺ​គ្មាន​សង្គ្រាម​នោះទេ ។ គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត និង​គ្មាន​អំពើហិង្សា​ដែល​ធានាបាន​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយ​ដែលមាន​ភាព​ឯករាជ្យ និង អព្យាក្រឹត​ពិតប្រាកដ​៕

12294649_1239461056071191_3514567946896283938_n