ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ​លោក ​ជា ​មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​២២ មករា ​២០១៦ នេះ​ ​​បាន​រៀបចំ​ដាក់​កម្រងផ្កា​នៅ​រូបសំណាក ​លោក ​ជា ​វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០០២​ ។

ពិធី​នេះ​​ដែរ ក៍​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ និង​កម្មករ​រាប់រយ​នាក់​ ។​ ការ​ហែ​ក្បួន​​​បាន​ចេញពី​ស្នាក់​ការ​របស់​សហជីព​សេរី​កម្មករ​ទៅ​ចំណុច​ក្បែរ​របង​វត្ត​លង្កា​ ទី​ដែល​ជន​រង​គ្រោះ​លោក ​ជា ​វិជ្ជា ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​ និង​ដាក់​កម្រងផ្កា​នៅ​រូបសំណាក​របស់​លោក​ ជា​ វិជ្ជា​ នៅ​សួនច្បារ​ខាង​លិច​​វិមាន​ឯករាជ្យ​ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ​ខណ្ឌចំការមន​ ។

លោក​ ជា​ មុនី​ ​ដែល​ជា​ប្អូនប្រុស​បង្កើត​​របស់​សព​លោក​ ជា​ វិជ្ជា​ បាន​លើក​ឡើង​ក្នុង​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជ​ធានី​​ភ្នំពេញ​ថា ​សម្រាប់​ឆ្នាំ​២០១៦ ​ដើម្បី​រំឭក​វិញ្ញាណ​ក្ខន្ធ​ និង​ការ​ចង​ចាំ​នូវ​គុណូបការៈ​របស់​លោក​ ជា​ វិជ្ជា​ ​ដែល​ជា​វីរ​​កម្មករ ​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​សហជីព​សេរី​កម្មករ​នៃព្រះរាជាណាចក្រ​កម្ពុជា ​ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ មិត្តភក្តិ​ចំនួន​១៥០​នាក់​ បាន​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​​​នៅ​កន្លែង​តម្កល់​រូបសំណាក​ ៕​