ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​​បើករថយន្ត​បុក​រថយន្ត​​ចត​ទុក​​​នៅ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ម្ចាស់​រថយន្ត​រង​គ្រោះ​ដេញ​តាម​ទាន់​អ្នក​បង្ក​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​មក​ជួយ​ដោះស្រាយ ​កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​១១៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មក​រា​ ។

រថយន្ត​រង​គ្រោះ​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-4523 ចត​ទុក​នៅ​មុខ​ផ្ទះ ​ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-4481 ​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹងជោក ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​បង្ក​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​រង​គ្រោះ​ដែល​ចត​នៅ​មុខ​ផ្ទះ​​ចំ​កង់​ក្រោយ​ផ្នែក​ខាងស្ដាំ​ បណ្ដាល​ឲ្យ​វៀច​កង់​ជាប់​កាង ដាច់​កាឡេ រីឯ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​ទេ ​​ព្យាយាម​បើក​រត់​រហូត​​​ដល់​កន្លែង​ផ្ញើ​រថយន្ត​ក្រោម​ដី​ខាងត្បូង​ស្តា​ត​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ទើប​ម្ចាស់​រថយន្ត​រង​គ្រោះ​​ឃាត់​បាន និង​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ចុះ​មក​​សម្របសម្រួល ។

ក្រោយ​​កើតហេតុ​ សមត្ថ​កិច្ច​ទៅ​ដល់​​ធ្វើការ​​សម្រប​សម្រួល​ ​ខាង​រថយន្ត​បង្ក​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​មក​ជួយ​ដោះស្រាយ ហើយ​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណងចំនួន​២៥០​ដុល្លារ ប្រពន្ធ​របស់​ជន​បង្ក​សង​ចំនួន​២៥០​ដុល្លារ​គ្រប់​ចំនួន​ ដើម្បី​បញ្ចប់រឿង​តែ​ម្តង ៕