កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៦ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ​អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិធី​ត​ភ្ជាប់​ព្រះ​កេស​ជាមួយ​ដងខ្លួន​បដិមា​ព្រះ​ហរិ​ហរៈ​ភ្នំ​ដា ដែល​បាន​បែក​ឃ្លាត​ពី​គ្នា​ប្រមាណ​៣០​ឆ្នាំ​នោះ គឺជា​សក្ខីភាព​នៃ​ការ​រួបរួម សាមគ្គី​គ្នា និង​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​បេតិក​ភណ្ឌ​វប្បធម៌​ខ្មែរ ក៏​ដូច​ជា​ប្រជាជាតិ​កម្ពុជា​ទាំងមូល ។

លោកស្រី​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌​មាន​ប្រសាសន៍​ថា រូប​បដិមា​ព្រះ​ហរិ​ហរៈ​ជា​វត្ថុ​សក្ការៈ និង​ជា​សិល្បៈ​ដ៏​ប្រណីត​របស់​ខ្មែរ​ក្នុង​រចនាបថ​ភ្នំ​ដា នា​សតវត្សរ៍​ទី​៦-៧ ។ ព្រះ​ហរិ​ហរៈ គឺជា​ការ​បង្រួម​ចូល​គ្នា​រវាង​ហរិ និង​ហរៈ​ឱ្យមក​ជាមួយ ហើយ​ដែល​ការ​រួបរួម​នេះ​បាន​នាំ​ឱ្យ​មាន​សន្តិភាព និង​ឯកភាព​គ្នា​រវាង​អ្នក​កាន់ និកាយ​ខាង​ព្រះ​ឥសូរ និង​នារាយណ៍ ចំពោះ​ព្រះ​តែ​មួយ​អង្គ ។

ការ​ជួបជុំ​រវាង​ព្រះ​សិរ​(​ក្បាល​)​និង​ដងខ្លួន​ព្រះ​ហរិ​ហរៈ នេះ​គឺជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​បារាំង ជា​ពិសេស​គឺ​រវាង​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយនឹង​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​ម៉េ ដែល​ផ្អែក​ទៅ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ស្តី​ពី​ការ​ប្តូរ​បញ្ញើ​វត្ថុ​សិល្បៈ​ដែល​បាន​អនុញ្ញាត​ឱ្យ​ព្រះ​សិរ និង​ដងខ្លួន​ព្រះ​ហរិ​ហរៈ​បាន​ជួបជុំ​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​អនុញ្ញាត​ឱ្យជើង​ទម្រ និង​បដិមា​ព្រះ​នាង​ឧមា​បាន​ជួបជុំ​គ្នា​នៅ​ប្រទេស​បារាំ​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ថ្លែង​ថា កា​រត​ភ្ជាប់​រវាង​ព្រះ​សិរ​និង​ព្រះ​កាយ​ឡើង​វិញ​នេះ ប្រៀប​បាន​នឹង​ការ​ផ្តល់​ជីវិត​ជា​ថ្មី​ដល់​ព្រះ​ហរិ​ហរៈ​។ តាម​ជំនឿ​បុរាណ​ខ្មែរ​យើង នេះ​គឺជា​និមិត្តរូប​ដ៏​ប្រ​ល្អ​ប្រពៃ​នៃ​ការ​ជួបជុំ​គ្នា ការ​រួបរួម​គ្នា ភាព​ចម្រុងចម្រើន ភាព​សុខដុមរមនា និង​ភាពរឹងមាំ​នៃ​ព្រលឹង​ជាតិខ្មែរ​ផង​ដែរ​។ លើស​ពី​នេះ​ក៏​ជា​ប្រផ្នូល​ដ៏​ល្អ​សម្រាប់​ឆ្នាំ​ថ្មី ២០១៦ ដែល​ទើបនឹង​ចាប់ផ្តើម​ក្នុង​ការ​នាំ​មក​នូវ​វិបុលភាព និង​សមិទ្ធផល ថ្មី​ៗ​ថែម​ទៀត សម្រាប់​ប្រជាជាតិ​កម្ពុជា បន្ថែម​លើ​សមិទ្ធិ​ផល ធំ​ៗ​នានា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នា​ឆ្នាំ​កន្លង​ទៅ ។

តាម​ជំនឿ​របស់​មនុស្ស​ជំនាន់​មុន គេ​ជឿ​និង​គោរព​ទៅ​តាម​និកាយ ផ្សេង​ៗ​គ្នា អ្នក​ជឿ​លើ​ព្រះ​ឥសូរ គោរព​ព្រះ​ឥសូរ អ្នក​ជឿ​ព្រះ​នារាយណ៍​គោរព​ព្រះ​នារាយណ៍ និង​អ្នក​ជឿ​លើ​ព្រះ​វិ​ស្នុ​រ ពួក​គេ​គោរព​ព្រះ​វិ​ស្នុ​រ ។ ចំណែក​ព្រះ​ហរិ​ហរៈ គឺជា​អ្នក​ដែល​មានគំនិត​ខ្ពស់ ជា​អាទិទេព​ដ៏​ខ្លាំងក្លា និង​ជា​ទស្សនវិទូ​មួយ​អង្គ​បាន​ផ្តើមគំនិត​បង្រួបបង្រួម​មនុស្ស​ដែល​មាន​ជំនឿ និង​ការ​គោរព ផ្សេង​ៗ​ទាំងនោះ​ឱ្យ​ចេះ​សាមគ្គី​គ្នា រួប​រួប​គ្នា​ជា​ធ្លុង​មួយ​បញ្ចៀស​បាន​នូវ​ការ​បាក់បែក​គ្នា ។

ដូច្នេះ​ហើយ​ទើប​តាំងពី​ពេល​នោះ​មក​គេ​បាន​កសាង​ព្រះ​ហរិ​ហរៈ​នេះ​ឡើងជា​និមិត្តរូប​នៃ​ការ​គោរព​ចំពោះ​អ្នក​បង្កើត​លោក អ្នក​ថែរក្សា​លោក និង​អ្នក​កម្ទេច​ដើម្បី​បង្កើត​ឡើង​វិញ ឱ្យ​គោរព​ព្រះ​ហរិ​ហរៈ​នេះ​ឡើង ។ លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន បាន​បញ្ជាក់​ថា​ការ​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​នៃ​ព្រះ​សិរ​ហរិ​ហរៈ និង​ការ​ភ្ជាប់​ជាមួយ​ព្រះ​កាយ​នេះ​នឹង​ទទួល​បានការ​ជួបជុំ​គ្នា រួបរួម​ភាព​ចម្រើន​រុងរឿង ភាព​សុខដុមរមនា និង​ភាពរឹងមាំ​ថែម​ទៀត​នៃ​ព្រលឹង​ជាតិខ្មែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ ដល់​សារមន្ទីរ​ដទៃ​ទៀត និង​អ្នករក្សា​ទុក​វត្ថុ​បុរាណ​នៅ​ទូ​ទាំង​ពិភពលោក សូម​ប្រគល់​វ​ត្តុ​បុរាណ​ទៅ​ដល់​ម្ចាស់​ដើម​វិញ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​សាកល​លើ​ការ​ការពារ និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ៕

កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា
កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា
កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា
កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា
កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា
កម្ពុជា​ធ្វើ​ពិធី​ត​ភ្ជាប់ ​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​ នឹង​ព្រះ​កាយ ​ជា​សក្ខីភាព​នៃ​ការ​រួបរួម​គ្នា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត