ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ៖ ចុងភៅ​មង្គលការ​៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​តែ​ឆេះ​ប៊ីដុង​អាកុល ហើយ​ឆាបឆេះ​ផ្ទុះ​កក្រើក​រោងការ កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ មក​រា ២០១៦ នៅ​ក្នុងភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។

អ្នក​ចម្អិនម្ហូប​ម្នាក់​ឈ្មោះ​ហ៊​ង សោ​ទុំ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នក​រង​របួស កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ស្រុក​កំពង់ត្រាច បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ចុងភៅ រួម​ទាំង​អ្នកបម្រើ​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​អូរ​ច្រនៀង​មាន​គ្នា​ប្រមាណ​២០​នាក់ បាន​បម្រើភ្ញៀវ​ខាង​ប្រុស​ខាង​ស្រី ដោយ​យកចិត្តទុកដាក់​បំផុត តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ។ ប៉ុន្តែ​ពេល​ជិត​អស់​ភ្ញៀវ ក្រុម​អ្នកបម្រើ​ភ្ញៀវ ក៏​ដូច​អ្នក​ចម្អិន​ម្ហូបអាហារ បាន​អង្គុយ​ជុំ​គ្នា​ហូប​បាយ ។ ពេល​នោះ គេ​បានឃើញ​ឆ្នាំងភ្លើង​ត្រជាក់ ហើយ​ឈ្មោះ​វ៉ា​ន់ ថន ជា​អ្នក​ចុងភៅ បាន​ទៅ​យក​ដប​អាកុល​ចំណុះ​៥​លី​ត្រមក​ចាក់​ចង្ក្រានហ្គាស​ទំនើប ស្រាប់តែ​ឆេះឆាប​ផ្ទុះ​កក្រើក​រោងការ​តែ​ម្តង ធ្វើ​ឱ្យ​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា ជា​ពិសេស​អ្នក​រាំ ។

ហ៊​ង សោ​ទុំ បាន​និយាយ​ប្រាប់​បន្ត​ថា ការ​ឆាបឆេះ​ផ្ទុះ​ប៊ីដុង​អាកុល​នេះ មិន​មាន​ភ្ញៀវ​ណា​ម្នាក់​រង​របួស​ទេ មាន​តែ​ក្រុម​ចុងភៅ​៦​នាក់ តែ​ប៉ុណ្ណោះ ដែល​ទទួល​រង​របួស ហើយ​ចុងភៅ​ម្នាក់ ដែល​រង​របួសធ្ងន់​ជាងគេ​នោះ គឺ​ឈ្មោះ​ប៉ិច ជួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពត ។ មន្ត្រី​នគរបាល​ស្រុក ក៏​បាន​ទៅ​ធ្វើ​កំណត់ហេតុ​ហើយ​បាន​និយាយ​ថា នេះ​ជា​កំហុសឆ្គង​របស់​ក្រុម​ចុងភៅ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ។

អ្នក​ម៉ៅ​ធ្វើ​ម្ហូប​ក្នុង​មង្គលការ គួរតែ​ណែនាំ​អ្នក​រត់​តុ ឬ​អ្នកបម្រើ​ភ្ញៀវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន នេះ​ចេះ​ទទួល​គ្រោះថ្នាក់ តែ​អ្នក​ចុងភៅ គ្នា​ឯង បើ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ច្បាស់​ជា​អ្នកម៉ៅការ​ធ្វើ​ម្ហូប​សង​សំណង​ទៅ​ជន​រង​គ្រោះ​មិន​តិច ។