ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី រយៈពេល ២០ ថ្ងៃ ចំនួន​អ្នកស្លាប់ កើន​ដល់ ១៣១ នាក់ និង​របួស ៤៨៧ នាក់​

ភ្នំពេញ: ​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញថា ឆ្លងតាម​ការអនុវត្ត​រយៈពេល ២០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ គឺ​គ្រោះថ្នាក់​ចរាចរណ៍​ករណី​ធ្ងន់ធ្ងរ នៅតែ​បន្ត​កើតមាន ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន កើនឡើង​នៃ​ជនរងគ្រោះ ក្នុង​រយៈពេល ២០ ថ្ងៃ ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ខែ​មុន​។​

​របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២១​មករា បង្ហាញថា រយៈពេល ២០ ថ្ងៃនេះ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ចំនួន ១៣១ នាក់​/១០៥ នាក់ កើន​ចំនួន ២៦ នាក់ ស្មើ ២៥% របួស​ចំនួន ៤៨៧ នាក់​/ ៣៩៩ នាក់ កើន​ចំនួន ៨៨ នាក់ ស្មើ ២២% បើទោះបីជា​ថយចុះ​ចំនួន​ករណី ៣៣ លើក ស្មើ ១៣%​។

​របាយការណ៍​ដដែល ក៏បាន​លើកឡើងថា ក្នុង​រយៈពេល ២០ ថ្ងៃ​មកនេះ វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្នាក់​រាជធានី​ខេត្ត មិនទាន់​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ជាក់ស្តែង ពេលខ្លះ មានការ​យឺតយ៉ាវ ឬ​មិនទាន់​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​ការ​គួបផ្សំ​វិធានការ​ទាំង​បួន គឺ​ការអប់រំ ការ​រឹតបន្តឹង​ច្បាប់ ការធ្វើ​វិស្វកម្ម​ផ្លូវថ្នល់ និង​ការសង្គ្រោះ​ជនរងគ្រោះ​។ ចំណែក​សេវាសាធារណៈ​ក្នុង​ការធ្វើ​ប័ណ្ណបើកបរ ធ្វើ​ស្លាក​លេខ និង​ឈៀក ជា​ប្រធានបទ​សំខាន់ ដែល​ត្រូវ​បន្ត​ដោះស្រាយ ឲ្យ​បាន​សមស្រប​៕​