ឯកអគ្គរដ្ឋទូត​អាមេរិក សរសើរ​ការរីកចម្រើន​និង​ការវិវត្តន៍ របស់​កងទ័ព​កម្ពុជា​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជួប​សន្ទនា​ជាមួយ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​។​

​លោក ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានចាត់ទុក បេសកកម្ម​ការទូត របស់លោក វីលៀម អេ ហេ​ដ​(Villiam A Heids) គឺមាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី បានចាត់ទុក​ការជួបគ្នា​នាពេលនេះ ដើម្បី​ស្វែងរក​ការសហការ​គ្នា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ។​

​តាមរយៈ​ជំនួប​នាឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​មាន​សុ​ទិ​ដ្ឋ​និយម​ក្នុង​ការកសាង​ទំនាក់ទំនង​គ្នា​ជាមួយ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ លោក​ទូត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ការវិវត្តន៍​របស់​កងទ័ព​កម្ពុជា ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

​លោក​បាន​សង្កត់ធ្ងន់ថា កម្ពុ​ជាមាន​មោទនភាព ដែល​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ដែល​ការងារ​នេះ​បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភាពលេច​ធ្លោរ​លើ​ឆាក​អន្តរជាតិ ។​
​លោក​វីលៀម​អេ​ហេ​ដ ក៏បាន​កោត​ស​សើរ​ដល់​កម្ពុជា​ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​បានល្អ​ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុងសម័យ​សង្គ្រាម ដែល​បច្ចុប្បន្ននេះ បាននិងកំពុង​រុករក​បន្ត​នៅក្នុង​ខេត្តស្ទឹងត្រែង​ភូមិភាគ​ឦ​សាន្ត​ប្រទេស​កម្ពុជា​។​

​មានមតិ​ឆ្លើយតប​វិញ លោក​ទៀ បាញ់ បាន​បញ្ជាក់ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ក្នុងនោះ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​រំលឹក​ឡើងវិញ​ពី​ការជួយឧបត្ថម្ភ​របស់​កងទ័ព​សហរដ្ឋអាមេរិក ដល់​កងយោធពល​ខេមរភូមិន្ទ ដូចជា​ការហ្វឹកហ្វឺន​ក​ង​កម្លាំង​រក្សា​សន្តិភាព ការធ្វើ​លំ​ហាត់​ឆ្មាំ​អង្គរ​ពហុ​សាសន៍​ក្នុង​ឆ្នាំ​២០១០ និង​ការបញ្ជូន​កងកម្លាំង​ក​ម្ពុ​ជា​ទៅ​ចូលរួម​ធ្វើ​លំ​ហាត់​ពហុ​សាសន៍​នៅក្នុង​ប្រទេស ម៉ុង​ហ្គោ​លី និង បង់​ក្លា​ដេ​ស​ផងដែរ ។​

​លោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់​ថែមទៀត​ថា កងយោធពល​ខេមរភូមិន្ទ ក៏បាន​បង្កើន​ការហ្វឹកហ្វឺន​បង្កើន​សម​ត្ថ​ភាព​របស់ខ្លួន​រួមទាំង​ការអប់រំ​រៀនសូត្រ​នយោបាយ​ចិត្តសាស្ត្រ​ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ មាន​អត្ត​ច​រិ​ក​សីលធម៌​រស់នៅ​ល្អ ។​
​តាមរយៈ​ជំនួប​នាឱកាស​នោះ​លោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់​ក៏បាន​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេសជាតិ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​នាំមក​នូវ​សុខសន្តិភាព ដល់​ប្រទេសជាតិ និង​ការអភិវឌ្ឍន៍​រីកចម្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៕​

ឯកអគ្គរដ្ឋទូត​អាមេរិក សរសើរ​ការរីកចម្រើន​និង​ការវិវត្តន៍ របស់​កងទ័ព​កម្ពុជា​

ឯកអគ្គរដ្ឋទូត​អាមេរិក សរសើរ​ការរីកចម្រើន​និង​ការវិវត្តន៍ របស់​កងទ័ព​កម្ពុជា​

ឯកអគ្គរដ្ឋទូត​អាមេរិក សរសើរ​ការរីកចម្រើន​និង​ការវិវត្តន៍ របស់​កងទ័ព​កម្ពុជា​