សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Schneider Electric នៅ​ល្ងាច​ថ្ងៃ​ទី​១៩ មក​រា បាន​រៀបចំ​ពិធី​សម្ពោធ​ផលិតផល​ថ្មី ដើម្បី​បង្ហាញ​អតិថិជន​ដៃគូ​របស់​ខ្លួន​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អតិថិជន​ដៃគូ​ជា​ច្រើន​កុះករ​។

លោក​ឆិល សា​រ៉ាត់ នាយក​ផ្នែក​អាជីវកម្ម​របស់​ក្រុមហ៊ុន Schneider មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Schneider ចូល​មក​កម្ពុជា​តាំងពី​ឆ្នាំ​២០០៦ តែ​មក ឆ្នាំ​២០០៨​យើង​ឃើញ​ថា មានការ​រីក​ចម្រើន​ខ្លាំង ។ ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​របស់​ខ្លួន​ក្រុមហ៊ុន​បាន​សម្រេច​ដាក់​ទុន​វិនិយោគ​ទាំង​បុគ្គលិក និង​ដៃគូ​នៅ​ក្នុងស្រុក​បន្ថែម ដើម្បី​ពង្រីក​នៃ​ការ​ធ្វើ​ជំនួញ​របស់​ខ្លួន​។ លោក​ថា នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​នូវ​ផលិតផល​របស់​ខ្លួន​ទៅ​គ្រប់​អតិថិជន​នៅ​ក្នុងស្រុក​។

 លោក​បន្ត​ថា កម្មវិធី​ថ្ងៃនេះ ក្រុមហ៊ុន​មាន​គោលបំណង​បង្ហាញ​នូវ​ផលិត​បរិក្ខារ​អគ្គិសនី​ថ្មី​ៗ​មួយ​ចំនួន​ជូន​ដល់​អតិថិជន​ដៃគូ​អាជីវកម្ម​នៅ​កម្ពុជា​ទាំងអស់​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការ​ប្រើប្រាស់ និង​គុណភាព​ផលិតផល​នីមួយ​ៗ  ព្រោះ​ការ​សាងសង់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មានការ​រីក​ចម្រើន​ខ្លាំង​ដែល​ជា​ឱកាស​ថ្មី​មួយ​ផ្សេង​ទៀត​សម្រាប់​ក្រុមហ៊ុន និង​ដៃគូ​អា​ជី​វិក​ម្ម ទន្ទឹម​និង​ផលិតផល​របស់​ក្រុមហ៊ុន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ទីផ្សារ​បាន​គ្រប់​វិស័យ​នា​ពេល​សព្វ​ថ្ងៃនេះ​។

លោក​ឆិល សា​រ៉ាត់ បញ្ជាក់​ថា «​បន្ទាប់​ពី​ការ​ចាប់ផ្តើម​ដំណើរ​នៅ​ឆ្នាំ​២០០៦ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បើ​យើង​ប្រៀបធៀប​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរិក្ខារ​អគ្គិសនី​ដូច​គ្នា សម្រាប់​ក្រុមហ៊ុន Schneider ទទួល​បាន​ចំណែក​ទីផ្សារ​ប្រមាណ​២០% ។​ដើម្បី​ពង្រឹង និង​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា​នេះ យើង​មានការ​ងារ​ជា​ច្រើន​ត្រូវធ្វើ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផែនការ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​អាច​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​ដែល​បាន​កំណត់​សម្រាប់​ឆ្នាំ​២០១៦ និង​ទៅ​ថ្ងៃ​ខាង​មុខ តាម​រយៈ​ការ​ពង្រឹង​កេរ្តិ៍ឈ្មោះ និង​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ផលិតផល​ទៅ​ដល់​អតិថិជន​បានដឹង​ពី​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​របស់​ក្រុមហ៊ុន Schneider បន្ថែម​ទៀត​»៕