បិសាច​ក្រហម Man Utd បដិសេធថា បាន​​ចរចា​ជាមួយ​លោក Pep

Manchester United បាន​ធ្វើ​ការ​បដិសេធ​ថា បាន​ជួប​ចរចា​ជាមួយ​អ្នក​ចាត់​ការ​ក្លិប Bayern Munich លោក Pep Guardiola អំពី​លទ្ធភាព​ដែល​អ្នក​ចាត់​ការ​រូប​នេះ​អាច​នឹង​មក​ជំនួស​តំណែង អ្នក​ចាត់​ការ​ក្លិប បច្ចុប្បន្ន លោក Louis Van Gaal។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ។

pep-gaurdiola

ប៉ុន្តែ សារព័ត៌មានកីឡាករ ​ប្រទេស​បារាំង France Football បានរាយការណ៍​​ថា ជំនួប​នោះ បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ទីក្រុង ប៉ារីស ខណៈ​ភាគី​​​ក្លិប​បិសាច​ក្រហម​បញ្ជាក់​យ៉ាង​ទទូច​​ថា ជា​រឿង​មិន​ពិត។ Guardiola វ័យ ៤៥ ឆ្នាំ​រូប​នេះ​នឹង​ចាក​ចេញ​ពី​ក្លិប​យក្ស​អាល្លឺម៉ង់ Bayern Munich ក្នុង​រដូវ​ក្តៅ​នេះ ហើយ​ថែម​ទាំង​បាន​បង្ហើប​ថា មាន​ក្លិប​លីក​ជាច្រើន​ក្នុង​ប្រទេស​អង់គ្លេស​បាន​ទាក់​ទង​រូប​លោក​ទៅ​ដឹក​នាំ​នៅ​ទី​នោះ។ Manchester City មាន​ចំណាប់​អារម្មណ៍​ចង់​បាន​គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ​នេះ​យ៉ាង​ខ្លាំង ខណៈ​ក្លិប តោខៀវ Chelsea និង​បិសាច​ក្រហម Manchester United ក៏​ធ្លាប់​មាន​ព័ត៌មាន​ថា​បាន​ទាក់​ទង​លោក​ផងដែរ។

អនាគត​របស់ Van Gaal នៅកីឡដ្ឋាន Old Trafford បាន​ក្លាយ​ប្រភព​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ខ្លាំង​ជាង​គេ ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ កំពុង​ស្ថិត​ក្នុង​សំពាធ​ពី​អ្នក​គាំទ្រ និង​អតីត​កីឡាករ​របស់ Man U អំពី​ការ​ដឹក​នាំ​ទម្រង់​លេង​របស់​លោក ដែល​ធ្លាក់​មក​ត្រឹម​លេង ៥ ក្នុង​តារាង​បច្ចុប្បន្ន។ Bayern Munich បាន​បោះ​ជំរុំ​ហ្វឹកហាត់​នៅ​ក្នុង​ទីក្រុង Doha អំឡុង​ពេល​ដែល​ក្រប​ខណ្ឌ​លីក​កំពូល​របស់ អាល្លឺម៉ង់ ត្រូវ​បាន​សម្រាក​រដូវ​រងារ ហើយ​ក្រុម​មួយ​នេះ​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​ឡើង​វិញ​ត្រូវ​ជួប​នឹង​ក្រុម​ម្ចាស់ផ្ទះ Hamburg នា​ថ្ងៃ​សុក្រ​នេះ។ លោក Guardiola ដែល​កិច្ច​សន្យា​របស់​លោក​ជាមួយ Bayern នឹង​ត្រូវ​បញ្ចប់​ក្នុង​រដូវក្តៅ​ខាង​មុខ​នេះ ធ្លាប់​បាន​និយាយ​ពី​មុន​ថា បំណង​របស់​លោក​ចង់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ទីក្រុង​ថ្មី ជាពិសេស​ធ្វើ​ការ​នៅ​ទឹក​ដី អង់គ្លេស។ ប៉ុន្តែ​ក្រោយ​មក លោក Guardiola បាន​ប្រកាស​វិល​ថា ផ្អាក​ហោះ​ទៅ​លេង​នៅ Premier League វិញ​សិន ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​អំពី​គោលដៅ ដែល​គ្រូ​បង្វឹក មិន​ដែល​ត្រូវ​បាន​គេ​ដេញ​ចោល​នេះ នឹង​ទៅ​ទីណា​ឡើយ៕