ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​តួលេខ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ មក​រា កន្លង​មកនេះ ដោយ​ទូរទស្សន៍​បារាំង BFMTV បង្ហាញ​ថា នារី​១៤០​នាក់​បាន​ចាក​ចេញពី​បារាំង​កាលពី​ឆ្នាំទៅ​មិ​ញ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៥ ដែល​មានការ​កើនឡើង​១០០​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​កាលពី​ឆ្នាំ​២០១៤ ។

របាយការណ៍​នេះ​បន្ត​ថា បណ្តា​នារី​ដែល​ជ្រើសរើស​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ភាគច្រើន​ជា​យុវនារី ដែល​ទទួល​ការ​បំពាក់​មនោគមន៍វិជ្ជា​តាម​អីុ​ន​ធើ​រ​ណេ​ត ហើយ​មួយ​ចំនួន​មាន​ប្តី​នៅ​ស៊ី​រី​ស្រាប់ ។

លោកស្រី PATRICK AMOYEL អ្នក​ចិត្ត​វិទ្យា និង​ជា​អ្នកឯកទេស​ខាង​លទ្ធិ​ជី​ហា​ដ​ប្រចាំ​ទូរទស្សន៍ BFMTV អះអាង​ថា នារី​ទាំងនេះ​ពុំ​មែន​ទទួល​ការ​ទាក់ទាញ​ជា​ពិសេស​សម្រាប់​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ដោយ​ខ្លួនឯង​ទេ ក៏​ប៉ុន្តែ​ពួក​នាង​ទទួល​ការ​ទាក់ទាញ​ដោយ​ការ​រៀប​ការ​ដែល​ពួក​នាង​ថា អាច​ទៅ​រួមរស់​ជាមួយ​ស្វាមី​។

ក្នុង​ឆ្នាំ​២០១៥ ប្រទេស​បារាំង​រង​ការ​វាយប្រហារ​ភេរវកម្ម​២​លើក​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ការ​វាយប្រហារ​មួយ​ចូលរួម​ដោយ​នាង HAYAT BOUMEDDIENE ភរិយា​របស់​ជន​ឈ្មោះ AMEDY COULIBALY ជា​ខ្មាន់កាំភ្លើង​ម្នាក់ ក្នុង​ចំណោម​ខ្មាន់កាំភ្លើង​ដែល​វាយប្រហារ​ផ្សារ​ទំនើប​ជ្វី​ហ្វ​មួយ​នៅ​ទី​ក្រុងប៉ារីស កាលពី​ខែមករា ឆ្នាំ​២០១៥ ។

ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ក្រុងប៉ារីស នាង HASNA AIT BOULAHCEN បាន​ផ្តល់​ជំនួយ​ខាង​សម្ភារ​ដល់​ពួក​ជ្រុលនិយម ។

សរុប​មាន​ជនជាតិ​បារាំង​៦០០​នាក់ ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ក្នុង​នោះ​មាន​នារី​២២០​នាក់ ៕