ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ត្រកូល​ឡុ​ង​២​រូប​គឺ​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​យប់​ថ្ងៃ​សៅរ៍​ទី​២៣  មក​រា នេះ ។

ឡុ​ង សុ​ភី ដែល​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​រាប់​ភ្លេច​មក​ហើយ​នោះ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Plang Nom ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ តាម​ការ​ឱ្យ​ដឹង​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៦៥​ដង ចាញ់​២០​ដង ។ ចំណែក​ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​មិន​តិច​ជាង​២០០​ដង​ឡើយ មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​ចាស់​វស្សា​រូប​នេះ​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​មិន​តិច​ស្ថាប័ន​ទេ​។ ឡុ​ង សុ​ភី មួយ​រយៈ​មកនេះ​រាង​ធ្លាក់​កូដ​បន្តិច ដោយសារ​វ័យ​របស់​គេ​រាង​ជ្រេ កម្លាំង​ក៏​ចុះ​ខ្យោ​យ​ប៉ុន្តែ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​នៅ​ខ្លាំងក្លា​នៅឡើយ​ទេ ។ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទើប​គេ​មិន​ទាន់​ដឹង​ពី​កម្រិត​វិជ្ជា​គុន ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​ដឹង​ថា នរណា​ខ្លាំង​ជាង​នរណា  ។

ចំណែក​ឡុ​ង ជិន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Per Por​ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម​។ កីឡាករ ឡុ​ង ជិន ធ្លាប់​ប្រកួត​បាន​១៥​ដង​ប៉ុណ្ណោះ​ក្នុង​នោះ​ឈ្នះ​១៣​ដង ចាញ់​១​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​៦​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៤៥​ដង ចាញ់​១៥​ដង និង​ស្មើ​៥​ដង ។ ថ្វី​ដ្បិត​ប្រវត្តិ​ប្រកួត​រវាង​កីឡាករ​ទាំង​២​ខុស​គ្នា​ច្រើន​បន្តិច​ក្ដី​ក៏​អត់​ទាន់​មាន​អ្នក​ណា​ហ៊ាន​អះអាង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ដែរ​ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទើប​គេ​មិនដឹង​ពី​សមត្ថភាព​ថា​ខ្លាំង​ប៉ុនណា ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ មាន​កីឡាករ​លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មានជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​គង់ សំបូរ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​គាន បញ្ញា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ប្រកួត​បើក​ឆាក​ជាមួយ​កីឡា​ថៃ​ឈ្មោះ​រ៉ូ​ត​ឆាំ គៀត​សេរី ៕