អំពើ​ប្លន់​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

មួយ​រយៈពេល​កន្លងទៅ​នេះ ករណី​ប្លន់​ប្រដាប់អាវុធ​បានកើត​ឡើងជា​បន្តបន្ទាប់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់​។ ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​បាន​លើកឡើងថា ទន្ទឹមនឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺ​សមត្ថកិច្ច​នគរបាល គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។ ជាក់ស្តែង​ករណី​ប្លន់​ប្រដាប់អាវុធ​ក្នុង​ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​និង​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។​

​ប្រភព​ព័​ត័​មាន​ពី​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ក្រុមចោរ​ប្រដាប់អាវុធ​បាន​ចូល​ប្លន់​នៅផ្ទះ​វេរ​លុយ​វី​ង​យីហោ​ហេង​រចនា នៅ​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ​៥៧ ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស​២​នាក់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​២​នាក់​ត្រូវ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្រុងប៉ៃលិន ប៉ុន្តែ​ដោយសារ​របួស​មាន​សភា​ព​ធ្ងន់ធ្ងរ​ទើប​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ករណី​ប្លន់​នេះ​ចោរ​ប្រដាប់អាវុធ​ដូចគ្នា​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម និង​ពូថៅ​១​ដើម ចូល​ភ្ជង់​អារ​.​ក​ម្ចាស់ផ្ទះ​ម្នាក់​និង​កាប់​ម្នាក់ទៀត​ឲ្យ​រងរបួស រួច​ចូល​ប្រមូល​លុយ​នៅក្នុង​ទូ ហើយ​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងលិច​និង​ប្លុង​ម៉ូតូ​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា​ប្រមាណ​៤០០​ម៉ែត្រ​។ ជនរងគ្រោះ​ទី​១​មានឈ្មោះ ហេង វណ្ណ​ថន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវ​ចោរ​យក​ពូថៅ​អារ​.​ក ដាច់​បំពង់ខ្យល់ ជនរងគ្រោះ​ទី​២​ឈ្មោះ ងួន ចិន្ដា ភេទ​ស្រី អាយុ​៤២​ឆ្នាំ រងរបួស​ធ្ងន់​បែកក្បាល​និង​បាក់ធ្មេញ ជនរងគ្រោះ​ទី​៣​ឈ្មោះ វណ្ណ គឹម​លាង ភេទ​ស្រី អាយុ​៥​ឆ្នាំ រងរបួស​ស្រាល​។

នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ចោរប្លន់​ប្រដាប់អាវុធ​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​លក់​ចាប់ហួយ​មួយកន្លែង​នៅ​ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយ​បន្ទាប់ពី​ប្លន់​រួច ក្រុមចោរ​បាន​រត់គេច​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​។ ក្រោយពេល​ក្រុមចោរ​គេចខ្លួន​អស់​ទើប​សមត្ថកិច្ច​នគ​របាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ទំហំ​នៃ​ការខាតបង់​ទ្រព្យសម្បត្តិ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ​។ ដោយសារតែ​អំពើ​ប្លន់​ប្រដាប់អាវុធ​កើត​ឡើងជា​បន្តបន្ទាប់​បែបនេះហើយ ទើប​មានការ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​តទៅទៀត​៕

maxresdefaultលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ khada1038សមត្ថកិច្ចនៅកន្លែងកើតហេតុនៅស្រុកម៉ាឡៃ 134ជនរងគ្រោះដែនចោរអារ.កនៅខេត្តប៉ៃលិន