លោក ប៉េង អេង​ហាក់ អធិការនគរបាល​ស្រុក​មេមត់​កាង​ឲ្យ​ប្រពន្ធ​ខ្លួន​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​

អធិការនគរបាល​ស្រុក​មេមត់ លោក ប៉េង អេង​ហាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​ត្បូងឃ្មុំ​រិះគន់ថា​ឃុបឃិត​ជាមួយ​ប្រពន្ធ​របស់ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ឈើ​ប្រណីត ហើយ​ថែមទាំង​បង្ក​ការរំខាន​ដល់​ឈ្មួញ​ដ៏​ទៃ​ដែល​រកស៊ី​ដូច​ប្រពន្ធ​ខ្លួន​។ ទន្ទឹមនឹងនេះ លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវគេ​សង្កេតឃើញថា​មិន​ហ៊ាន​ប៉ះពាល់​ដល់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ប្រពន្ធ​លោក ប៉េង អេង​ហាក់ ផងដែរ​ដែល​គេ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ​។​

ប្រជាពលរដ្ឋ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បាន​រាយការណ៍​មក​ថា​ប្រពន្ធ​របស់លោក ប៉េង អេង​ហាក់ អធិការនគរបាល​ស្រុក​មេមត់​ឈ្មោះ​ឈ្មោះ ស្រី វណ្ណៈ បាន​រកស៊ី​ជួញដូរ​ឈើ​ប្រណី​តទៅ​ប្រទេស​យួន​ច្រើន​ឆ្នាំ​មកហើយ តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចេញមុខ​បង្ក្រាប​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​ស្រី វណ្ណៈ បាន​យកប្តី​របស់ខ្លួន​ជា​ខ្នងបង្អែក​នាំ​ឈើ​ពី​ខេត្តស្ទឹងត្រែង និង​ក្រចេះ ហើយ​បាន​ដឹក​បន្ត​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​មាត់ច្រក​ព្រំដែន ក្នុងភូមិ​សាស្ត្រ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​គ្មាន​សមត្ថកិច្ច​ហ៊ាន​ចេញមុខ​ទប់ស្កាត់​នោះទេ​។​

​ឈើ បេង ធ្នង់ សុ​ក្រំ ត្រូវគេ​ដឹងថា​ជា​ឈើ​ដែល​ត្រូវបាន​នាំ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាមរយៈ​រថយន្ត​កា​ម​រី សាំ​យ៉ុង ហើយ​ភាគច្រើន​ដឹក​ចេញ​នៅពេល​យប់ នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​ស្រុក​មេមត់​។  ប្រភព​ដដែល​បាន​បញ្ជាក់ថា មានការ​រាយការណ៍​ពី​ករណី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​ឈ្មួញ​ឈ្មោះ ស្រី វណ្ណៈ ជា​ភរិយា​លោក ប៉េង អេង​ហាក់ អធិការនគរបាល​ស្រុក​មេមត់​ទៅកាន់​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ផងដែរ តែ​លោកស្នងការ​មិន​ហ៊ាន​ដាក់​វិធានការ​ទប់ស្កាត់​តាមផ្លូវ​ច្បាប់​នោះទេ​។ ប្រជាពលរដ្ឋ​ស្រុក​មេមត់ បាន​បញ្ជាក់ថា បើ​ក្រៅពី​ប្រពន្ធ​របស់លោក ប៉េង អេង​ហាក់ គ្មាន​ឈ្មួញ​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​នោះទេ ព្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ស្រុក មេមត់ បាន​លើកឡើងថា​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ គប្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឡើងវិញ​ផង ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​នៅក្នុង​សង្គម​នៅពេលដែល​មន្ត្រី​ជំនាញ​គាបសង្កត់​លើ​ឈ្មួញ​ផ្សេង ហើយ​បែរជា​បើកផ្លូវ​ឲ្យ​ប្រពន្ធ​របស់ខ្លួន​អាច​ប្រព្រឹត្ត​បទល្មើស​យ៉ាង​រលូន​នៅក្នុង​សង្គម​៕

S_2015-05-1656chely - Copy S_2015-05-1656chely