​លោក សម រង្ស៊ី បញ្ជាក់ថា​លោក​នឹងធ្វើ​មាតុភូមិនិវត្តន៍​មុន​ការបោះឆ្នោត​នៅពេល​ខាងមុខ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ថា លោក​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​មុនពេល​បោះឆ្នោត​នាពេលខាងមុខ ដូច​ការបោះឆ្នោត​កន្លង​មក​។ លោក សម រង្ស៊ី ដែល​កំពុងមាន​វត្តមាន​នៅក្រៅ​ប្រទេស​បានបញ្ជាក់​ថា​នៅសល់​រយៈពេល ជាង​២​ឆ្នាំ​ទៀត​ទើប​ការបោះឆ្នោត​ថ្នាក់ជាតិ​បានមក​ដល់ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវ​តក់ក្រហល់​ឲ្យ​លោក វិល​ចូល​ប្រទេស​វិញ​ឆាប់ៗ​នេះ​ទេ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលឹកថា កាលពី​ឆ្នាំ​២០១៣ កន្លងទៅ លោក​បាន​វិល​ចូល​ប្រទេស​វិញ​មុន​ការបោះឆ្នោត​តែ ៩​ថ្ងៃ​ប៉ុណ្ណោះ​។ ក្នុងពេលដែល​ការបោះឆ្នោត​នៅពេល​វេលា​យូរ​ទៀត​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រៀបចំ​វិធានការ និង​ត្រៀមកម្លាំង​ឲ្យ​បាន​ផុសផុល​ពី​ប្រជាពលរដ្ឋ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា កីឡាប្រដាល់​នៅលើ​សង្វៀន ត្រូវតែមាន​គូប្រកួត ដែល​ប្រហាក់ប្រហែលគ្នា បើ​មានតែ​ភាគី​ម្ខាង នោះ​ការប្រកួត​នឹង​គ្មាន​ន័យ និង​យុត្តិធម៌​នោះទេ​។​

​បើទោះបីជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និរទេស​ខ្លួន​នៅ​ទ្វីបអឺរ៉ុប​ជា​លើក​ទី ៣ ក៏ដោយ ក៏​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក​បាន​គូសបញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ​ដោយ​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទទួលខុសត្រូវ​ទាំងអស់គ្នា​ដែល​មិនអាច​ឲ្យ​នរណាម្នាក់ ឬ​គណបក្សនយោបាយ​ណា​បំបែកបំបាក់​បានជា​ដាច់ខាត​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា លោក​មាន​ទំនាក់ទំនង​ជាប់​ជាមួយនឹង​លោក សម រង្ស៊ី ហើយ​ទំនាក់ទំនង​រវាង​រូបលោក និង​លោក សម រង្ស៊ី គឺ​នៅតែមាន​ភាពរឹងមាំ​។ លោក កឹម សុខា បាន​បន្តថា ថ្នាក់ដឹកនាំ​មាន​ភាពចាស់ទុំ ហើយ​នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​លោក សម រង្ស៊ី នៅក្រៅ​ប្រទេស ដូច្នេះ​យើង​បទពិសោធន៍​ច្រើន​។​
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា  បាន​មានប្រសាសន៍ថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពសប្បាយ​រីករាយ​ណាស់​នៅពេល​មាន​ឯកភាព​រឹងមាំ​ក្នុង​គណបក្ស យើង​គិត​ទាំងអស់គ្នា យើង​ធ្វើ​ទាំងអស់គ្នា យើង​ទទួលខុសត្រូវ​ទាំងអស់គ្នា ហើយ​បច្ចុប្បន្ននេះ​លោក​កំពុង​ធ្វើ​ឲ្យ​ប្រាកដថា​យន្ដកា​រទាំង​អស់នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មានដំណើរ​ការ​៕

VOD-Samrainsy-150320-lakena-cnrp-news-001-2015-03-20-e1426893088609​    ​