ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ​៖ ​ជន​មិន​ស្គាល់​មុខ​បាន​គាស់​ទ្វារ​ប​ង្អួ​ច​​ផ្ទះ​អាជីវករ​ម្នាក់​​ទាំង​ថ្ងៃ ចូល​លួច​យក​ទ្រព្យសម្បត្តិ​ គិត​ជា​ទឹកប្រាក់​អស់​ជាង​១​​ម៉ឺន​​ដុល្លារ ខណៈ​ម្ចាស់ផ្ទះ​រវល់​លក់ដូរ​នៅ​ឯ​​ផ្សារ តែ​សមត្ថកិច្ច​អះអាង​​ថា អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១១​ និង៣០​ថ្ងៃត្រង់ ទៅ​ម៉ោង​០៤​ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១​ មក​រា ២០១៦ ដែល​ស្ថិត​នៅ​ក្បែរ​របង​ស្នងការ​នគរ​បាល​ខេត្ត ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​​បាត់ដំបង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព និង​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ​​។

មន្ត្រី​មូល​ដ្ឋាន​​ឱ្យ​​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ហេង សុភាព អាយុ​៤០​ឆ្នាំ និង​ភរិយា​ឈ្មោះ​ញ៉េ​ប វិច​លាង អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​ឈូក និង​ផ្សារ​ថ្មី ក្នុង​ក្រុង​បាត់ដំបង​ ។

មន្ត្រី​បាន​និយាយ​ថា គេ​មិន​អាច​​ដឹងពី​ចំនួន​ជនសង្ស័យ​​ដែល​បាល​ចូល​គាស់​ផ្ទះ​ជន​រង​គ្រោះ​​ទេ តែ​ជនសង្ស័យ​បាន​លូន​ចូល​តាម​របង​​ខាងក្រោយ​ផ្ទះ ខណៈ​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្ដី​-ប្រពន្ធ​រវល់​លក់ដូរ​នៅ​ឯ​ផ្សារ ។ រីឯ​កូន​ៗ​រវល់​ទៅ​រៀន ​ហើយ​បិទទ្វា​រ​ទុក​ចោល​។មន្ត្រី​ដដែល​បាន​​បញ្ជាក់​ថា ចោរ​​បាន​ប្រើ​ចប​​កាប់ និង​កាំបិត​ខ្វែង​របស់​ម្ចាស់ផ្ទះ​ដែល​ទុក​នៅ​ខាង​ក្រោយ គាស់​ទម្លុះទម្លាយ​ទ្វា​រ​ប​ង្អូ​ច រួច​​ចូល​ទៅ​ខាងក្នុង​រើ​កកាយ​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់  រួច​គេចខ្លួន​តាម​របង​ក្រោយ​ដោយ​សុវត្ថិភាព​ ។ លុះ​នៅ​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ដដែល ​ទើប​ម្ចាស់ផ្ទះ​ដឹង ពេល​ត្រឡប់​មកពីផ្សារ​វិញ និង​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

អ្នកស្រី ​ញ៉េ​ប វិច​លាង ជា​ម្ចាស់ផ្ទះ​បាន​និយាយ​ថា  អ្នកស្រី​មិន​អាច​ដឹង​អំពី​ពេលវេលា​កើតហេតុ​ទេ តែ​អ្នកស្រី​បានដឹង​ពេល​កូន​ប្រុស​ទូរស័ព្ទ​ប្រាប់ បន្ទាប់​ពី​កូន​ចេញពី​សាលា​នៅ​ពេល​ល្ងាច​​ទៅ​ដល់​ផ្ទះ​មុន ​។  អ្នកស្រី​វិច​លាង បាន​បញ្ជាក់​ថា  នៅ​ពេល​កើត​ហេតុ​ គឺ​អ្នកស្រី​កំពុង​លក់​សម្លៀក​បំពាក់​នៅ​ផ្សា​របឹង​ឈូក រីឯ​ស្វាមី​អ្នកស្រី​កំពុង​លក់​ចានឆ្នាំង​នៅ​ផ្សារ​ថ្មី​។ ក្រោយ​ពី​បានដឹង​អំពី​ករណី​នេះ​ភ្លាម ​អ្នកស្រី​និង​ស្វាមី​ក៏​បាន​បិទ​តូប ហើយ​នាំ​គ្នា​ទៅ​មើល​ផ្ទះ និង​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​ ។ រីឯ​កូនប្រុស​ម្ចាស់ផ្ទះ​វិញ​បាន​និយាយ​ដែរ​ថា នៅ​ម៉ោង​០៥ និង៣៥​នាទី ពេល​ខ្លួន​មក​ដល់​ចាក់​សោ​​ចូល​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ប​ង្អូ​ច​ក្រោយ​របើក និង​ដាច់​ចម្រឹង​ដែក ហើយ​ឃើញ​កាំបិត​ខ្វែង​នៅ​កណ្ដាល​ផ្ទះ លុះ​មើល​ក្នុង​បន្ទប់​ទាំងអស់​មាន​ស្នាម​រើ​កកាយ​រប៉ាត់រប៉ាយ​គ្មាន​សល់​ ។ ​