​មាន​ផ្ទៃពោះ ត្រូវ​ញ៉ាំ​អាស៊ីតហ្វូលិ​ក ឲ្យបាន​គ្រប់គ្រាន់ ប្រយ័ត្ន​កូន​កើតមក …

​មាន​ផ្ទៃពោះ ត្រូវ​ញ៉ាំ​អាស៊ីតហ្វូលិ​ក ឲ្យបាន​គ្រប់គ្រាន់ ប្រយ័ត្ន​កូន​កើតមក ...

​ការ​មាន​ផ្ទៃពោះ ជា​ដំណាក់កាល ដែល​ត្រូវ​យកចិត្តទុកដាក់​ជាទីបំផុត ក្នុង​ឆាកជីវិត​មនុស្ស​ស្រី​។ សុខភាព​ផ្លូវកាយ និង​សុខភាព​ចិត្ត សុទ្ធ​តែ​អាច​ប៉ះពាល់ ដល់​សុខភាព​របស់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​បាន​ទាំងអស់​។ ហើយ​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ និង​ការ​ញ៉ាំ​ថ្នាំ វីតាមីន ឬ​អាហារ​បំប៉ន​បន្ថែម ពិតជា​មាន​សារៈសំខាន់​បំផុត​។
​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប ត្រូវ​ទ​ទទួលទាន​សារធាតុចិញ្ចឹម​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស គឺ​អាស៊ីតហ្វូលិ​ក​។​

​អាស៊ីតហ្វូលិ​ក ត្រូវបាន​គេ​ស្គាល់​ថា ហ្វូ​ឡាត (folate) គឺជា​វីតាមីន B ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់ សម្រាប់​ការលូតលាស់ របស់​ទារក​នៅ​ក្នុង​ផ្ទៃ​។

ហេតុ​អ្វី​អាស៊ីតហ្វូលិ​ក មាន​សារៈសំខាន់​ម្លេះ​?
​វា​ជា​ពេលដែល​ខ្លួន​របស់​អ្នក នឹង​ត្រូវ​ក្លាយជា​ម្តាយ​របស់​គេ ហើយ​ការ​ផ្លាស់ប្តូរ​លឿន​ជាច្រើន នឹង​ត្រូវ​កើតឡើង​។
​ស្បូន កំពុងតែ​រីក​ធំ ហើយ​ទារក​កំពុងតែ​លូតលាស់ ក្នុង​អត្រា​មួយ​ខ្ពស់​។ អាស្រ័យ​ទៅ​លើ​ចំណីអាហារ និង​សារធាតុចិញ្ចឹម ការលូតលាស់​របស់​កូន អាច​នឹង​ប្រែប្រួល​ផងដែរ ដូច្នេះហើយ ការ​ញ៉ាំ​អាហារ​បំប៉ន ឬ​វីតាមីន​បន្ថែម ពិត​ជា​ចាំបាច់​ណាស់ សម្រាប់​សុខភាព​របស់​អ្នក និង​កូន​។​
​កង្វះ​អាស៊ីតហ្វូលិ​ក អាច​បណ្តាល​ឲ្យ​កូន​កើត​មក​មាន​បញ្ហា​ពី​កំណើត ដែល​វា​មិន​អាច​នឹង​ត្រឡប់ ទៅ​រក​ភាព​ដើម​វិញ​នោះទេ ទោះបីជា​អ្នក​ខិតខំ​បំប៉ន ឬ​ប្រើ​ថ្នាំ​ក្រោយពេល​សម្រាល​រួច​យ៉ាងណាក្តី​។​
​កង្វះ​អាស៊ីតហ្វូលិ​ក អាច​បណ្តាល​ឲ្យ​ទារ​កជួប​បញ្ហា ៖

​ជំងឺ​លៀន​ឆ្អឹងខ្នង​ពី​កំណើត (Spina Bifida)
​វា​ជា​ស្ថានភាព​ជំងឺ​មួយ ដែល​ឆ្អឹងខ្នង​របស់​ទារក លូតលាស់​ខុសធម្មតា (​បិទ​មិន​ជិត​) ដែល​វា​បង្កើតបានជា​ចន្លោះប្រហោង​មួយ ដែល​ធ្វើឲ្យ​ទារ​ក​ត្រូវ​ទទួលរង នូវ​ការខូចខាត​សរសៃប្រសាទ​ធ្ងន់ធ្ងរ​។ ក្នុង​ករណី​ខ្លះ វា​ធ្វើឲ្យ​កុមារ​ស្ពឹក​ដៃជើង ឬ​កម្រើក​មិន​បាន​ទៀត​ផង​។​

​ជំងឺ​ក្បាល​ធំ (Anencephaly)
​វា​ជា​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពី​កំណើត​មួយទៀត ដែល​អាច​បណ្តាលមកពី​កង្វះ​សារធាតុ​អាស៊ីតហ្វូលិ​ក អំឡុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​។ ជំងឺ​ក្បាល​ធំ កើតឡើង​ដោយសារតែ អវត្តមាន​នៃ​ចំណែក​មួ​យ​ភាគ​ធំ របស់​ខួរក្បាល លលាដ៍ក្បាល និង​ស្បែកក្បាល​។​
​រាងកាយ​របស់​មនុស្ស​យើង ត្រូវការ​អាស៊ីតហ្វូលិ​ក ដើម្បី​បង្កើត​ជា​កោសិកា​គ្រាប់​ឈាម​ក្រហម និង​ការពារ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​។​
​អាស៊ីតហ្វូលិ​ក ចាំបាច់​ណាស់ ក្នុង​ការផលិត ជួសជុល និង​ដំណើរ DNA ក្នុង​ខ្លួន​របស់​យើង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។