ប្លែកមែន! មេដឹកនាំសាសនាកំពូល របស់អារ៉ាប៊ីសាអូឌីត ហាមឃាត់ មិនឲ្យមានការលេងអុក

អារ៉ាប៊ីសាអូឌីត៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ មានការហាមឃាត់មិនឲ្យមាន ការលេងល្បែងអុក ឬក៏ព្រឹត្តិការណ៍ប្រកួត លេងអុក នៅក្នុងប្រទេសរបស់ខ្លួន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មេដឹកនាំសាសនាលំដាប់កំពូល ប្រចាំប្រទេសអារា៉ប៊ីសាអូឌីត លោក Abdul Aziz bin-Abdullah ក្នុងវ័យ ៨០ឆ្នាំ បានចាត់វិធានការ ដោយការចេញបទបញ្ជា នៃសាសនាអ៊ីស្លាមមួយ ដើម្បីហាមឃាត់ និងរារាំង មុនពេលព្រឹត្តិការណ៍ប្រកួតលេងអុក ឈានចូលមកដល់ នៅថ្ងៃទី២៣ ខែមករា ស្អែកនេះ ក្នុងទីក្រុង Mecca។

មេដឹកនាំសាសនារូបនេះ បានថ្លែងថា «ល្បែងប្រភេទនេះ បានបង្កើតឲ្យមានឱកាសខ្ជះខ្ជាយប្រាក់កាស និងស្ថិតចូលទៅក្នុងប្រភេទល្បែងស៊ីសង ដែលត្រូវបានហាមឃាត់ ដូចមានចែងក្នុងគម្ពីរធម៌ Qu’ran»។ លោកបានបន្ថែមទៀតថា «ល្បែងលេងអុកនេះ ធ្វើឲ្យខ្ជះខ្ជាយពេលវេលា និងបង្កឲ្យកើតមានការគុំគួន ស្អប់គ្នា និងក្លាយជាសត្រូវនឹងគ្នា រវាងមនុស្ស និងមនុស្សផងដែរ»។

ប្លែកមែន! មេដឹកនាំសាសនាកំពូល របស់អារ៉ាប៊ីសាអូឌីត ហាមឃាត់ មិនឲ្យមានការលេងអុក
អ្នកបកប្រែច្បាប់សាសនា ដ៏សំខាន់បំផុតរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត ចាត់ទុកការលេងអុក ជារឿងដែលត្រូវ ហាមឃាត់

ទោះជាយ៉ាងនេះក្តី លោក Musa Bin Thaily ប្រធានគណៈកម្មាធិការច្បាប់ នៃសហព័ន្ធល្បែងអុក របស់ប្រទេស អារ៉ាប៊ីសាអូឌីត បានថ្លែងបញ្ជាក់ថា «ព្រឹត្តិការណ៍ប្រកួត នឹងត្រូវប្រព្រឹត្តធ្វើឡើង ទៅតាមគម្រោងនៅថ្ងៃស្អែក បើទោះបីជាមានការ រារាំង និងហាមឃាត់យ៉ាងណាក្តី។ ហើយខ្ញុំក៏មិនបានគិតថា ល្បែងអុក ប្រភេទនេះ អាចបង្កឲ្យមានការគំរាមកំហែង ដល់សង្គមនោះដែរ»។

គូសបញ្ជាក់ផងដែរថា ជនជាតិមូស្លីមភាគច្រើន ជាញឹកញាប់តែង គោរពតាមការណែនាំ របស់មនុស្សដែលមាន តួនាទីខ្ពស់ក្នុងសាសនា ប៉ុន្តែការប្រកាស  ឬក៏ការណែនាំទាំងនោះ មិនត្រូវបានចាត់បញ្ចូល នៅក្នុងច្បាប់របស់ប្រទេសឡើយ៕

ប្លែកមែន! មេដឹកនាំសាសនាកំពូល របស់អារ៉ាប៊ីសាអូឌីត ហាមឃាត់ មិនឲ្យមានការលេងអុកប្លែកមែន! មេដឹកនាំសាសនាកំពូល របស់អារ៉ាប៊ីសាអូឌីត ហាមឃាត់ មិនឲ្យមានការលេងអុក
លោក Abdul Aziz bin-Abdullah (ខាងឆ្វេង) ល្បែងអុក ដែលពេញនិយម នៅតាមបណ្តាប្រទេសជាច្រើន (ខាងស្តាំ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត