អស់ពី Ebola ឥឡូវ វីរុស Zika ទៀតហើយ ដែល​កំពុង​វាយប្រហា​រអា​មេ​រិច​, ចុះ​កម្ពុជា​យើង​?

អស់ពី Ebola ឥឡូវ វីរុស Zika ទៀតហើយ ដែល​កំពុង​វាយប្រហា​រអា​មេ​រិច​, ចុះ​កម្ពុជា​យើង​?

​វីរុស Zika គឺជា​សារ​ព្រមាន​ថ្មី​មួយទៀត សម្រាប់​សុខភាព​ប្រជាជន​ទូទាំង​ពិភពលោក ជាពិសេស ទារក​តូចៗ ដែល​នឹង​ត្រូវ​កើត ដោយសារ​បញ្ហា​ខួរក្បាល មិន​រីកលូតលាស់​ដូច​ធម្មតា​។​

​តំបន់​មួយចំនួន ត្រូវបាន​គេ​ប្រកាស​ដាក់​ក្នុង​ភាពអាសន្ន ហើយ​គ្រូពេទ្យ​បានបញ្ជាក់​ថា វា​ជា​ជំងឺ​រាតត្បាត​ដ៏​សាហាវ​មួយ​។ ម្យ៉ាងវិញទៀត ក្រុម​គ្រូពេទ្យ​បាន​និយាយថា ស្ត្រី​ទាំងអស់ គួរតែ​ពន្យារពេល​ក្នុង​ការ​មាន​ផ្ទៃពោះ​។​

​តើ​វីរុស Zika មាន​ដើមកំណើត​មកពីណា​?
Zika ត្រូវបាន​គេ​រកឃើញ​ក្នុង​ឆ្នាំ ១៩៤៧ នៅ​ប្រទេស​អូ​ហ្កង់​ដា ហើយ​បាន​រាលដាល​ដល់​ប្រទេស​មួយចំនួន នៅ​ទ្វីប​អាហ្វ្រិ​ច អាស៊ី​អាគ្នេហ៍ និង​បណ្តុំ​កោះ​នៅ​ទ្វីប​ប៉ា​ស៊ី​ហ្វិ​ច​។ ប៉ុន្តែ នៅក្នុង​ឆ្នាំ ២០១៥ វា​ត្រូវ​បាន​គេ​រកឃើញ នៅ​ប្រទេសប្រេ​ស៊ីល​។​
​យ៉ាងណាមិញ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​កើត​នោះ​ប្រទេស​មួយចំនួន ដូចជា កូ​ឡំប៊ី អែល​សា​វាដ័រ ហ្កា​ណា ហៃ​ទី ហុងដូ​រ៉ាស ម៉ា​ទី​និក ប៉ា​ណា​ម៉ា ម៉ិចស៊ីកូ ប៉េ​រូ វ៉េ​នី​សូ​អេ​ឡា​។​ល​។​
“​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះគឺ វា​កំពុង​ផ្ទុះ​ឡើង​វិញ និង​ជា​សញ្ញា​ប្រកាសអាសន្ន​” នេះ​បើ​យោង​តាម​វិទ្យាស្ថាន​សុខភាព​ជាតិ របស់​សហរដ្ឋ​អា​មេ​រិច​។​

​តើ​វា​ចម្លង​តាមរយៈ​អ្វី​?
​មូស Aedes aegypti  អាច​ជា​ភ្នាក់​ចម្លង​របស់​វីរុស​នេះ​។ ហើយ​វា​ក៏​អាច​ចម្លង​មេរោគ​គ្រុនឈាម និង​វីរុស chikungunya ផងដែរ​។​
​វា​មិន​ដូចនឹង​មូស ដែល​ចម្លង​ជំងឺគ្រុនចាញ់​នោះទេ គឺថា​មូស​នេះ មាន​សកម្មភាព​គ្រប់ពេល​តែម្តង ដែល​តម្រូវ​ឲ្យ​យើង​ស្ថិតក្នុង​មុង ឬ​របស់​ការពារ​ខ្លួន​ជានិច្ច​។​

​តើ​វា​មាន​គ្រោះថ្នាក់​កម្រិតណា​ទៅ​?
​ការស្លាប់ វា​កម្រ​នឹង​កើតមាន ហើយ​មាន​តែ​ម្នាក់ ក្នុងចំណោម ៥ នាក់​ដែល​ឆ្លង​មេរោគ​ប៉ុណ្ណោះ ដែល​នឹង​វិវត្ត​ជា​រោគសញ្ញា​។ រោគសញ្ញា​ទាំងនោះ​មានដូចជា ៖
​    ​គ្រុនក្តៅ​បន្តិចបន្តួច​
​    ​ភ្នែក​ឡើង​ក្រហម និង​ឈឺ​
​    ​ឈឺក្បាល​
​    ​ឈឺ​សន្លាក់​
​    ​ឡើង​កន្ទួល​ក្រហម​។​
​វា​គ្មាន​វ៉ាក់សាំង ឬ​ថ្នាំ​សម្រាប់​ព្យាបាល​នោះទេ ប៉ុន្តែ អ្នកជំងឺ​ទាំងអស់ ត្រូវបាន​គេ​ណែនាំ​ឲ្យ​សម្រាក និង​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។​
​វា​គួរឲ្យខ្លាច ដូច​អេ​បូឡា​អញ្ចឹង ប៉ុន្តែ សង្ឃឹមថា ប្រទេស​កម្ពុជា​យើង អាច​ជៀសផុត មុនពេល​គេ​រកឃើញ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ទៅ​ចុះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។