ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ប្រកាស​នា​ថ្ងៃ​ទី​២១ មក​រា ពី​ការ​ដោះ​លែង​ពួក​ឧទ្ទាម​ដំបូង​ៗ​ដែល​ទទួល​ការ​លើកលែងទោស​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​សន្តិភាព​ដែល​ចរចា​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១២​មក ជាមួយ​ពួក​ឧទ្ទាម​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី FARC ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​រយៈពេល​កន្លះ​សតវត្ស​មក​ហើយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​ដើម្បី​សន្តិភាព​ប្រកាស​ថា មនុស្ស​១៦​នាក់​ក្នុង​ចំណោម​មនុស្ស​៣០​នាក់ ដែល​រដ្ឋាភិបាល​សម្រេច​លើកលែងទោស​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ត្រូវ​បាន​ដោះ​លែង​រួច​ហើយ ។

សេចក្តី​ប្រកាស​នោះ​និយាយ​ថា នេះ​ជា​កាយវិការ​ឯកតោភាគី​លើក​ដំបូង​របស់​រដ្ឋាភិបាល ក្រោយ​ធ្វើការ​វាយតម្លៃ​លើ​ការ​គោរព​បទ​ឈប់​បាញ់​គ្នា​ជា​ឯកតោភាគី​ដោយ​ពួក FARC ការ​ចុះ​ថយ​នៃ​អំពើ​ហិង្សា និង​ការ​ជឿនលឿន​ទៅ​មុខ​នៃ​ដំណើរការ​សន្តិភាព ។

រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល សាន់​តូ​ស បាន​លើកលែងទោស​ដល់​សមាជិក​ពួក​ឧទ្ទាម​សរុប​៣០​នាក់ ដោយសារ​ទំនុកចិត្ត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​សំខាន់​នេះ​របស់​ប្រទេស​ដែល​ធ្វើ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១២​មក នៅ​ប្រទេស​គុយ​បា ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​ចំណាស់​បំផុត​នៅ​ទ្វីបអាមេរិក ។

ក្រុម​ឧទ្ទាម FARC ដែល​ចាត់​ទុក​ការ​លើកលែងទោស​នេះ​ថា​ជា​កាយវិការ​វិជ្ជមាន​មួយ​នោះ ទាមទារ​ឱ្យ​ដោះ​លែង​អ្នកទោស FARC ៨០​នាក់ ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ ចំណែក​លោក IVAN MARQUEZ ប្រមុខ​គណៈប្រតិភូ​របស់​ពួក FARC ក្នុង​ការ​ចរចា​នៅ​ទីក្រុង​ឡា​ហា​វ៉ា​ន កាលពី​ថ្ងៃ​ទី​១៧ មក​រា កន្លង​មកនេះ ក៏​ស្នើ​ផង​ដែរ​ឱ្យ​ដោះ​លែង​បណ្តា​ប៉ូលិស និង​ទាហាន​ដែល​មាន​ជំងឺ ។

ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​ដើម្បី​សន្តិភាព​គូសបញ្ជាក់​ថា ពួក​ឧទ្ទាម​ទាំងនេះ​ដែល​ទទួល​ការ​ដាក់ទោស​ពុំ​មែន​ដោយសារ​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​ដោយសារ​ឧទ្ទាម​កម្ម ក្រោយ​ការ​ដោះ​លែង​ត្រូវ​សន្យា​លែង​ចូលរួម​ក្នុង​ជួរ​ពួក FARC តែ​ចាប់ផ្តើម​ដំណើរការ​ធ្វើ​សមាហរណកម្ម​ក្នុង​ជីវភាព​ស៊ី​វិល ហើយ​ប្រែក្លាយ​ខ្លួន​ជា​អ្នក​ជំរុញ​សន្តិភាព ៕