ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖​ សេចក្តីរាយការណ៍ពីស្រុកកែវសីមាបានឲ្យដឹង​ជំហានដំបូងមកថា ​ស្ពានមួយកន្លែងចូលទៅ​ក្រុមហ៊ុនប៊ិញភឿក១ ​ដែលជាក្រុមហ៊ុន​ទទួលបានសម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិបាល​ក្នុងការវិនិយោគដំណាំកៅស៊ូ​ ប៉ុន្តែបែរជាមានឈើស្តុកទុករាប់ពាន់ម៉ែត្រគូប​ ស្ថិតក្នុងឃុំស្រែព្រះ​ ស្រុកកែវសីមា ​បានត្រូវជនមិនស្គាល់មុខមួយ​ក្រុម​រុះរើ​ ​និងដុតបំផ្លាញ​ចោលកាលពីយប់ថ្ងៃទី២១​ មករា ​២០១៦ ។

ការរុះរើនិងដុតបំផ្លាញ​ស្ពានដែលស្ថិតក្នុងភូមិសាស្រ្តខាងលើ ​បានធ្វើឡើងបន្ទាប់ពី​មានព័ត៌មានមិនផ្លូវការថា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន ​នឹងអញ្ជើញទៅ​ពិនិត្យឈើ​នៅក្នុងក្រុមហ៊ុននោះ ។

យ៉ាងណាក៍ដោយ ​លោក ស្វាយ សំអ៊ាង ​អភិបាលរងខេត្តមណ្ឌលគិរី និង​ លោក ស៊ិន វណ្ណវុឌ្ឍ ​អភិបាលស្រុកកែវសីមា​ បានបញ្ជាក់បា្រប់​គេហទំព័រកោះសន្តិភាព​តាមទូរស័ព្ទ​នៅប៉ុន្មាន​នាទីមុននេះថា​ ព័ត៌មានពីការបំផ្លាញស្ពាននេះ​ លោកទំាងពីរមិនទាន់បាន​ទទួលនៅឡើយទេ ​និង កំពុងឲ្យមន្រ្តីចុះពិនិត្យ ។

សេចក្តីរាយការណ៍​បានបន្តទៀតថា ​ព័ត៌មានពីកាបំផ្លាញស្ពាននេះដែរ ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី​បានធ្វើរារំាងគំរាមអ្នកកាសែតមិន​ឲ្យចូល​ទៅថតរូបយកព័ត៌មាន​ឡើយ ។

ពាក់ព័ន្ឋបញ្ហាអ្នកកាសែតនេះ ​មេបញ្ជាការកងរាជហត្ថខេត្តមណ្ឌលគិរី ​លោកឧត្តមសេនីយ៍ត្រី ​សាក់ សារ៉ាង ​មិនអាចទាក់ទងតាម​ទូរស័ព្ទដើម្បីសុំការបំភ្លឺបាន​ដែរ ដោយ​លេខទូរស័ព្ទលោក​បានបិទមិនដំណើរការ ៕