របាយការណ៍​ថ្មី​បង្ហាញ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ទីផ្សារ​ប្រើ​ទូរសព្ទ​នៅ​កម្ពុជា


របាយការណ៍​ថ្មី​បង្ហាញ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ទីផ្សារ​ប្រើ​ទូរសព្ទ​នៅ​កម្ពុជា

វិទ្យាស្ថាន​បើកទូលាយ ដោយ​មាន​ការ​សហការ​ពី​មូលនិធិ​អាស៊ី និង Development Innovations និង​ក្រោម​ការ​ឧបត្ថម្ភពី​ USAID បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​បង្ហាញ​ការវិវឌ្ឍន៍​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

របាយការណ៍​ថ្មី​បង្ហាញ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ទីផ្សារ​ប្រើ​ទូរសព្ទ​នៅ​កម្ពុជា

 

ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​កំណើន​ការ​ប្រើប្រាស់​អក្សរខ្មែរ​នៅ​លើ​ទូរសព្ទ​ និង​ការ​រីកចម្រើន​នៃ​ទីផ្សារ​ប្រើប្រាស់​ទូរសព្ទ​​ដៃ​ដែលមាន​ការ​កើន​ឡើង​យ៉ាង​គំហុក។

 

ទិន្នន័យ​ប្រមូល​បាន​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា តម្រូវការ​ប្រើប្រាស់​​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​តូច​ចង្អៀត។ ពលរដ្ឋ​កម្ពុជា​ជាង​ ៩៤ ភាគរយ​​មាន​ទូរសព្ទ​ដៃ​ប្រើប្រាស់។ ក្នុង​ចំណោម​នោះ​ ៣៩.៩% ជា​ Smartphone ជា​ប្រភេទ​ទូរសព្ទ​ដែល​អាច​ប្រើ​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​បាន​​ដែល​ចំនួន​នេះ​កើន​ឡើង ៤១% បើ​ធៀប​ឆ្នាំ ២០១៤ និង ៨១.៥% ធៀប​ឆ្នាំ​២០១៣។

 

ទាក់ទង​ចំណែក​ទីផ្សារ​ទូរសព្ទ​ដែល​ទទួល​ការ​ប្រើប្រាស់​ច្រើន​មាន Samsung បាន​កាន់កាប់​ចំណែក​ទីផ្សារ​រហូត​ដល់ ៤៨.៨%, Apple ប្រហែល ២៤.៦%, Nokia ៦.៩%, LG ៣.៧% និង​ម៉ាក​ផ្សេង​ទៀត​មាន Huawei, HTC, Sony Ericsson និង Singtech សរុប​មាន​ចំណែក​ទីផ្សារ​ចំនួន ១៦%។