ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុងប៉ារីស និង​ក្រុង​វ៉ា​ស៊ី​ន​តោន វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២១ មក​រា ថា ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចុះ​ខ្សោយ​យ៉ាង​ច្បាស់​នៅ​អីុរ៉ា​ក់ និង​នៅ​ស៊ី​រី ដោយ​ពួក​ជី​ហា​ដ​ប្រមាណ​ជា​២២.០០០​នាក់​ត្រូវ​សម្លាប់​រយៈពេល​មួយ​ឆ្នាំ​កន្លះ ។

នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​ក្រុង DAVOS រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក JOHN KERRY វាយតម្លៃ​ថា មក​ដល់​ពេល​នេះ​យើង​វាយប្រហារ​លើ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ពួក​នេះ​បាត់បង់​ដែនដី​ដែល​ខ្លួន​ត្រួតត្រា​៤០%​នៅ​អីុរ៉ា​ក់ និង​រវាង​ពី​២០​ទៅ​៣០%​នៅ​ស៊ី​រី ។ លោក​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​រង​ការ​កម្ទេច​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​រហូត​ដល់​ដាច់​ឆ្នាំ​២០១៦ ។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង លោក JEAN YVES LE DRIAN តាម​ទូរទស្សន៍ FRANCE-24 ថ្លែង​ថា តាម​តួលេខ​របស់​ក្រុមចម្រុះ​ពួក​ជី​ហា​ដ​២២.០០០​នាក់​ត្រូវ​ស្លាប់​តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស​មក ។

ចំណែក​អ្នកសម្របសម្រួល​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ភេរវកម្ម លោក GILLE DE KERCHOVE ថា ការ​វាយបក​ដែល​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ប្រឈម​មុខ​របស់​ក្រុមចម្រុះ អាច​ជំរុញ​ឱ្យ​មេដឹកនាំ​ពួក​នេះ​មួយ​ចំនួនរ​ត់ទៅ​កាន់​ប្រទេស​លី​ប៊ី​ជា​ប្រទេស​ពុំ​ទាន់​មានការ​វាយប្រហារ​តាម​អាកាស​ព្រមទាំង​គ្មាន​រដ្ឋាភិបាល​គ្រប់គ្រង​ពេញលេញ ។

ចាប់ផ្តើម​ពី​រដូវក្តៅ​ឆ្នាំ​២០១៤​មក ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​ត្រូវ​បាន​បង្កើន​ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​កាលពី​ខែវិច្ឆិកា​មក ពិសេស​លើ​បណ្តា​ទីតាំង​ប្រេងកាត​ដែល​ការ​លក់​ប្រេង​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ចាប់តាំងពី​ពេល​នោះ​មក ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ហាក់​ធ្លាក់​ក្នុង​សភាពការណ៍​ផុយ​ស្រួយ​ខ្លាំង​មួយ ដែល​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង​ថា មួយ​រយៈ​មកនេះ ពុំ​មានការ​វាយលុក​ធំ​ណាមួយ​របស់​ក្រុម​នេះ​ឡើយ រួច​មធ្យោបាយ​ហិរញ្ញវត្ថុ​របស់​គេ​ក៏​ចាប់ផ្តើម​អស់​ដែរ ។

រីឯ​មេបញ្ជាការ​របស់​នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE ឧត្តមនាវី RENE JEAN CRIGNOLA ពេល​នាវា​នេះ​ឈប់​សំចត​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី​ក៏​វាយតម្លៃ​ដែរ​ថា ការ​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ទទួល​បាន​ផ្លែផ្កា​ហើយ ។

ទោះបី​យ៉ាងណា លោក JEAN YVES LE DRIAN អះអាង​ថា គេ​ត្រូវ​តែ​ប្រកាន់​យក​ការ​ប្រុង​ប្រយ័ត្ន ។ លោក​ថា ទោះបី​ពួក​គេ​ទ្រោម​ខ្លួន ដោយសារ​អន្តរាគមន៍​របស់​យើង ដោយ​រង​ការ​ខូចខាត​ទាំង​មធ្យោបាយ​ធុន​ធ្ងន់ តែ​ពួក​គេ​នៅ​រិះរក​មធ្យោបាយ​វាយប្រហារ​ថ្មី​ៗ ។ ពួក​គេ​បន្លំ​ខ្លួន​ក្នុង​ចំណោម​ប្រជាជន​ស៊ី​វិល ហើយ​ការពារ​ខ្លួន​បែប​នេះ ។ ពួក​គេ​អាច​ធ្វើការ​វាយប្រហារ​សំដៅ​ចំណុច​នានា​នៅ​តាម​កន្លែង​ផ្សេង​ៗ ។

យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​នាំ​ឱ្យ​មានការ​ដកថយ​លើក​ដំបូង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពី​ទីក្រុង​កូ​បា​នេ (​ស៊ី​រី​) ពី​ទីក្រុង SINJAR ហើយ​ចុង​ក្រោយ​ពី​ទីក្រុង​រ៉ា​ម៉ា​ឌី (​អីុរ៉ាក់)។ ក៏​ប៉ុន្តែ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​ជ្រើសរើស​យុទ្ធ​ជន​របស់​ខ្លួន ។ យោង​តាម​លោក LE DRIAN ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​យុទ្ធ​ជន​ប្រមាណ​ជា​៣៥.០០០​នាក់ ក្នុង​នោះ​មាន​ជន​បរទេស​យ៉ាងតិច​១២.០០០​នាក់ ។

អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​១៦ មក​រា បាន​ធ្វើការ​វាយលុក​ធំ​មួយ​លើ​ទីក្រុង DEIR EZZOR កាន់កាប់​ដោយ​ក្រុង​ដា​ម៉ាស់ ។

ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ថ្លែង​នៅ​ក្រុងប៉ារីស​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​ប្រទេស​សំខាន់​៧​ចូលរួម​ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ថា ដើម្បី​កម្ទេច​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​អស់​សង្វា​ក់​នៃ​អន្តរាគមន៍​នឹង​ត្រូវ​បង្កើន ។ ប្រមុខរដ្ឋ​បារាំង​គូសបញ្ជាក់​ថា យុទ្ធសាស្ត្រ​ដែល​អះអាង​ជា​ថ្មី​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​គឺ​ឈាន​ទៅ​រំដោះ​ទីក្រុង​រ៉ា​កា ស៊ី​រី និង​ក្រុម​ម៉ូ​ស​ស៊ុ​ល​អីុ​រ៉ា​ក់ ព្រោះ​នៅ​ទីនោះ​មាន​បណ្តា​មជ្ឈមណ្ឌល​ទីបញ្ជាការ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTON CARTER ក្នុង​សុន្ទរកថា​នាទី​ក្រុងប៉ារីស ថ្លែង​ថា កងកម្លាំង​ពិសេស​អា​មេ​រិ​ក​ក៏​មាន​វត្តមាន​ដែរ​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។ កងកម្លាំង​នេះ​ជួយ​បង្កើន​ប្រសិទ្ធភាព​យោធា​របស់​ក្រុមចម្រុះ ។ នា​ឱកាស​នោះ លោក​អំពាវនាវ​ដល់​តួ​ក​គី​ឱ្យ​ជួយ​ថែម​ទៀត​ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រុមចម្រុះ​ពិសេស​ជួយ​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​ជាមួយ​ស៊ី​រី ។