ថ្ងៃ​២៨​មករា គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ​លោក អ៊ឹម ឈុនលឹម ជួបប្រជុំ​ជាមួយ​អ្នកឧកញ៉ា គិត​ម៉េង​

ភ្នំពេញ: ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន បាន​អញ្ជើញ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group Co., Ltd ដើម្បី​ចូលរួម​កិច្ចប្រជុំ នៅ​រសៀល​ម៉ោង ៣ និង ៣០ នាទី ថ្ងៃទី​២៨​មករា ពិភាក្សា​ជ្រើសរើស​វិធានការ និង​ទីតាំង​សមស្រប ដើម្បី​សាងសង់​ផែ​នៅ​តំបន់ឆ្នេរ​សមុទ្រ ក្រុងព្រះសីហនុ ក្នុង​គោលដៅ​បម្រើឱ្យ​ការអភិវឌ្ឍន៍​កោះរ៉ុង​។​

​កិច្ចប្រជុំ​នោះ នឹងធ្វើ​ឡើង តាម​សំណើ​របស់​ក្រុមហ៊ុន Royal Group ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ និង​គោលដៅ​រក្សា​ឱ្យបាន​តំបន់ឆ្នេរ​ខ្សាច់​អូរត្រេះ ជា​ឆ្នេរ​សា​ធាណៈ​ដ៏​ស្អាត សម្រាប់​ការកម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ផង និង​ការអភិវឌ្ឍ​ផង​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០​មករា ឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានចេញ​លិខិត ហាម​មិន​ឲ្យ​ក្រុមហ៊ុន Royal Group សាងសង់​កំពង់ផែ នៅ​ឆ្នេរ​អូរត្រេះ ដែល​ក្រុមហ៊ុន បានដាក់​លិខិត​ស្នើសុំ នោះទេ​។ ការចេញលិខិត​នោះ ធ្វើឡើង ខណៈដែល​ក្រុមហ៊ុន​របស់លោក​គិត​ម៉េង កំពុងដំណើរការ​សាងសង់​កំពង់ផែ នៅ​តំបន់​អូរត្រេះ ហើយ​ទោះបី​ជាមាន​លិខិត​ហាមឃាត់ តែ​មក​ត្រឹម​ថ្ងៃទី​២១​មករា គឺ​ការដ្ឋាន​សាងសង់​ផែ​ទេសចរណ៍​នោះ នៅតែ​បន្ត​ដំណើរការ​នៅឡើយ​៕​