កម្លាំង​ព្រហ្មទណ្ឌ ខេត្ត​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ រំលោភ​សម្លាប់​នៅ​ស្រុក​ឈូក​បាន​ម្នាក់ទៀត​

កំពត: កម្លាំង​នៃ​ការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ​ខេត្ត  បាន​សហការ​នឹង​កម្លាំង​នគរបាលរាជធានី​ភ្នំពេញ​ស្រាវជ្រាវ​បំបែកសំណុំរឿង ករណី​ឃាតកម្ម រំលោភ​សំលាប់លើ​កុមារី​រងគ្រោះ នៅ​ស្រុក​ឈូក សម្រេច​ដោយ​ជោគជ័យ​រហូត​ឈានទៅឃាត់ខ្លួន​បាន​ជនដៃដល់​​ជា​បន្តបន្ទាប់​គ្នា បាន​១​នាក់​ថែមទៀត សរុប​ចំនួន​២​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត បានអោយដឹងថា​៖ ជនសង្ស័យទី​១-​ឈ្មោះ​ថន រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គុយ ឃុំល្បើក ស្រុក​ឈូក ខេត្តកំពត ត្រូវបាន​កម្លាំង​នគរបាល​នៃ​ការិយាល័យ កណ្តាលព្រហ្មទណ្ឌ​ខេត្ត​ធ្វើការ​​ឃាត់ខ្លួន​បាន កាលពី​រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ចំណុច​ភូមិ​ត្រពាំង​គុយ​ខាងលើ​។ និង​ទី​២-​ឈ្មោះ​ទូច ចន្ថា ហៅ​ទុយ ភេទ​ប្រុសអាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ដូចគ្នា ជនសង្ស័យ​រូបនេះ ត្រូវ​កម្លាំង​នគរបាលព្រហ្មទណ្ឌ ខេត្តកំពត សហការ​នឹង​កម្លាំង​​នគរបាល​រាជធានី​ភ្នំពេញ និងកម្លាំង​នគរបាល​មូលដ្ឋាន នៃ​សង្កាត់​ព្រែកលៀប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅកន្លែង​ធ្វើ​សំណង់​ស្ថិតក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមករា ​ឆ្នាំ​២០១៦​នេះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ បាននិងកំពុង បន្ត​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ឡើងតុលាការ ផ្តន្ទាទោស​តាមច្បាប់​។​

 ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសពក្មេងស្រី​ម្នាក់ នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅចំណុច​គំនរ​ចំបើង កន្លែង​ដាច់ស្រយាល​មួយ ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើកស្រុក​ឈូក ខេត្តកំពត រួចមក កម្លាំង​សមត្ថកិច្ច បាន​បើក​ការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នា​រសៀល​ថ្ងៃ​ដដែល​។​

​កុមារី​រងគ្រោះ ឈ្មោះ ឃុន ណាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​-​កើតហេតុ​ខាងលើ​។ចំណែក​ជនសង្ស័យ​ឈ្មោះ ថន រ៉ាត់ អាយុ ១៧​ឆ្នាំ ហើយ​នៅពេលនេះ កម្លាំង​សមត្ថកិច្ចកំពុង​តាម​ចាប់​បក្សពួក​ជនដៃដល់​ដែល​កំពុង​រត់គេចខ្លួន​បន្តទៀត​។​

​មុនពេល​កើតហេតុ កុមារី​ស្រី​រងគ្រោះ បាន​ចេញពីផ្ទះ​ទៅ​រៀន តាំងពីព្រឹក​ថ្ងៃទី​១៩ខែមករា ឆ្នាំ​២០១៦ រហូតដល់​ល្ងាច​បងប្អូន​កុមារី​រងគ្រោះ មិន​បានឃើញត្រឡប់មកផ្ទះ​វិញ ក៏បាន​បបួលគ្នា ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។ លុះព្រឹក​ឡើង​ថ្ងៃទី​២០ ខែមករា ទើប​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ​សាកសព នៅចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​នគរបាល​ភ្លាម ឲ្យចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។​

​សូមបញ្ជាក់ថា កុមារី​រងគ្រោះ មាន​ឪពុក កំព្រាម្តាយ រស់នៅ​ជាមួយ​បងប្អូន ដោយឪពុក មិនបាន​នៅផ្ទះ​ទេ គឺ​ចេញ​ទៅលេង​បងប្អូន នៅឯ​ខេត្តបាត់ដំបង ឯណោះ​។​

​ក្រោយពី​មាន​ករណីនេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស បាន​ចុះមក​ពិនិត្យលើ​ខ្លួនប្រាណ​សាកសព រួច​ដាក់​ការសង្ស័យ​ជាបឋម​ជា​​រឿង​រំលោភ​សេពសន្ថវៈ រួច​សម្លាប់ចោល ដើម្បី​បំបិតមាត់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅពេលនេះ កម្លាំងសមត្ថកិច្ច ក្រោម​ការបញ្ជា​ដោយ​​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ធ្វើយ៉ាងណា​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនដៃដល់​យកមកចាត់​ការ​តាមផ្លូវ​ច្បាប់​៕

កម្លាំង​ព្រហ្មទណ្ឌ ខេត្ត​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ រំលោភ​សម្លាប់​នៅ​ស្រុក​ឈូក​បាន​ម្នាក់ទៀត​