Vieira ចង់​​ដឹង​នាំ​ក្រុម​ New York តាម​របៀប​លោក Mourinho និង Wenger

អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ Arsenal លោក Patrick Vieira ថា​​ចង់​អនុវត្ត​មេរៀន​ដែល​ទទួល​បាន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho និង Arsene Wenger​ មកដឹកនាំ ក្លិប​​បាល់ទាត់អាមេរិក New York City ក្នុងនាម​លោក​ជា​គ្រូ​បង្វឹក​ថ្មីនៃ​ក្លិប​នេះ ប៉ុន្តែ​​លោកក៏​​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បង្កើត​អ្វី​​ផ្ទាល់​ខ្លួន​របស់​ខ្លួន​​ដែរ។

veiraអតីត​កីឡាករ​​ក្លិប Arsenal,​ Juventus និង Inter Milan វ័យ ៣៩ ឆ្នាំ​រូប​នេះ​ បាន​​បញ្ជាក់​​ថា ក្រៅ​ពី​ឥទ្ធិពល​ដែល​គ្រូបង្វឹក​ទាំងពីរ​នេះ​មាន​ទៅ​លើ​អាជីព​របស់​លោក តិចនិច ស្ទាយ៍​នៃ​ការ​ផ្តោត​ទៅ​លើ​បញ្ហា​យ៉ាង​ល្អិត​របស់​លោក Mourinho និង​ យុទ្ធសាស្រ្ត​ផ្តល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​លោក Wenger បាន​ធ្វើ​ឲ្យ​រូប​លោក​មាន​ការ​ស្ញើច​សរសើរ​ជាខ្លាំង។ Vieira ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ​បារាំង ​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ក្នុង​នាម​ជា​ខ្សែបម្រើ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី ថ្ងៃ​ម្សិលមិញ​ថា៖ «អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ Mourinho ជាងគេ​គឺ​ការ​រៀបចំ​មុន​ការ​ប្រកួត​របស់​គាត់។ លោក​តែង​តែ​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​គូ​ប្រកួត​ទៅ​ដល់​កីឡាករ​ដែល​ត្រូវ​ចូល​ប្រកួត»។

Patrick Vieira ធ្លាប់​​​លេង​នៅ​ក្រោម​លោក Jose Mourinho ក្នុង​ក្លិប Inter Milan មុន​ពេល​ដែល​លោក​បាន​ចាក​ចេញ​ទៅ​លេង​ឲ្យ​ក្លិប​ Manchester City នា​ខែ​​មករា ឆ្នាំ ២០១០។ លោក​ Vieira បាន​និយាយ​ពី​លោក Arsene Wenger ថា៖ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ Arsene Wenger ត្រង់​ការ​ផ្តល់​សេរីភាព​ឲ្យ​កីឡាករ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​នៅ​លើ​ទី​លាន​ប្រកួត»។ New York City ជួប​ការ​អស់​សង្ឃឹម​ក្នុង​ក្របខណ្ឌ Major League Soccer នៅ​រដូវកាល​ដំបូង​កាល​ពី​ឆ្នាំ​មុន​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ១៧ ទោះបី​ជា​ក្លិប​នេះ​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​តារា​បាល់ទាត់​ជើង​ចាស់​នៅ​ទ្វីប​អ៊ឺរ៉ុប​ជាច្រើន​ដូចជា David Villa, Frank Lampard និង Andrea Pirlo ក៏​ដោយ។ Vieira បញ្ជាក់​ថា លោក​សង្ឃឹម​ថា នឹង​កសាង​ក្រុម​នេះ​មក​វិញ ដើម្បី​ឆ្លុះ​បញ្ចាំង​សក្តានុពល​នៃ​ទីក្រុង ញូវយ៉ក៕ TN