តើ​អេក្រង់​មាន​កម្រិត 720p, 1080p, 2K និង 4K ខុស​ប្លែក​គ្នា​អ្វីខ្លះ?

ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច នាពេលបច្ចុប្បន្ន បានកំពុងមាន ភាពរីកចំរើន យ៉ាងខ្លាំង ក្នុងនោះស្មាតហ្វូន កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗ ដែលផ្ដោតសំខាន់ ទៅលើផ្ទៃ អេក្រង់បាន កំពុងបោះជំហ៊ាន ទៅមុខយ៉ាង ឆាប់រហ័ស ដោយកាល ពីសប្ដាហ៍មុន ក្នុងកម្មវិធី CES 2016 ក្រុមហ៊ុន LG បានប្រកាស ចេញនូវ ទូរទស្សន៍ស៊េរីថ្មី របស់ខ្លួនមួយ ដែលវា មានកម្រិត Resolution ខ្ពស់ជាងគេ ដល់ទៅ 8K ឯណោះ ដែលវា ជាការអភិវឌ្ឍន៍ ដ៏អស្ចារ្យមួយ ក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ បើទោះបីជា កម្រិត Resolution ទាំងនោះ មានភាពរីក ចម្រើនខ្លាំងក្លា យ៉ាងណាក្ដី ក៏នៅមាន មនុស្សមួយចំនួន នៅពុំ ទាន់បាន ដឹងច្បាស់ អំពីភាព ខុសប្លែកគ្នា រវាងអេក្រង់ ដែលកំពុង មានវត្តមាន នៅក្នុងទីផ្សារ សព្វថ្ងៃនេះ នៅឡើយ ដែលមាន ដូចជាកម្រិត 720p, 1080p, 2K និង 4K​ ជាដើម ដែលវាមាន បំពាក់នៅលើ ស្មាតហ្វូន, កុំព្យូទ័រយួរដៃ, Monitor សម្រាប់កុំព្យូទ័រ Desktop និងទូរទស្សន៍ ជាដើម -ល-។ ហេតុនេះដើម្បី ដឹងកាន់តែ ច្បាស់អំពីភាព ខុសប្លែកគ្នា រវាងកម្រិត Resolution ទាំងនោះ ថាវាមានអ្វី ខុសគ្នា ខ្លះនោះ Cambo Report មានចម្លើយជូន។

តើ​អេក្រង់​មាន​កម្រិត 720p, 1080p, 2K និង 4K ខុស​ប្លែក​គ្នា​អ្វីខ្លះ?

ដើម្បីស្វែងយល់ឲ្យដឹងថាកម្រិត Resolution ទាំង 4 ខាងលើ មានភាពអ្វី ខុសប្លែកគ្នា ខ្លះនោះ ដំបូងយើងត្រូវ ដឹងថា ឲ្យតែអេក្រង់ មានកម្រិត Resolution កាន់តែខ្ពស់ រូបភាព ដង់ស៊ីតេ របស់វាក៏ កាន់តែធំ មានន័យថា រូបភាព​បង្ហាញ លើផ្ទៃអេក្រង់ គឺមានភាព ដិតច្បាស់ មដ្ឋរលោង និងស្រស់ស្អាត ធ្វើឲ្យកែវភ្នែក របស់អ្នក មើលទៅឃើញ ច្បាស់ខ្លាំង រស់រវើក ដូចសកម្មភាព ពិតៗកំពុង កើតឡើង នៅមុខអ្នក ទស្សនាតែម្ដង រីឯអេក្រង់ ដែលមាន សភាពកោង ក៏ជាជំនួយ ធ្វើឲ្យការ ទស្សនា កាន់តែ ពិសេសអស្ចារ្យ ថែមមួយកម្រិតទៀត។ យ៉ាងណាមិញ បើទោះបីជា Resolution ខ្ពស់ក៏ ពិតមែន តែបើទំហំ អេក្រង់តូច ក៏កែវភ្នែករបស់ មនុស្សយើង មើលមិនដឹង អំពីគុណភាព របស់រូបភាព បង្ហាញលើផ្ទៃ អេក្រង់ដែរ ព្រោះកែវភ្នែក របស់មនុស្ស មានកម្រិត មិនអាចមើល ដឹងទាំងអស់ នោះឡើយ ហេតុនេះ ដើម្បីដឹងច្បាស់ ថាកម្រិតទាំង 4 ខាងលើ មានភាព ខុសប្លែកគ្នា ត្រង់ណាខ្លះ ក៏ត្រូវពឹង ផ្អែកលើ ទំហំអេក្រង់ និងការទស្សនា ពីចម្ងាយ ដើម្បីទទួលបាន ប្រសិទ្ធិ ភាពខ្ពស់ និងដឹងច្បាស់ អំពីគុណសម្បត្តិ របស់វា នីមួយៗ។

  • កម្រិត HD ឬ 720p

កម្រិត Resolution 720p ឬ High-definition (HD) ត្រូវបានចាត់ ទុកថាជា កម្រិតមធ្យមមួយ សម្រាប់ការ ប្រើប្រាស់ ធម្មតាលើ មុខងារទូទៅ ដោយវាអាច បង្ហាញកម្រិត រូបភាពបាន 1280 x 720p។​ កម្រិត HD មានវត្តមាន ជាលើកដំបូង ចាប់តាំង ពីឆ្នាំ 1998 មកម្ល៉េះ វាមានកម្រិត ដង់ស៊ីតែ 921,600 លើផ្ទៃអេក្រង់ ទាំងមូល អាចបង្ហាញ រូបភាព លើអេក្រង់ ច្បាស់ល្មម នាពេល បច្ចុប្បន្ន ជាទូទៅ កម្រិត 720p នេះយើងឃើញ វាមានបំពាក់ លើស្មាតហ្វូន ធុនមធ្យម ជាច្រើន ក៏ដូចជា Monitor និងទូរទស្សន៍ ស៊េរីឆ្នាំ 2010 ចុះ។ សម្រាប់អ្នក ប្រើប្រាស់ ស្មាតហ្វូន ពុំមានអ្វី ត្រូវបារម្មណ៍ឡើយ ដោយសារតែ តម្លៃរបស់វា គឺស៊ីសងតាម កម្លាំងស្មាតហ្វូន ផងដែរ តែសម្រាប់អ្នក ប្រើប្រាស់ Laptop, Desktop និងទូរទស្សន៍ អ្នកគប្បី ជាវនូវអេក្រង់ ណាដែល មានកម្រិត 1080p ឡើងទៅ ទើបល្អ ដោយវាមាន ភិចសែល ខ្ពស់អាចបង្ហាញ រូបភាពបាន ច្បាស់ល្អ ថែមទាំង ល្បឿន Frame Rate មានសន្ទុះលឿន។

ជាងនេះទៅទៀត កម្រិតអេក្រង់ 720p មានសមត្ថភាព បញ្ជូនរូបភាព ទូទៅត្រឹម 25fps ហើយក៏ អាចបញ្ជូន រូបភាព ដល់ល្បឿន 60fps និង 72fps ថែមទៀត តែល្បឿននេះ ក៏តម្រូវ ឲ្យកម្មវិធី ឬហ្គេមនេះ Support គ្នាជាមួយ នឹងល្បឿន 60fps នេះដែរ ទើបអាច ដំណើរការបាន។ ការប្រើប្រាស់ ឧបករណ៍មានកម្រិត អេក្រង់ 720p គឺមានភាព ងាយស្រួល ម្យ៉ាងថា បើអ្នកមាន ម៉ាស៊ីនកុំព្យូទ័រ ល្បឿនមធ្យមគឺ អ្នកអាចលេងហ្គេម បានរលូន ជាជាងអេក្រង់ មានកម្រិត រូបភាពធំ។

  • កម្រិត FullHD ឬ 1080p

កម្រិតអេក្រង់ FullHD​ ឬ 1080p ជាជម្រើសមួយ ដ៏ល្អសម្រាប់អ្នក ប្រើប្រាស់ ស្មាតហ្វូន កុំព្យូទ័រ និងទូរទស្សន៍ ដោយសារ វាបង្ហាញ រូបភាព លើផ្ទៃអេក្រង់ បានមដ្ឋល្អ ពណ៌ដិត ថែមទាំង ទាន់សម័យសម្រាប់ការ ប្រើប្រាស់ កម្មវិធី និងលេងហ្គេម ជាដើម។ កម្រិតរូបភាព នេះបង្ហាញ រូបភាព ក្នុងកម្រិត 1920 x 1080p មានកម្រិត ភិចសែល លើផ្អៃអេក្រង់ ទាំងមូល 2073600 មាន Ratio 16:9 ដោយវាអាចបង្ហាញ រូបភាពលើ ផ្ទៃអេក្រង់ បានធំទូលាយ ជាងកម្រិត 72០p ធ្វើឲ្យការ ទស្សនាវីដេអូ និងលេង ហ្គេមល្អ ប្រសើរជាង។ កម្រិត Resolution នេះយើងឃើញ មានបំពាក់ លើស្មាតហ្វូន Monitor និងទូរទស្សន៍តាំង ពីឆ្នាំ 2011 មកម្ល៉េះ ហើយនៅឆ្នាំ 2016 នេះក៏មាន ឧបករណ៍ អេឡិចត្រូនិច ជាច្រើននៅ បំពាក់មកជាមួយ កម្រិតអេក្រង់ ប៉ុណ្ណេះ ផងដែរ ពិសេសម៉ាស៊ីន ហ្គេម PS4, Xbox One, Steam Machine ជាដើម។

លើសពីនេះទៅទៀតអេក្រង់ FullHD គឺជាកម្រិត រូបភាពមួយល្អ បំផុតសម្រាប់ អ្នកលេង ហ្គេមទូទៅ និងទស្សនា ខ្សែភាពយន្ត Online ជាដើម ដោយហ្គេម និងខ្សែភាពយន្ត អនុញ្ញាត ឲ្យលេង និងទស្សនា ក្នុងកម្រិត 1080p បានច្បាស់ល្អ ថែមទាំង ទទួលបាន លទ្ធផល Frame Rate មានល្បឿនលឿន ទៀតផង។ សម្រាប់តម្លៃ របស់វា ប្រៀបធៀប ទៅនឹង ឧបករណ៍បំពាក់ អេក្រង់កម្រិត 720p គឹមិនសូវ មានភាព ខុសប្លែក គ្នាច្រើននោះទេ ក្នុងទីផ្សារ ក្នុងស្រុកយើង ហើយថែមទាំង ងាយស្រួល ស្វែងរក ថែមទៀត។

  • កម្រិត Quad HD ឬ 1440p

អេក្រង់មានកម្រិត Resolution ដល់ទៅ 1440p ឬជាទូទៅ យើងហៅថា 2K នោះ ជាការវិវឌ្ឍន៍ ថ្មីមួយក្នុង យុគសម័យនេះ ជាទូទៅមាន អ្នកប្រើប្រាស់ ភាគច្រើន តែងតែ យល់ច្រឡំ ថាអេក្រង់ 2K គឺជា កម្រិត 1080p ចំនួន 2 ផ្គុំចូលគ្នា តែវាមិន មែនឡើយ។ ជាការ ពិតកម្រិត 2K នេះមាន កម្រិត Resolution ធំជាង 1080p បន្តិចប៉ុណ្ណោះ វាមានកម្រិត ភិចសែល 3686400 លើផ្ទៃអេក្រង់ ទាំងមូល ដោយបង្ហាញ រូបភាព ក្នុងកម្រិត 2560 x 1440p មាន Ratio 16:9។ កម្រិត 2K ឬ 1440p នេះគឺជា ទំហំ 720p ចំនួន 4 រួមគ្នា តែមួយ ដើម្បីផ្គុំ បានកម្រិត 2K នេះ ដោយក្នុងនោះ បើយើង ប្រើប្រាស់ ភ្នែកមើល ទោះលើ អេក្រង់កម្រិត 1080p និង 2K គឺពុំមាន អ្វីខុសប្លែកគ្នា ខ្លាំងនោះទេ ថែមទាំង មើលពុំ ដឹងថាវា ខុសគ្នា ខ្លាំងកម្រិត ណាដែរ តែបើអ្នក មានរូបភាព ឬវីដេអូ មាន Resolution ធំៗ ទើបមើល ដឹងថា 2K អាចបង្ហាញ រូបភាពបាន មដ្ឋជាង។

កម្រិតរូបភាព 2K ឃើញថាត្រូវ បានបំពាក់ នៅលើស្មាតហ្វូន កាលពីឆ្នាំ 2014 កន្លងទៅ ហើយក៏ មានបំពាក់លើ ទូរទស្សន៍ និង Monitor ចាប់តាំង ពីឆ្នាំ 2013 មកម្ល៉េះ ហើយអ្វីដែល គួរឲ្យកត់ សំគាល់នោះ គឺវាពុំសូវ ជាទទួលបាន ភាពជោគជ័យ អ្វីខ្លាំក្លា នោះទេ ហើយប្រិយមិត្ត ក៏ពុំចាំបាច់ ចំនាយថវិការ ជាវយកម៉ាស៊ីន បង្ហាញរូបភាព ក្នុងកម្រិត 2K នេះមក ប្រើប្រាស់ ដែរ។

  • កម្រិត Full Ultra HD ឬ 2016p

កម្រិត Resolution Ultra Full HD ឬ ជាទូទៅ យើងតែងតែ ហៅថា 4K នោះ ជាកម្រិតរូបភាព ល្អធំ ជាងគេមួយ ដែលវា គឺជា Resolution ទំហំ 1080p ចំនួន 4 ផ្គុំចូល គ្នាតែ 1 ដើម្បីបង្កើត បានជា កម្រិត 4K នេះឡើង។ កម្រិតរូបភាព ទំហំ 4K នេះ ត្រូវបានយក មកប្រើប្រាស់ ក្នុងការ ថតខ្សែ ភាពយន្តធំៗ ជាច្រើននា ពេលបច្ចុប្បន្ន ដោយវាមាន Ratio 16:9 និង 21:9 អាចចាប់យក រូបភាពបាន បរិវេណធំ ឈរលើខ្សែផ្ដេក ហេតុនេះ រាល់ Monitor ឬ ទូរទស្សន៍ កម្រិត 4K ភាគច្រើន វាតែងតែ មានអេក្រង់ ផ្នែកផ្ដេក មានទំហំធំ ជាជាង ផ្នែកបញ្ឈរ។

គួរបញ្ជាក់ផងដែរថាអេក្រង់កម្រិត 4K នេះចែក ចេញជា 2 ប្រភេទផ្សេង គ្នាគឺ DCI 4K ដែលជាទូទៅ ត្រូវបាន ផលិតកម្ម ថតខ្សែភាពយន្ត ធំៗលើ សកលលោក បានកំពុង ប្រើប្រាស់ កម្រិតរូបភាព មួយនេះ ក្នុងការថត រឿងមកចាក់ បញ្ចាំងក្នុង រោងភាពយន្ត ដោយវាមាន កម្រិតបង្ហាញ រូបភាពខ្ពស់ ដល់ទៅ 4096 x 2160p។ មួយផ្សេង ទៀតគឺ Ultra-High-Definition ជាកម្រិត រូបភាព បំបាក់នៅលើ ទូរទស្សន៍ ថ្លៃៗទំនើប ចុងក្រោយគេ ដែលមាន កម្រិតរូបភាព 4K មានវត្តមាន ក្នុងទីផ្សារ សព្វថ្ងៃ ដោយវា មាន Resolution 3840 x 2016p។ កម្រិត Resolution ទាំង 2 ប្រភេទ 2 មានភាព ខុសប្លែកគ្នា តិចតួចណាស់ ហើយបើមើល នឹងកែវភ្នែក ផ្ទាល់ក៏ពិបាក ក្នុងការ សន្និដ្ឋានអំពី គុណភាព និងភាព ខុសប្លែក គ្នាដែរ។

តើ​អេក្រង់​មាន​កម្រិត 720p, 1080p, 2K និង 4K ខុស​ប្លែក​គ្នា​អ្វីខ្លះ?

សរុបសេចក្ដីមក ភាពខុសប្លែកគ្នា រវាងកម្រិត រូបភាព 720p, 1080p, 2K និង 4K គឺស៊ីសង ទៅលើ ទំហំអេក្រង់ ផងដែរ បើទោះបី ជាកម្រិតរូបភាព មានទំហំធំ ដល់ទៅ 4K តែអេក្រង់ មានទំហំ តូចពេក ក៏រូបភាព បង្ហាញលើផ្ទៃ អេក្រង់ពុំ មានភាព ដិតច្បាស់ល្អ មដ្ឋរលោង នោះទេ។ ពិសេសការ មើលទៅលើ ផ្ទៃអេក្រង់ ក៏ផ្ដោតសំខាន់ ទៅលើរយៈ ចម្ងាយពីកែវភ្នែក របស់អ្នក ទស្សនា ទៅកាន់ផ្ទៃ អេក្រង់ទូរទស្សន៍ ផងដែរ បើមើល ជិតពេក ក៏មិនទទួល បានលទ្ធផលល្អ 100% ដែរ ព្រោះអេក្រង់ កាន់តែធំ អ្នកត្រូវមើល ពីចម្ងាយ ឲ្យបាន ត្រឹមត្រូវ តាមការ កំណត់។ ដើម្បីដឹងថា តើអ្នកគួរ មើលទូរទស្សន៍ ក៏ដូចជា Monitor ស្ថិតនៅ ចម្ងាយប៉ុន្មាន ពីអេក្រង់នោះ សូមចុចចូល ទៅកាន់ Link ខាងក្រោម ហើយជ្រើសរើស កម្រិត រូបភាពពី 480p ដល់ 4K បន្ទាប់មក ជ្រើសរើស ទំហំអេក្រង់ ឬចម្ងាយ ដើម្បីដឹង ច្បាស់ថា តើអ្នកគួរ មើលរយៈចម្ងាយ ប៉ុន្មានទើប សាកសម សម្រាប់កែវ ភ្នែកទាំង 2 ពីផ្ទៃអេក្រង់ ទាំងមូល។

ម្យ៉ាងវិញទៀតបើប្រិយមិត្តគ្រោង នឹងទិញ Monitor ឬទូរទស្សន៍ថ្មី យកមក ប្រើប្រាស់ ក្នុងផ្ទះ អ្វីដែល អ្នកគួរគិត ដល់មុន គេគឺមាន 3 ចំនុចធំៗគឺ៖

  1. ទំហំផ្ទៃអេក្រង់របស់ម៉ាស៊ីន
  2. រយៈចម្ងាយដែលអ្នកត្រូវ មើលទូរទស្សន៍ (គួរឆែក មើលផ្លង់ផ្ទះ របស់អ្នក ដែលត្រូវដាក់ ទូរទស្សន៍ មុននឹង សម្រេចចិត្តជាវ ឲ្យសមតាម ទំហំអេក្រង់)
  3. អ្វីដែលអ្នកនឹងមើលជាមួយម៉ាស៊ីនមួយនោះ? (បើអ្នកជា ម៉ាស៊ីនមាន កម្រិត 2K ឬ​ 4K តែអ្នក ពុំមានវីដេអូ កម្រិតខ្ពស់ ប្រើប្រាស់ នោះអ្នកនឹង ខាតបង់ ប្រយោជន៍ច្រើន)

តើ​អេក្រង់​មាន​កម្រិត 720p, 1080p, 2K និង 4K ខុស​ប្លែក​គ្នា​អ្វីខ្លះ?

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

តើ​អេក្រង់​មាន​កម្រិត 720p, 1080p, 2K និង 4K ខុស​ប្លែក​គ្នា​អ្វីខ្លះ?

  • ដោយ: Por
  • 4:09 PM, 22 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ