បុរស​ម្នាក់ ជាប់ចោទ​ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត ត្រូវ​ចាប់ខ្លួន​

បន្ទាយមានជ័យ: បុរស​ម្នាក់ ដែល​រង​ការចោទប្រកាន់​ពី​ស្ត្រី​ម្នាក់ ដែលជា​ប្រពន្ធ​ឥត​ខាន់ស្លា ក្នុង​រឿង​រំលោភសេចក្តីទុកចិត្ត ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ៩៩៩ ប្រចាំការ នៅ​តំបន់ ខ្លា​ងាប់ ចាប់​ឃាត់ខ្លួន កាល​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ខ្លា​ងាប់ ឃុំ ទួល​ពង្រ ស្រុក​ម៉ា​ឡាំ ខេត្តបន្ទាយមានជ័យ​។​
                
​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ មាស ចិន្តា ភេទ​ស្រី អាយុ ៤២​ឆ្នាំ រស់នៅក្នុង​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ចោទប្រកាន់ ទៅលើ​ឈ្មោះ ញឹម សុវណ្ណ​រិទ្ធី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​។ ស្ត្រី​ដើមបណ្តឹង និង​បុរស​ជាប់ចោទ ជា​ដៃគូ​ស្នេហា​នឹង​គ្នា​។​
                
​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ គឺ​នៅ​ឆ្នាំ​២០១៣ ឈ្មោះ ញឹម សុវណ្ណ​រិទ្ធី មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយនឹង​នាង ហើយក៏​បានរៀបចំ​សែនព្រេន ទៅតាម​ប្រពៃណី​ខ្មែរ បាន​គ្នា​ជា​ប្តី​ប្រពន្ធ​។ ក្រោយមកទៀត ដោយសារ​ស្រឡាញ់​ប្តី​ពេក ជនរងគ្រោះ បាន​ចងការ​លុយ​គេ ទៅ​ទិញ​រថយន្ត​ដឹកទំនិញ​បាន​មួយគ្រឿង ដើម្បី​ប្រកបមុខរបរ​រកស៊ី​។ ចាប់ពីពេលនោះ​មក ឈ្មោះ ញឹម សុវណ្ណ​រិទ្ធី មិនដែល​ចូល​ផ្ទះ​ទេ​។​

​ជនរងគ្រោះ បានបញ្ជាក់​ទៀតថា ថ្ងៃមួយ ប្តី​ខ្លួន​បាន​ចូល​ផ្ទះ ហើយដោយ​នាង ឈប់​ជឿទុកចិត្ត​លើ​ប្តី​ឥត​ខាន់ស្លា​នោះ ស្ត្រី​នោះ ក៏បាន​ទាមទារ យក​ឯកសារ និង​រថយន្ត មក​គ្រប់គ្រង​ខ្លួនឯង​វិញ ព្រោះ​សំអាងថា រថយន្ត​នោះ នាង​បាន​ចងការ​ប្រាក់​គេ យកមក​ទិញ​។ តែ​បុរស​នោះ មិន​ព្រម​ឲ្យ ដោយបាន​ធ្វើការ​អះអាង​ថា រថយន្ត​នោះ ដាក់ឈ្មោះ​ខ្លួន​។​

​ប្រពន្ធ​បានបញ្ជាក់​ទៀតថា មើលទៅ​ប្តី​កំហូច ចង់​បោកប្រាស់​ខ្លួន យក​រថយន្ត​ទៅ​លក់ យកលុយ​ចាយ​ម្នាក់ឯង នាង​ក៏បាន​រត់ ទៅ​ដាក់ពាក្យ​ប្តឹង នៅ​កងរាជអាវុធហត្ថ តែម្តង​។​

​លោក ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​របស់​កងរាជអាវុធហត្ថ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ បាន​នៅ​ចំណុច​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​

​លោក​ប៉េអឹម បន្តថា ឈ្មោះ ញឹម សុវណ្ណ​រិទ្ធី បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​ខុស ដូច​ការចោទប្រកាន់រ​បស់​ឈ្មោះ មាស ចិន្តា ពិតប្រាកដ​មែន​។ ដោយបាន​ចំលើយសារភាព​ពី​ជនសង្ស័យ​រួចមក កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ដាក់ទោស ទៅតាម​ផ្លូវច្បាប់​៕​

បុរស​ម្នាក់ ជាប់ចោទ​ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត ត្រូវ​ចាប់ខ្លួន​