លោក ហុង សុខហួរ ទទួលស្គាល់កំហុស ថាបានបង្ហោះ សន្ធិសញ្ញាព្រំដែនក្លែង តែអ្នកកាន់ផេកហ្វេសប៊ុក លោក សម រង្ស៊ី ជាអ្នកកាត់តបន្ថែម

ភ្នំពេញ៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី បានទទួលស្គាល់ថា ខ្លួនពិតជាបានបង្ហោះ សន្ធិសញ្ញាព្រំដែន កម្ពុជាវៀតណាម ចូលផេកហ្វេសប៊ុក (Page Facebok) ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិតប្រាកដមែន តែសិទ្ធិសញ្ញានេះ ត្រូវបានកាត់តបន្ថែម ដោយអ្នកកាន់ ផេកហ្វេសប៊ុក ឯកឧត្តម សម រង្ស៊ី ។

លោក ហុង សុខហួរ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ក្នុងនាមជាសាក្សី ឆ្លើយបំភ្លឺចំពោះការចោទប្រកាន់លើ ឯកឧត្តម សម រង្ស៊ី ដែលត្រូវតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងសន្ធិសញ្ញានេះ។ ការស៊ើបសួរ លោក ហុង សុខហួរ ត្រូវធ្វើឡើងជាអសាធារណៈ នៅចំពោះមុខ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បើតាមប្រភពច្បាស់ការបានបញ្ជាក់ថា លោក ហុង សុខហួរ បានសារភាពថា ពិតជាបានបង្ហោះ សន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ចូលផេកហ្វេសប៊ុក លោក សម រង្ស៊ី ប្រាកដមែន ប៉ុន្តែសន្ធិសញ្ញាទាំងនេះ ត្រូវបានអ្នកកាន់ផេកហ្វេសប៊ុករបស់ ឯកឧត្តម សម រង្ស៊ី ជាអ្នកកាត់ត បន្ថែមទៀត។

បើតាមការឲ្យដឹងរបស់ ជំនួយការផ្ទាល់លោក ហុង សុខហួរ ថា អ្នកកាន់ផេកហ្វេសប៊ុក របស់ឯកឧត្តម សម រង្ស៊ី មានឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា និង ឈ្មោះ អ៊ុង ជុងលាង ព្រមទាំងឯកឧត្តម សម រង្ស៊ី ផ្ទាល់ ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ព្រោះពួកគេ គេចខ្លួនទៅក្រៅប្រទេស។

លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ចំនួន ៣បទល្មើស ទី១.បទក្លែងឯកសារសាធារណៈ ទី២.បទប្រើប្រាស់ឯកសារក្លែងសាធារណៈ និងទី៣.បទញុះញង់បង្កឲ្យមានភាពវឹ កវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទំាង ៣បទល្មើសនេះ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា លោក ហុង សុខហួរ បានក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ បើតាមបទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី ៥ ទៅ ១០ ឆ្នាំ៕

លោក ហុង សុខហួរ ទទួលស្គាល់កំហុស ថាបានបង្ហោះ សន្ធិសញ្ញាព្រំដែនក្លែង តែអ្នកកាន់ផេកហ្វេសប៊ុក លោក សម រង្ស៊ី ជាអ្នកកាត់តបន្ថែម