ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមករា​ នេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័​ន្ទ​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត ​បាន​ប្រាប់​កោះសន្តិភាព​ថា ដោយ​បាន​ចម្លើយ​សារភាព​ខ្លះៗ​ពី​ជនសង្ស័យ​ឈ្មោះ ​ថន រ៉ាត់ ដែល​​​សមត្ថកិច្ច​​​​នគរ​បាល​ខេត្ត បាន​ឃាត់ខ្លួន​នាំ​មក​សាកសួរ​ ក្រោយ​ពី​កើតហេតុ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​​មក ​កម្លាំង​ការិយា​​ល័​យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​​​ខេត្ត បាន​សហការ​ជាមួយ​​​នគរបាល​រាជធានី​​ភ្នំពេញ​ (​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋបាល​ព្រែក​លៀប​) ​ទើប​​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​​ម្នាក់​ទៀត​ដែល​ជា​បក្ខពួក​ពាក់​ព័​ន្ឋ​ក្នុង​ករណី​រំលោភ​សម្លាប់​កុមារី​សិស្សសាលា​អាយុ​១៤​ឆ្នាំ កាលពី​វេលា​ម៉ោង​៧និង​​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ​ខែមករា​ ឆ្នាំ​២០១៦​ ​​កន្លង​មក​នេះ នៅ​ចំណុច​ពំនូក​ចំបើង​ក្នុង​ស្រែ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ត្រពាំង​គុយ ​ឃុំ​ល្បើក ស្រុក​ឈូក​ ​​។

លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត ​បាន​​បន្ត​​ថា ជន​ស​ង្ស័យ​​ដែល​បាន​រត់​​គេចខ្លួន​ មក​សម្ងំ​លាក់ពួន​​​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​​​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប​ ដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន​នេះ ​ឈ្មោះ​ ទូច ច​ន្ថា ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ​។​

លោក​បាន​បន្ត​ទៀត​ថា ជន​ស​ង្ស័យ​ឈ្មោះ​ ទូច ច​ន្ថា ​រូប​នេះ​​កម្លាំង​ទើប​​​តែ​​នាំ​ខ្លួន​មក​ដល់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ដូច្នេះ​​​នៅ​មិន​ទាន់​បាន​ចម្លើយ​ពី​ជនសង្ស័យ​​ម្នាក់​នេះ​នៅ​ឡើយ​ទេ រង់​ចាំ​​​ស្អែក​​ព្រឹក​ថ្ងៃ​​ទី​២៣ ​មករា ទើប​​​​សួរ​បន្ត​ទៀត ៕