របួសស្នាមផ្លូវចិត្ត ៥យ៉ាងក្នុងវ័យកុមារ ដែលមានឥទ្ធិពល មកលើអត្តចរិត នៅពេលធំពេញវ័យ

យើងទាំងអស់គ្នាសុទ្ធ តែធ្លាប់នៅជាកុមារ មុននឹងក្លាយមកជា មនុស្សពេញវ័យ។ បរិយាកាសគ្រួសារ ដែលយើងបានរស់នៅ ហើយនិងកុមារភាព របស់យើងម្នាក់ៗ មានឥទ្ធិពលខ្លាំងណាស់ មកលើជីវិតរបស់យើង។ ជាពិសេស វិបត្តិខាងផ្លូវចិត្តដែល យើងធ្លាប់បានឆ្លងកាត់ កាលពីនៅជាកុមារនោះ វាគឺជាកត្តាកំណត់អំពីរបៀបដែលយើងដោះស្រាយ បញ្ហានៅក្នុងជីវិត ហើយវាក៏គឺជាការដាក់ បណ្តាសាម្យ៉ាងដែរ មកលើគុណភាព នៃជីវិតរបស់យើង។

មានរបួសស្នាមធំៗ ៥យ៉ាង នៅក្នុងវ័យកុមារ ដែលមានឥទ្ធិពល ខ្លាំងណាស់មកលើជីវិត របស់យើងពេលពេញវ័យទៅ ក្នុងនោះរួមមាន៖

១- ការភ័យខ្លាចចំពោះ ការបោះបង់ចោល
ជនណាដែលបាន រងការបោះបង់ចោល កាលពីនៅជាកុមារ ដូចជាដោយឪពុកម្តាយជាដើម ដល់ពេលធំពេញវ័យទៅ ភ័យខ្លាចភាពឯកាខ្លាំងណាស់។ ដោយធ្លាប់ត្រូវបានគេបោះបង់ចោល ជននោះងាយនឹងដើរចេញ ឬចាកចោលដៃគូ ឬគម្រោងការណាមួយណាស់។ គេធ្វើបែបនេះគឺដើម្បី ការពារខ្លួនទុកជាមុន មុននឹងត្រូវអ្នកដទៃបោះបង់។

ការភ័យខ្លាចការបោះបង់នេះ បានដិតដាមនៅលើចិត្ត បុគ្គលនោះជារៀងរហូត ហើយបានកំណត់ ការប្រព្រឹត្តរបស់គេ នៅចំពោះមុខអ្នកដទៃ និងបញ្ហានៃជីវិត។ ដរាបណាគេនៅតែមានគំនិតថា នឹងត្រូវនៅតែម្នាក់ឯង ដរាបនោះរបួសស្នាម របស់គេមិនអាចសះ ជាបានឡើយ។

២- ការភ័យខ្លាចចំពោះការ "ទាត់ចោល" មិនទទួលស្គាល់
ការដែលត្រូវបានមាតាបិតា ឬអាណាព្យាបាលមិនទទួលស្គាល់ ពេលនៅពីក្មេង ធ្វើឱ្យបុគ្គលនោះ រងការឈឺចាប់រហូត ថារូបខ្លួននេះមិន សក្តិសមនឹងទទួលបាននូវការស្រលាញ់ថ្នាក់ថ្នមអ្វីទេ។ ដល់មានអារម្មណ៍បែបនោះទៅ គេក៏តាំងតែផ្តាច់ខ្លួនទៅរស់ នៅតែម្នាក់ឯងទៅ។ មនុស្សបែបនេះមិនសូវ ចង់មានទំនាក់ទំនងជាមួយនរណាទេ ក្រៅតែពីមនុស្សដែលបាន ស្គាល់បានយល់ចិត្តរបស់គេ។ គេច្រើនតែប្រថុយប្រថាន ធ្វើការសម្រេចចិត្តដោយខ្លួនគេ។

៣- ការប្រមាថ ធ្វើឱ្យអាម៉ាស់មុខ
មាតាបិតាដែលបន្តុះ បង្អាប់កូនខ្លួនឯងថាល្ងង់ ថាភ្លើដូចសត្វធាតុ មិនបានដឹងទេថា ការធ្វើដូច្នេះធ្វើឱ្យកូនបាត់បង់ អស់នូវការជឿជាក់លើខ្លួនឯង។ កូនៗគិតថាអ្វីដែលខ្លួនធ្វើមិនចេះត្រូវទេ រងការទិតៀន រហូត។ ដល់ពេលពេញវ័យទៅ គេត្រូវរស់នៅក្នុង អនិស្សរភាពរហូត គឺពឹងផ្អែកលើអ្នកដទៃ មិនដែលហ៊ានធ្វើការសម្រេចចិត្តដោយខ្លួនឯងទេ។ ជួនកាល គេអាចក្លាយទៅជាមាន លក្ខណៈអត្តទត្ថភាព ឬ ផ្តាច់ការទៅលើអ្នកដទៃ ដើម្បីការពារខ្លួនជាមុន។

៤- ការក្បត់ ឬភ័យខ្លាចមិនទុកចិត្ត
ជួនកាល មាតាបិតាឬអ្នកអាណា ព្យាបាលបានសន្យាថាឱ្យ ឬធ្វើអ្វីមួយឱ្យកូន ក៏ប៉ុន្តែមិនបានធ្វើតាម ការសន្យានោះទេ ធ្វើឱ្យកូនៗខកចិត្ត មានគំនិតថាត្រូវបានគេក្បត់ ឬក៏ថាខ្លួនមិនសក្តិសមនឹង ការសន្យាណាមួយទេ។ ការធ្វើបែបនេះធ្វើឱ្យកូន មានអត្តចរិតមាន ឧបាយបញ្ឆោត ដល់ពេលពេញវ័យទៅ ចង់តែគ្រង់គ្រងអ្វីៗឱ្យខាងតែបាន។ គេអាចនឹងមិនសូវចេះអត់ឱន ហើយអាចនឹងគ្មានសុជីវធម៌ក៏មាន។

៥- អយុត្តិធម៌
កុមារណាដែលមាន មាតាបិតាកាច ផ្តាច់ការ ចេះតែបង្ខំឱ្យកូនៗធ្វើហួស ពីសមត្ថភាពរបស់ខ្លួន កុមារនោះមានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាព ឥតប្រយោជន៍។

ដល់ពេលធំពេញវ័យទៅ បុគ្គលនោះច្រើនតែជាមនុស្សរឹង ចង់បានតែអំណាច ហ៊ានធ្វើការសម្រេចចិត្ត គ្មានកោតរអែង ហើយមិនសូវត្រូវ ការសណ្តាប់ធ្នាប់ ប្រណិតភាពអ្វីទេ។

ការយល់ដឹងអំពី របួសស្នាមខាងផ្លូវចិត្ត ទាំង៥យ៉ាងនេះ អាចជួយឱ្យយើងមាន អធ្យាស្រ័យល្អចំពោះ បុគ្គលមួយចំនួន ហើយក៏ជាសញ្ញាប្រាប់ ដល់មាតាបិតានិងអ្នកអាណាព្យាបាលទាំងឡាយ សូមយកចិត្តទុកដាក់នៅ ក្នុងការអប់រំកូនឱ្យបានល្អ កុំបីធ្វើតាមតែទំនើងចិត្តរបស់ខ្លួន៕

របួសស្នាមផ្លូវចិត្ត ៥យ៉ាងក្នុងវ័យកុមារ ដែលមានឥទ្ធិពល មកលើអត្តចរិត នៅពេលធំពេញវ័យ

ប្រភព៖ គេហទំព័រ www.health.com.kh