កម្ពុជានឹង ប្រារព្ធពិធី បុណ្យស្រូវអង្ករ ២០១៦ ថ្ងៃ២៤ មករា

ភ្នំពេញ៖ ពិធីបុណ្យស្រូវអង្ករកម្ពុជា ២០១៦ នឹងប្រារព្វធ្វើនៅ រសៀលថ្ងៃអាទិត្យទី ២៤ ខែមករា ឆ្នាំ ២០១៦នេះ នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង ១និង ០០រសៀល ដល់ម៉ោង ៥និង០០ល្ងាច ដែលនឹងបើកស្វាគមន៍ការចូលរួមដោយសេរី របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករ កម្ពុជានៅថ្ងៃទី២២ មករា នេះ បានឲ្យដឹងថា ពិធីបុណ្យស្រូវអង្ករកម្ពុជា ២០១៦ គឺជាផ្នែកមួយនៃវេទិកា ស្រូវអង្ករកម្ពុជាលើកទី ៥   ដែលរៀបចំឡើងដោយសហព័ន្ធ ស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា    (FASMEC) នៅថ្ងៃទី២៤ - ២៥ - ២៦ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ។

ក្នុងពិធី នេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងរៀបចំឲ្យមាន កម្មវិធីប្រកួតស្រូវ និងអង្ករល្អបំផុតប្រចាំប្រទេសកម្ពុជា ដែលអ្នកចូលរួមទាំងអស់នឹង ទទួលបាន អត្ថប្រយោជន៍ជាច្រើនដូចជា៖  ទស្សនាការប្រកួតស្រូវអង្ករល្អបំផុតប្រចាំប្រទេសកម្ពុជា ,  ទស្សនាការសម្តែងសិល្បៈ និងរបាំជាច្រើនប្រភេទទាក់ទង នឹងវិស័យស្រូវអង្ករ ,  ទស្សនាការប្រកួតមុខម្ហូប ដែលផលិតចេញពីអង្ករ , ភ្លក់មុខម្ហូបខ្មែរជាច្រើនមុខដោយសេរី និងដោយឥតគិតថ្លៃ , ចូលរួមទស្សនាការតាំងបង្ហាញអំពីខ្សែសង្វាក់ ផលិតកម្មស្រូវអង្ករទាំងមូល ,ទទួលបានចំណេះនិងបទពិសោធន៍ថ្មីៗក្នុងវិស័យ ស្រូវអង្ករនៅកម្ពុជា និង ជួបជាមួយអ្នកជំនាញការ និងអ្នករកស៊ីក្នុង វិស័យស្រូវអង្ករជាតិ និងអន្តរជាតិ៕