រដ្ឋាភិបាល​កម្ពុជា​គ្រោង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់​បន្ត​ទៅ​ប្រទេស​ហ្វីលីពីន

រដ្ឋាភិបាល​កម្ពុជា​គ្រោង​បញ្ជូន​ជនភៀសខ្លួន​ម៉ុងតាញ៉ា (Montagnard) ១៣​នាក់ ទៅ​ប្រទេស​ហ្វីលីពីន (Philippine) នៅ​ពេល​ឆាប់ៗ​ខាងមុខ ខណៈ​ពួកគេ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​បន្ត​ទៅ​កាន់​ប្រទេស​ទី​បី។

ទន្ទឹមគ្នា​នេះ ករណី​ជនជាតិ​ម៉ុងតាញ៉ា​ជិត​២០០​នាក់​ផ្សេងទៀត ដែល​រត់​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កំពុង​ពិនិត្យមើល​ពាក្យសុំ​សិទ្ធិ​ជា​ជនភៀសខ្លួន ដើម្បី​សម្ភាសន៍ និង​សម្រេច។

អង្គការ​សិទ្ធិមនុស្ស​មើល​ឃើញ​ថា នេះ​ជា​របត់​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គោរព​សិទ្ធិ​ជនភៀសខ្លួន ដែល​កំពុង​ជ្រកកោន​បណ្ដោះអាសន្ន​នៅ​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្ស​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​យកចិត្តទុកដាក់​លើ​សិទ្ធិ​ជនភៀសខ្លួន​មក​ជ្រកកោន​បណ្ដោះអាសន្ន​នៅ​កម្ពុជា​នៅ​ដើម​ឆ្នាំ​២០១៦​នេះ។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់​ដែល​ភៀសខ្លួន មកពី​ប្រទេស​វៀតណាម​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ត្រៀមខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ទី​៣ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​មិនទាន់​បញ្ជាក់​ថា នឹង​បញ្ជូន​ទៅ​ថ្ងៃ​ណា​ពិតប្រាកដ​ទេ។

លោក​បន្ត​ថា កន្លងមក​រដ្ឋាភិបាល​ក្រៅពី​បញ្ជូន​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ រដ្ឋាភិបាល​ហាក់​មិនសូវ​យកចិត្តទុកដាក់ ក្នុង​ការ​ផ្ដល់​ឲ្យ​ពួកគេ​បាន​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន ដើម្បី​បាន​ចេញ​ទៅ​ប្រទេស​ទី​៣​នោះ​ឡើយ៖ «អ៊ីចឹង​ឥឡូវ​ហ្នឹង​មាន​១៣​នាក់ ដែល​រដ្ឋាភិបាល​ប្រកាស​ថា ជា​ជនភៀសខ្លួន ហើយ​មានបំណង​នឹង​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​ក្នុង​ពេល​ឆាប់ អ៊ីចឹង​យើង​ឃើញ​ថា នេះ​ជា​សញ្ញាណ​មួយ​ហើយ​ក្នុងនាម​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​នៃ​ជនភៀសខ្លួន​នេះ»

ការសម្រេច​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ជាមួយ​អ្នកតំណាង​ប្រចាំ​តំបន់​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) កាលពី​ថ្ងៃ ២០ ខែ​មករា។

ម៉ុងតាញ៉ា​ទាំង​១៣​នោះ គឺ​បាន​ជ្រើសរើស​ក្នុងចំណោម ជនភៀសខ្លួន​មកពី​ប្រទេស​វៀតណាម ហើយ​កំពុង​ជ្រកកោន​បណ្ដោះអាសន្ន ប្រមាណ​ជិត​២​រយ​នាក់ ក្នុង​ប្រទេស​កម្ពុជា​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​នាំពាក្យ​នៃ​នាយកដ្ឋាន​ជនអន្តោប្រវេសន៍ លោក គឹម សារិន មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២១ មករា​ថា ក្នុង​ជំនួប​នោះ លោក​មិន​បាន​ដឹង​ខ្លឹមសារ​លំអិត​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា អ្នក​ទាំង​១៣​នាក់ ដែល​ត្រៀម​បញ្ជូន​បន្ត​ទៅ​ប្រទេស​ហ្វីលីពីន​នោះ ធ្លាប់​បាន​ទទួល​ការវាយតម្លៃ និង​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ៖ «ការ​ដែល​ដឹង​ថា អ្នក​ទាំង​១៣​នាក់​នោះ នឹង​បញ្ជូន​ទៅ​ប្រទេស​ជនភៀសខ្លួន​នោះ គឺ​ក្នុង​ជំនួប​សម្ដេច ក្រឡាហោម ជាមួយ​តំណាង​យូអិន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ ដែល​គាត់​សន្យា​នឹង​រក​កន្លែង​ជ្រកកោន​ឲ្យ​អ្នក​ទាំងនោះ​ប៉ុន្តែ​ដល់ពេល​គាត់​រក​មិនបាន​ចេះតែ​ជ្រកកោន​នៅ​ប្រ​ទេ​កម្ពុជា​អញ្ចឹង​ទៅ»

លោក​មិនទាន់​អាច​បញ្ជាក់​បាន​ថា​រហូត​មក​ដល់​ពេល​នេះ មាន​ជនភៀសខ្លួន​ម៉ុងតាញ៉ា​ប៉ុន្មាន​នាក់​ដែល កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ពីព្រោះ​ពួកគេ​មួយ​ចំនួន​បាន​ចូល​មក​កម្ពុជា​ដោយ​លួចលាក់ ហើយ​ខ្លះ​ត្រូវ​បញ្ជូន​ទៅវិញ​ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​អាច​បញ្ជាក់​ថា ជា​ជនភៀសខ្លួន។

តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥ ធ្លាប់​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៥ មក តំណាង​ប្រចាំ​តំបន់​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​សម្របសម្រួល​ឲ្យ​មានការ​វិលត្រឡប់​ដោយ​ស្ម័គ្រចិត្ត​របស់​ម៉ុងតាញ៉ា ពី​ភ្នំពេញ ទៅ​ប្រទេស​វៀតណាម ប្រមាណ ៥០​នាក់​ហើយ។ អ្នកស្រី​បន្ត​ថា ការ​វិល​ត្រឡប់​របស់​ម៉ុងតាញ៉ា​វៀតណាម នេះ​ក៏​ជា​ឱកាស​ផ្ដល់​ឲ្យ តំណាង​ប្រចាំ​តំបន់​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ចូល​ទៅ​ពិនិត្យមើល​ស្ថានភាព​ពួកគេ​ពេល​វិលត្រឡប់​ទៅវិញ​នេះ​ដែរ។

ចាប់ពី​ខែ​កក្កដា រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៥ មាន​ក្រុម​ម៉ុងតាញ៉ា ៥​ក្រុម មាន​គ្នា​សរុប​ជិត​១​រយ​នាក់ បាន​ស្ម័គ្រចិត្ត​វិលត្រឡប់ ទៅ​ប្រទេស​វៀតណាម​វិញ ក្នុង​នោះ​បី​ក្រុម​មាន​គ្នា ៤២​នាក់ ចាក​ចេញពី​ប្រទេស​ថៃ និង​បី​ក្រុម​ទៀត​មាន​គ្នា ៥២​នាក់ ចាក​ចេញពី​ក្រុងភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។