សហគមន៍​ដីធ្លី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក

ប្រជា​សហគមន៍ ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ក្រុងភ្នំពេញ ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២២ ខែ​មករា ដើម្បី​សុំ​អន្តរាគមន៍​ជាបន្ទាន់ ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដែល​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ដើម​សប្ដាហ៍​ក្រោយ។ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​វិវាទ​ដីធ្លី​គឺជា ប្រធាន​រឿង​ដែល​ពលរដ្ឋ​ទាំងនោះ ចង់​ឃើញ​ប្រមុខ​ការ​ទូត​អាមេរិក យក​ទៅ​ជជែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា អាមេរិក គ្មាន​សមត្ថកិច្ច​ត្រួតត្រា​កម្ពុជា​ឡើយ។

សម្រែក​ស្វែងរក​កិច្ច​អន្តរាគមន៍​របស់​ប្រជា​សហគមន៍​ដីធ្លី ពី​ប្រទេស​មហាអំណាច​នេះ គឺ​នៅ​បន្ទាប់ពី​ពួកគេ មើល​ឃើញ​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ស្ទើរ​គ្រប់​វិស័យ និង​បញ្ហា​ដីធ្លី នៅ​តែ​ញាំញី ក្នុង​សង្គម​កម្ពុជា។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី​ទេព វន្នី មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ និង​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។ ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា ពីរ​ថ្ងៃ​ចាប់ ពី​ទី​២៥​ដល់​២៦ ខែ​មករា​នោះ សហគមន៍​រងគ្រោះ​ដីធ្លី ទទូច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោកចន ឃែរី (John Kerry) ដាក់​សម្ពាធ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ព្រមទាំង​ឈប់​ប្រើ​កងកម្លាំង​ឲ្យ​បង្ក្រាប​អ្នក​តវ៉ា​អហិង្សា។ «»

ក្រោយ​ជួបជុំ​ស្រែក​រក​អន្តរាគមន៍​នោះ ស្ថានទូត​សហរដ្ឋអាមេរិក បាន​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ រងគ្រោះ​ដីធ្លី​ទាំងនោះ ហើយ​សន្យា​ថា នឹង​បញ្ជូន​ដល់ដៃ​លោក ចន ឃែរី។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍ នេះ គឺ​មិន​ចំ​ទិសដៅ​នៃ​ការ​ដោះស្រាយ​ឡើយ ព្រោះ​លោក ចន ឃែរី គ្មាន​ដែន​សមត្ថកិច្ច​ត្រួតត្រា​លើ រដ្ឋាភិបាល​កម្ពុជា​ឡើយ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា កើតឡើង​ពី​ការ​គាំទ្រ​ភាគច្រើន​នៃ ប្រជាពលរដ្ឋ​ខ្មែរ មិនមែន​បន្តុប​ឡើង​ដោយ​អាមេរិក​នោះ​ទេ។ ទន្ទឹមគ្នា​លោក ថា​រដ្ឋាភិបាល ក៏​កំពុង​តែ​បន្ត​ដោះស្រាយ បញ្ហា​ដីធ្លី​ដែល​នៅ​សេសសល់។ «»

ដោយឡែក តំណាង​សហគមន៍ ដីធ្លី អះអាង​ថា ការដែល​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស នេះ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា គ្មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ពួកគាត់​ដោយ​យុត្តិធម៌ និង​តម្លាភាព ហើយ​តែងតែ​យក​តុលាការ​ជា​ឧបករណ៍ និង​ប្រើ​កងកម្លាំង​ចម្រុះ​ចាប់ចង និង​បង្ក្រាប​អ្នក​តវ៉ា។

ជាក់ស្ដែង​ក្នុង​ពេល​ថ្មីៗ​នេះ សាលាក្រុង​ភ្នំពេញ និង​សាលា​ខណ្ឌ​ដូនពេញ ក៏បាន​បង្គាប់​ឲ្យ​ពលរដ្ឋ​បឹង កក់​បួន​គ្រួសារ រុះរើ​លំនៅឋាន​ថ្មី ក្នុង​រយៈពេល​១៥​ថ្ងៃ​ដោយ​ចោទ​ថា លួច​សង់​ចូល​ដី​សាលាក្រុង​។ បញ្ហា​ទាំងនេះ ដែល​ពលរដ្ឋ​ទាំងនោះ អះអាង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់ នៅ​ក្នុង​ភាព​ថ្លៃ ថ្នូរ។ លើស​ពី​នេះ​ទៀត ពួកគាត់​បាត់បង់​ការ​ងារ ទទួលរង​អំពើ​ហិង្សា ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ម្ដង​ហើយ​ម្ដង​ទៀត ចំណែក​កូន​ៗ​បាត់បង់​ការសិក្សា។

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិនបើ​កន្លង​មក​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដោយ​តម្លា ភាព និង​យុត្តិធម៌​នោះ គឺ​ប្រជាពលរដ្ឋ មិន​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ប្រទេស​មហាអំណាច​នោះ​ទេ។ «»

លោក សង្កេត​ឃើញ​ថា ឫសគល់​ដែល​មិន​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី និង​រំលោភ​សិទ្ធិមនុស្ស បាន​គឺ​ដោយសារ​កត្តា​បក្សពួក និង​ពុករលួយ​របស់​អាជ្ញាធរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។