ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ មេខ្លោង​ចោរប្លន់​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​រាត្រី ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ជនសង្ស័យ​ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បាន​បក្ខពួក​២​នាក់​កាលពី​យប់មិញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេខ្លោង​ចោរប្លន់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ស៊ឹ​ម រិ​ទ្ធី ជា​អ្នក​បើកហាង​បញ្ចាំ និង​ជួល​ធុងបាស់ ម៉ាស៊ីនភ្លើង ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​បក្ខពួក​២​នាក់​ទៀត​ដែល​ចាប់ខ្លួន​បាន​កាលពី​យប់មិញ ម្នាក់​ឈ្មោះ ជឿ ណា​រ៉ុ​ត ហៅ ខុ​ង អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គោក​បី​ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ វង្ស ដា​រ៉ា​វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ភូមិ​ព្រែក​ក្នង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ចាប់ខ្លួន​មេខ្លោង​ចោរប្លន់ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង មាន​ម៉ាក ហ្វី​ណូ​១​គ្រឿង​, PCX ១​គ្រឿង, ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ មួយ​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ៕