ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ បាន​ដាក់​ពាក្យបណ្ដឹង​ប្តឹង​ពី​ម្ចាស់​គណនី Facebook ឈ្មោះ Chham Chhany ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​មក​រា​នេះ​ថា «​ថ្ងៃនេះ ខ្ញុំ​បាន​ដាក់​ពា​ក្ស​បណ្តឹង​បុគ្គល​ម្នាក់​ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ដែល​បាន​ធ្វើការ​ប្រឌិត​ខុស​ពី​ការ​ពិត​ទាំងស្រុង ដែល​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ។​»

លោក​បាន​សរសេរនៅ​ក្នុង​ហ្វេស​ប៊ុន​របស់​លោក​​ទៀត​ថា «​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន​។ ប៉ុន្តែ​បុគ្គល​នីមួយ​ៗ​ក៏​ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រើប្រាស់​សិ​ទ្ទិ​របស់​ខ្លួន​ផង​ដែរ ដោយ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ត្រូវ​គោរព​យ៉ាង​ហោច​ណាស់​គោលការណ៍​សំខាន់​ពីរ​៖ ទី​១-​ការ​បញ្ចេញមតិ​ត្រូវ​ស្ថិត​ក្នុង​ព្រំដែន​ដែល​ច្បាប់​អនុញ្ញាតិ (​ដូច​ជា​មិន​អាច​ប្រមាថ​ជីវិត​អ្នក​ដ៏​ទៃ​តាម​ការ​គំរាម​សម្លាប់ ឬ​ញុះញង់​បង្ក​ហិង្សា​ក្នុង​សង្គម ។​ល​។​) និង ទី​២-​ការ​បញ្ចេញមតិ​មិន​ត្រូវ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​អ្នក​ដ៍ទៃ ក្នុង​ការ​រស់នៅ​ប្រកបដោយ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ (​ដូច​ជា​ចោទប្រកាន់ មួលបង្កាច់​ដោយ​គ្មាន​ការ​ពិត​ទៅ​លើ​បុគ្គល​ដ៍ទៃ​)​។ ក្នុង​ករណី​ដែល​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​បុគ្គល​ណាមួយ មិន​គោរព​តាម​គោលការណ៍​ទាំង​ពីរ​ខាងលើ បុគ្គល​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន​។​»

សូម​អាន​ខ្លឹមសារ​ដើម​ទាំងស្រុង នៃ ពាក្យបណ្ដឹង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ផ្ញើ​ជូន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ៖