ប្រទេស​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នកទោស​ចំនួន​១០២​នាក់​ ដោយ​រួម​មាន​ទាំង​អ្នកទោស​មនសិការ​ផង​ដែរ

ប្រទេស​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នកទោស​ចំនួន​១០២​នាក់​ ដោយ​រួម​មាន​ទាំង​អ្នកទោស​មនសិការ​ផង​ដែរ

លោកMin Min (រូប​ស្តាំ​ទី​ពីរ) សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អ្នក​ទោស​នយោបាយ​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាការ Insein ស្រែក​ពាក្យ​ស្លោក​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​សេសសល់​ទាំង​អស់​ នៅ​ក្នុង​ក្រុង​រ៉ុងហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។

រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​យោធា​របស់​មីយ៉ាន់ម៉ា​បាន​ដោះលែង​អ្នកទោស​ចំនួន​១០២​នាក់ ដោយ​រួម​មាន​ទាំង​អ្នកទោស​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពី​បទ​ចោទ​ពាក់ព័ន្ធ​នឹង​នយោបាយ នៅ​ក្នុង​ជំហាន​ទៅ​មុខ​មួយ​មុន​ពេល​ប្រគល់​អំណាច​ទៅ​ឲ្យ​គណបក្ស​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​នោះ។

អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​គេ​ដោះលែង​នៅ​ថ្ងៃ​សុក្រ​នេះ​ពី​ពន្ធនាគារ Insein ដែល​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​រ៉ុងហ្គូន (Yangon)។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប្រធានាធិបតី។ ក្រុម​មន្ត្រី​បាន​ថ្លែង​ថា យ៉ាង​ហោចណាស់​អ្នក​ជាប់​ឃុំ​ឃាំង​ចំនួន​២០​នាក់​ដែល​ត្រូវ​បាន​គេ​ដោះ​លែង​គឺ​ជា​អ្នកទោស​មនសិការ ខណៈ​ដែល​អ្នក​ទោស​ផ្សេង​ទៀត​គឺ​ជា​ឧក្រិដ្ឋជន​ទូទៅ។ ​

ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ក៏​មាន​ជនជាតិ New Zealand ម្នាក់​ឈ្មោះ Philip Blackwood អាយុ ៣២​ឆ្នាំ ដែល​ត្រូវ​បាន​គេ​កាត់​ទោស​កាល​ពី​ឆ្នាំ​មុន​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​កន្លះ​ ចំពោះ​ការ​ប្រើប្រាស់​រូបថត​របស់​ព្រះពុទ្ធ​នៅ​លើ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​មួយ​ ដែល​ចៅក្រម​បាន​ហៅ​ថា ជា​ការ​ប្រមាថ​ដល់​ព្រះ​ពុទ្ធ​សាសនា។ ​

ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ធ្វើ​កំណែ​ទម្រង់​ គឺ​លោក​ប្រធានាធិបតី Thein Sein រដ្ឋាភិបាល​របស់​មីយ៉ាន់ម៉ា​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង​១៣០០​នាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​នៅ​តែ​បន្ត​ចាប់​ខ្លួន​សកម្មជន​ និង​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នានា​ដាក់​ពន្ធនាគារ។ ​

មាន​អ្នកទោស​យ៉ាង​ហោច​ណាស់​ចំនួន​៥៣៧​នាក់​នៅ​ជាប់​ក្នុង​ពន្ធនាគារ​ពី​បទ​ចោទ​ពាក់​ព័ន្ធ​នឹង​នយោបាយ។ នេះ​បើ​យោង​តាម​អង្គការ​ការពារ​អ្នកទោស​នយោបាយ​ (Assistant Association for Political Prisoners)៕​