សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​កាត់បន្ថយ​ការ​ប្រើ​ថង់​ផ្លាស្ទិច

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ និង​ហាង​ទំនើប កាត់បន្ថយ​ការ​ប្រើ​ថង់​ផ្លាស្ទិច ដោយ​ងាយ​មក​ប្រើ​ថង់​បរិស្ថាន ឬ​ហៅថា​ថង់​ក្រដាស​វិញ ក្នុង​ន័យ​ការពារ​មិន​ឱ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន សុខភាព ការរស់នៅ​របស់​ប្រជាជន និង​កុំ​ឱ្យ​មាន​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី ការ​កសាង​គោលនយោបាយ និង​លិខិត​បទដ្ឋាន​សមស្រប​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លាស្ទិច នៅ​ថ្ងៃ​ទី ២២ មករា ក្រុងភ្នំពេញ។

ការសិក្សា​របស់​អង្គការ មូលនិធិ​អករា (ACRA Foundation) បង្ហាញ​ថា ការប្រើប្រាស់​ថង់​ផ្លា​ស្ទីក​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ខាតបង់​លុយ​ទៅលើ​កម្លាំង​ពលកម្ម​លើ​ថង់​ផ្លាស្ទិច។

កម្ពុជា​ត្រូវ​ចំណាយ​លុយ​ប្រចាំ​ឆ្នាំ​លើ​កម្មករ​សំអាត​ផ្លាស្ទិច ប្រមាណ​ជាង ១ពាន់​ដុល្លារ ក្នុង​ខេត្ត​ព្រះសីហនុ ៩ពាន់​ដុល្លារ នៅ​សៀមរាប និង​៩ពាន់​ដុល្លារ ក្នុង​ក្រុងភ្នំពេញ។

សាស្ត្រាចារ្យ និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ស្ពាន់ វិន និយាយ​ថា មាន​ថង់​ផ្លាស្ទិច​ប្រហែល ១០​លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​ប្រើ​ថង់​នេះ គឺ​ច្រើនជាង​១០​ដង​បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន។

លោក​បន្ត​ថា នៅ​កម្ពុជា​ការ​ប្រើ​ថង់​ផ្លាស្ទិច ត្រូវ​បាន​ផ្ដល់​ជូន​អតិថិជន​ដោយ​មិន​គិតលុយ និង​មាន​ប្រជាពលរដ្ឋ ហាក់​មិន​យល់​ពី​ផល​ប៉ះពាល់​របស់​ផ្លាស្ទិច​នោះ​ទេ។ តាម​ការស្រាវជ្រាវ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថង់​ផ្លាស្ទិច បង្ក​ការខាតបង់​ចំពោះ​សង្គម​បរិស្ថាន ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ទេសចរណ៍ និង​សុខភាព​មនុស្ស​សត្វ៖ «យើង​គួរ​តែ​មាន​យន្តការ និង​បទដ្ឋាន​ច្បាប់​ជាក់លាក់​ដើម្បី​អាច​កាត់បន្ថយ ការ​បង្កើត​ថង់​ផ្លាស្ទិច និង​លើកស្ទួយ​ការ​ប្រើ​ថង់​បរិស្ថាន ដើម្បី​ធានា​ថា ការកាត់បន្ថយ​ថង់​ផ្លាស្ទិច និង​កាត់បន្ថយ​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន និង​មាន​ប្រព័ន្ធ​អេកូឡូស៊ី»

របាយការណ៍​សង្ខេប កម្រាស់ ៧៩​ទំព័រ របស់​អង្គការ​អករា (ACRA Foundation) បង្ហាញ​ថា ថង់​ផ្លាស្ទិច​ត្រូវ​បាន​ប្រជាជន​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០។ ម្យ៉ាងវិញទៀត ដោយសារ​ថង់​ផ្លាស្ទិច​មាន​ភាព​ងាយស្រួល​ប្រើ ស្រាល និង​មិន​ជ្រាប​ទឹក ម្ល៉ោះហើយ​ការ​ប្រើ​ថង់​ផ្លាស្ទិច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​ដែរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ នៃ​ក្រសួងបរិស្ថាន លោក ហេង ណារ៉េត មាន​ប្រសាសន៍ថា ថង់​ផ្លាស្ទិច គឺជា​កត្តា​ចម្បង​នៃ​សំណល់​រាយប៉ាយ​នៅ​កម្ពុជា។

លោក​បន្ត បើ​ផ្នែក​តាម​ការសិក្សា​ថ្មី​នេះ បង្ហាញ​ថា ថង់​ផ្លាស្ទិច​បណ្ដាល​ឱ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរទឹក ក្លាយ​ជា​សំរាម​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ និង​ធ្វើ​ឱ្យ​ទីលាន​ចាក់សំរាម​ងាយ​ពេញ​យ៉ាង​ឆាប់រហ័ស៖ «យើង​ប្រើ​ពាក្យ​សំរាម និង​សំណល់​រឹង​តាមរយៈ​ការអនុវត្ត​កម្មវិធី ៣​អ៊ែរ។ កម្មវិធី​៣​អ៊ែរ​ហ្នឹង​មានន័យថា កាត់បន្ថយ​ការ​បង្កើត ការ​ប្រើ​ឡើងវិញ និង​ការ កែច្នៃ ឡើងវិញ​។ អ៊ីចឹង​ថង់​ផ្លាស្ទិច​ហ្នឹង ក៏​នៅ​ក្នុង​ផ្នែក​ហឹ្នង​ដែរ ព្រោះថា និយមន័យ​ពាក្យ​សំរាម និង​សំណល់​គឺ​គ្រប​ដណ្ដប់​ទាំង​ផ្លាស្ទិច​ហ្នឹងឯង​។ យើង​មាន​ហើយ​ផ្លូវច្បាប់​ក្នុង​ការ​ទប់ស្កាត់ តាមរយៈ​ការ​អនុវត្តន៍​កម្មវិធី​៣​អ៊ែរ»

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ឱ្យ​អនុវត្តន៍ អនុក្រឹត្យ​ស្ដីពី គ្រប់គ្រង​សំរាម​សំណល់​រឹង នៅ​ទីប្រជុំជន ដើម្បី​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លាស្ទិច។ អនុក្រឹត្យ​នេះ ប្រកាស​ឱ្យ​អនុវត្តន៍ តាំងពី​ខែ​សីហា ឆ្នាំ​២០១៥ ប៉ុន្តែ​រហូត​មក​ទល់នឹង​ពេលនេះ អនុក្រឹត្យ​គ្រប់គ្រង​សំរាម​សំណល់​រឹង នៅ​ទីប្រជុំជន​ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។